ព័ត៌មានអន្ដរជាតិ
ទុក្ខផ្ទួនៗ! ហ្វីលីពីន ត្រៀមជួបព្យុះទី៥ ក្នុងពេលមិនដល់១ខែផង
ហ្វីលីពីន បានចេញសេចក្ដីព្រមានថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ ខណៈព្យុះដ៏ខ្លាំងក្លាមួយ កំពុងធ្វើដំណើរជិតទៅដល់ទឹកដីរបស់ខ្លួន។ វាជាព្យុះទី៥ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងរយៈពេលត្រឹមតែជាង៣សប្ដាហ៍ប៉ុណ្ណោះ។

ព្យុះថ្មី មានឈ្មោះថា ព្យុះ យូសាជី (Usagi) ដែលអាចនឹងទៅដល់ភាគឦសាននៃប្រជុំកោះហ្វីលីពីន ក្នុងរយៈពេល២ថ្ងៃខាងមុខ។
ការព្រមានពីព្យុះ យូសាជី ធ្វើឡើងបន្ទាប់ពីព្យុះ តូរ៉ាជី (Toraji) បានថមថយឥទ្ធិពល ហើយបក់ទៅឆ្ងាយចេញពីប្រទេសហ្វីលីពីន។ មុនការទៅដល់នៃព្យុះ តូរ៉ាជី កាលពីថ្ងៃទី១១ខែវិច្ឆិកា ហ្វីលីពីនបានជម្លៀសខ្លួនប្រជាពលរដ្ឋជាង ៣២ ០០០នាក់ចេញពីតំបន់ងាយរងគ្រោះ ដែលស្ថិតនៅភាគខាងជើងប្រទេស។ ជាសំណាងល្អ ព្យុះនេះ មិនបណ្ដាលឲ្យមានការខូចខាតអ្វីធ្ងន់ធ្ងរឡើយ ហើយក៏ពុំមានរបាយការណ៍អំពីមនុស្សស្លាប់ផងដែរ។
យ៉ាងណាមិញ ព្យុះចំនួន៣លើកមុន ដូចជា ព្យុះ ត្រាមី (Trami) ព្យុះ យីនស៊ីង (Yinxing) និងព្យុះ កងរី (Kong-rey) បានបណ្ដាលឲ្យមនុស្សស្លាប់សរុបចំនួន ១៥៩នាក់។ តួលេខអ្នកស្លាប់ភាគច្រើនបង្កឡើងដោយព្យុះ ត្រាមី ដែលកាលណោះហ្វីលីពីនបានកើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីជាច្រើនកន្លែង។
ព្យុះថ្មី យូសាជី មានល្បឿន ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ទំនងជាអាចចាប់ផ្ដើមបក់បោកបង្កជារលកធំៗជាមុនសិននៅភាគឦសានប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១២។ យោងតាមការព្យាករ ព្យុះនេះនឹងវិវឌ្ឍខ្លួនទៅជាព្យុះទីហ្វុង ហើយវាយប្រហារហ្វីលីពីននៅថ្ងៃទី១៤វិច្ឆិកា។
បន្ទាប់ពីព្យុះ យូសាជី ទីភ្នាក់ងារឧតុនិយម បានឲ្យដឹងថា នៅសប្ដាហ៍ក្រោយ ហ្វីលីពីនអាចនឹងជួបប្រទះនឹងព្យុះថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា មែនយី (Man-yi)។ ព្យុះនេះ កំពុងស្ថិតនៅក្បែរប្រជុំកោះភាគខាងជើង Mariana។
ព្យុះធំៗប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពក្រីក្រ។
ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្រោះតែបម្រែបម្រួលអាកាសធាតុ បណ្ដុំព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែខិតទៅជិតឆ្នេរសមុទ្រ ដែលជាហេតុធ្វើឲ្យពួកវាមានឥទ្ធិពលកាន់តែខ្លាំង កាន់តែលឿន និងមានរយៈពេលយូរជាងមុន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


