ព័ត៌មានអន្ដរជាតិ
ស្លាប់៣៧នាក់ ព្រោះគ្រោះទឹកជំនន់ និងការហូរធ្លាក់កម្អែលភ្នំភ្លើងនៅឥណ្ឌូណេស៊ី
យ៉ាងហោចណាស់ មនុស្សចំនួន ៣៧នាក់ បានបាត់បង់ជីវិត បន្ទាប់ពីកើតមានគ្រោះទឹកជំនន់ និងការហូរធ្លាក់ភក់នៃកម្អែលភ្នំភ្លើង ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌូណេស៊ី។ ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់រាប់ម៉ោងជាប់គ្នា កាលពីថ្ងៃទីសៅរ៍ទី១១ ខែឧសភា ដែលបង្កឲ្យមានការបាក់ធ្លាក់ថ្ម ក៏ដូចជាការហូរនាំមកនូវកម្អែលភ្នំភ្លើងពីលើភ្នំ Marapi នៃកោះស៊ូម៉ាត្រា។

កម្អែលភ្នំភ្លើង បានធ្វើឲ្យស្រុកចំនួន២ ជន់លិច និងវិហារឥស្លាម បរិក្ខារសាធារណៈ ព្រមទាំងផ្ទះជាង១០០ខ្នងរងការខូចខាត។ បើតាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា តួលេខនៃអ្នកស្លាប់ អាចនឹងកើនឡើងបន្តទៀត ខណៈនៅមានមនុស្សចំនួន ១៨នាក់កំពុងបាត់ខ្លួន។
លោកស្រី Devina វ័យ៤៣ឆ្នាំ ដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិខាងលើ បានប្រាប់ថា គាត់បានឮសម្លេងខ្លាំងៗដូចជាផ្គរលាន់ និងសម្លេងដូចទឹកកំពុងពុះ ដែលសម្លេងទាំងនេះតាមពិតទៅជាសម្លេងនៃផ្ទាំងថ្មធំៗកំពុងរមៀលធ្លាក់ចុះពីលើភ្នំ Marapi បូករួមទាំងការហូរចុះនៃភក់កម្អែលភ្នំភ្លើង។ លោកស្រី Devina បានបន្តទៀតថា ផ្ទះអ្នកជិតខាងរបស់គាត់មួយខ្នង ត្រូវបានផ្ទាំងថ្មធំៗកិនចំពីលើតែម្ដង បណ្ដាលឲ្យមនុស្ស៤នាក់បានស្លាប់។ “វាងងឹតស្លប់តែម្ដង ដូច្នេះហើយខ្ញុំបានប្រើទូរសព្ទបើកពិលមើលឃើញផ្លូវសុទ្ធតែភក់ ហើយក៏ខ្ញុំបានបន់ស្រន់ព្រះឲ្យជួយម្ដងហើយម្ដងទៀត” នេះជាសម្ដីរបស់លោកស្រី Devina។

លោក Wengki Purwanto ប្រធានវេទិកាបរិស្ថានជាតិឥណ្ឌូណេស៊ី ប្រចាំសាខាកោះស៊ូម៉ាត្រាខាងលិច បានរៀបរាប់ថា គ្រោះធម្មជាតិនេះ ក៏មានចំណែកកើតឡើងបណ្ដាលមកពីសកម្មភាពមនុស្សផងដែរ។ លោកថា មូលហេតុគឺដោយសារតែការជីកយកធនធានធម្មជាតិច្រើនហួសប្រមាណ ព្រមទាំងការអភិវឌ្ឍមិនច្បាស់លាស់។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែចុងក្រោយ តំបន់នៅជុំវិញភ្នំ Marapi បានកើតមានគ្រោះធម្មជាតិប៉ុន្មានដងមកហើយ។ តួយ៉ាង ដូចពីដើមខែធ្នូ ឆ្នាំ២០២៣ មានអ្នកឡើងភ្នំចំនួន ២៣នាក់ បានបាត់បង់ជីវិត នៅពេលកើតមានបន្ទុះភ្នំភ្លើង ហើយនៅក្នុងខែកុម្ភៈ ឆ្នាំនេះ មានគ្រោះទឹកជំនន់បានបក់បោកកម្ទេចផ្ទះសម្បែងប្រជាជននៅក្នុងតំបន់ Tanah Datar។ បន្ថែមពីនេះ កាលពីខែមេសាមុន ក៏កើតមានបន្ទុះភ្នំភ្លើងផងដែរ ដែលបានព្រួសចេញជាពពកផេះធំៗលើមេឃ ស្ថិតនៅកម្ពស់២គីឡូម៉ែត្រពីដី។ ហេតុការណ៍នេះ បានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវខកខាន ផ្លូវថ្នល់ត្រូវបានបិទ ហើយមនុស្សជាង ១១ ០០០នាក់ ត្រូវជម្លៀសខ្លួន៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


