ព័ត៌មានអន្ដរជាតិ
កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិតព្រំដែន ថៃ
ការប្រយុទ្ធគ្នា និងការបំផ្ទុះគ្រាប់បែកនៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជិតព្រំដែនជាមួយស្រុក Sangkhla Buri នៃខេត្តភាគខាងលិចប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ ដោយបង្ខំឲ្យជនស៊ីវិលជាង ១០០ នាក់រត់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ។

កងកម្លាំងមិនស្គាល់មុខមីយ៉ាន់ម៉ាបានប្រើអាវុធធុនធ្ងន់ និងគ្រាប់បែកក្នុងការប្រយុទ្ធគ្នានៅកងវរសេនាតូចទី ២៨៥ របស់កងទ័ពមីយ៉ាន់ម៉ាក្នុងតំបន់ Payathonzu ភាគខាងត្បូងរដ្ឋ Kayin ដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្រពីព្រំដែន Phra Chedi Sam Ong របស់ថៃកាលពីវេលាម៉ោងប្រហែល ១២ និង ៤០ នាទីថ្ងៃត្រង់ ខណៈប្រភពពីព្រំដែនបានឲ្យដឹងថា ការប្រយុទ្ធគ្នា និងការបោកគ្រាប់បែកបណ្ដាលឲ្យមានផ្សែងហុយខ្មួលខ្មាញឡើងលើមេឃផងដែរ ។
ទន្ទឹមនោះ ការបាញ់តតាំងគ្នានេះក៏បង្ខំឲ្យអ្នកស្រុក Payathonzu ជាង ១០០ នាក់ រួមទាំងកុមារ និងមនុស្សចាស់ផងដែរនោះ រត់ឆ្លងព្រំដែនទៅជ្រកកោនលើដីថៃក្នុងភូមិ Phra Chedi Sam Ong Moo 9 ឃុំ Nong Lu ស្រុក Sangkhla Buri ខេត្ត Kanchanaburi ដោយសារតែការប្រយុទ្ធគ្នាបានអូសបន្លាយប្រហែល ៣០ ទៅ ៤០ នាទីឯណោះ មុនពេលមានការសម្រុះសម្រួលឲ្យឈប់បាញ់គ្នា ។
បន្ទាប់ពីការប្រយុទ្ធគ្នាបានផុតរលត់ អ្នកភូមិមួយចំនួនក៏បានវិលត្រឡប់ទៅតំបន់ Payathonzu វិញ ប៉ុន្តែសល់ប្រហែល ៤០ នាក់នៅតែបន្តស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយសារតែពួកគេមិនប្រាកដប្រជាពីសុខសុវត្ថិភាពនៅក្នុងតំបន់ ខណៈក្នុងការបាញ់បោះនោះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសនោះទេ ។

ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គ្រាមស៊ីវិល ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាបាននិងកំពុងប្រឈមបញ្ហាដ៏ធំបំផុត ពោលគឺកំពុងព្យាយាមតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខជាច្រើនដើម្បីទប់ទល់នឹងការបះបោរពីសំណាក់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


