ព័ត៌មានអន្ដរជាតិ
ស៊ុយអែតជួបរឿងអកុសលទៀតហើយ ព្រោះការបាញ់ប្រហារក្នុងសាលារៀនសម្លាប់មនុស្ស១០នាក់
មនុស្សយ៉ាងតិច១០នាក់ត្រូវបានសម្លាប់រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងផង នៅក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលអប់រំមួយនៅភាគខាងលិចប្រទេសស៊ុយអែត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ខែកុម្ភៈនេះ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានពណ៌នាអំពីការវាយប្រហារនៅសាលា Risbergska ក្នុងទីក្រុង Orebro ចម្ងាយ២០០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីស្តុកខុម (Stockholm) ថាវាជា«ការបាញ់ប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រស៊ុយអែត»។
ការបាញ់ប្រហារដ៏ធំនេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារវេលាម៉ោង ១២:៣៣ នាទីនៅមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យដែលបណ្ដុះបណ្ដាលអ្នកដែលមិនបានបញ្ចប់ការសិក្សានៅថ្នាក់បឋមសិក្សាឬអនុវិទ្យាល័យក្នុងទីក្រុង Orebro។
ប៉ូលិសបានរាយការណ៍បឋមថា មនុស្សយ៉ាងតិចប្រាំនាក់ត្រូវបានបាញ់សម្លាប់។ ប៉ុន្តែនៅក្នុងការធ្វើបច្ចុប្បន្នភាព (update) ប៉ុន្មានម៉ោងក្រោយមក មានមនុស្សប្រហែល១០នាក់ត្រូវបានសម្លាប់ តែមិនបានផ្តល់ចំនួនច្បាស់លាស់នោះទេ ហើយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗដែរ។
អ្នកនាំពាក្យមន្ទីរពេទ្យ បាននិយាយថា ក្នុងចំណោមអ្នករបួស៥នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Orebro ម្នាក់បានរងរបួសស្រាលខណៈដែល៤នាក់ត្រូវបានវះកាត់។
ក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងស្ថិតក្នុងចំណោមអ្នកស្លាប់និងបានធ្វើសកម្មភាពតែម្នាក់ឯង។ ករណីនេះមិនមានការសង្ស័យពាក់ព័ន្ធនឹង «អំពើភេរវកម្ម» នោះទេ ហើយឧប្បត្តិហេតុនេះស្ថិតនៅក្នុងបទល្មើសប៉ុនប៉ងមនុស្សឃាត និងបទល្មើសអាវុធដែលមានស្ថានទម្ងន់ទោសធ្ងន់។

ពាក់ព័ន្ធបញ្ហានេះព្រះមហាក្សត្រស៊ុយអែតព្រះអង្គម្ចាស់ Carl XVI Gustaf បានមានបន្ទូលនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទ្រង់បានទទួលព័ត៌មាននៃការបាញ់ប្រហារនេះ ហើយទ្រង់ចាត់ទុកថាជារឿងគួរឲ្យសោកស្ដាយបំផុត។ ទ្រង់មានបន្ទូលថា «យប់នេះ យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិនៃសព។ នៅពេលនេះ យើងក៏មានទុក្ខដូចអ្នកអ្នករងរបួស និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាអ្នកផ្សេងទៀតដែលរងផលប៉ះពាល់ផងដែរ»។
ប្រទេសស៊ុយអែតកំពុងប្រឈមនឹងកើនឡើងនៃការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកដែលបង្កឡើងដោយបញ្ហាឧក្រិដ្ឋកម្មរបស់ក្រុមប្រដាប់អាវុធ ប៉ុន្តែការវាយប្រហារដ៏សាហាវនៅសាលារៀនគឺកម្រណាស់។ យោងតាមក្រុមប្រឹក្សាជាតិស៊ុយអែតសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្មបានឱ្យដឹងថា មានតែមនុស្ស១០នាក់ប៉ុណ្ណោះត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាចំនួនប្រាំពីរនៅសាលារៀនរវាងឆ្នាំ ២០១០ និង ២០២២។
ទោះបីការវាយប្រហារនៅសាលាគឺជារឿងកម្រក្នុងប្រទេសស៊ុយអែត ប៉ុន្តែមានឧប្បត្តិហេតុធ្ងន់ធ្ងរជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅខែមីនា ឆ្នាំ ២០២២ សិស្សអាយុ១៨ឆ្នាំម្នាក់បានចាក់សម្លាប់គ្រូបង្រៀនពីរនាក់នៅវិទ្យាល័យមួយក្នុងទីក្រុង Malmo។
កាលពីពីរខែមុនក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានយកកាំបិតចាក់សិស្សម្នាក់ និងគ្រូបង្រៀនម្នាក់ទៀតរបួសនៅសាលាមួយក្នុងទីក្រុង Kristianstad៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


