ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចផ្ទុះឡើងគ្រប់ពេល
មិនត្រឹមការផ្ទុះអាវុធដាក់គ្នាទេ ឥណ្ឌានិងប៉ាគីស្ថានក៏កំពុងផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកផងដែរ ដោយភាគីទាំងពីរបានគំរាមគ្នាទៅវិញទៅមក ហើយនាពេលនេះ ទីក្រុងអ៊ីស្លាម៉ាបាដ ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចកើតឡើងគ្រប់ពេលវេលា។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រាប់ទៅទូរទស្សន៍ Geo News កាលពីរាត្រីថ្ងៃពុធទី៧ខែឧសភាថា «បើឥណ្ឌា បង្កាត់ភ្លើងសង្រ្គាមធំក្នុងតំបន់នេះមែន ហើយបង្កជាគ្រោះថ្នាក់នោះ សង្រ្គាមនុយក្លេអ៊ែរអាចផ្ទុះឡើងគ្រប់ពេល។ បើឥណ្ឌាបង្ករឿងកាន់តែធំ ឈានដល់ការបង្ខំឲ្យភាគីទាំងសងខាងនឹកដល់ការប្រើអាវុធនុយក្លេអ៊ែរនោះ ឥណ្ឌានឹងជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ»។
ការព្រមានរបស់លោក Asif កើតឡើងស្របពេលឥណ្ឌាក៏គំរាមដែរថា បើទីក្រុងអ៊ីស្លាម៉ាបាដ ហ៊ានសងសឹកចំពោះប្រតិបត្តិការ Sindoor វិញមែននោះ ទីក្រុងញូវដែលីនឹងបន្តបាញ់ថែមទៀត ដែលរឿងនេះធ្វើឲ្យពិភពលោកព្រួយកាន់តែខ្លាំងអំពីការរីកធំនៃសង្គ្រាមរវាងប្រទេសអាស៊ីខាងត្បូងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។

ក្នុងអំឡុងពេលថ្លែងទៅកាន់ប្រេសិតមកពី១៣ប្រទេស ដែលជួបប្រជុំគ្នាក្នុងទីក្រុងញូវដែលី រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri បញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌា មិនមែនជាការបញ្ឆេះជម្លោះអ្វីទេ ប៉ុន្តែគឺជាការឆ្លើយតបទៅអំពើភេរវកម្មដ៏សាហាវនៅតំបន់ Pahalgam ដែលផ្តាច់ជីវិតជនស៊ីវិលចំនួន២៦នាក់។ យ៉ាងណា បើប៉ាគីស្ថាន ពិតជាឆ្លើយតបវិញមែន ឥណ្ឌាក៏នឹងវាយបកដូចគ្នា។
ជុំវិញភាពតានតឹងដែលឈានដល់កម្រិតខ្ពស់គួរឲ្យបារម្ភនេះដែរ បណ្តាមេដឹកនាំពិភពលោក បានចេញការអំពាវនាវព្រោងព្រាតឲ្យភាគីទាំងសងខាងរក្សាភាពអត់ធ្មត់ឲ្យបានខ្លាំងបំផុត ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឯណោះប្រកាសសុំចូលខ្លួនដោះស្រាយជម្លោះ។

លោក ត្រាំ ថ្លែងចេញពីការិយាល័យរាងពងក្រពើថា «វាពិតជាអាក្រក់មែនទែន! ខ្ញុំមិនកាន់ជើងខាងណាទេ។ ខ្ញុំស្គាល់ភាគីទាំងពីរនេះច្បាស់ណាស់ ហើយខ្ញុំចង់ឃើញពួកគេធ្វើការជាមួយគ្នា។ ខ្ញុំចង់ឃើញពួកគេឈប់ ហើយសង្ឃឹមថាពួកគេអាចបញ្ឈប់វាឥឡូវនេះ។ ប្រសិនបើខ្ញុំអាចជួយបាន ខ្ញុំនឹងចូលខ្លួនទៅជួយ។ ឥណ្ឌានិងប៉ាគីស្ថាន ត្រូវតែធ្វើការដើម្បីបញ្ចប់វិបត្តិនេះដោយសន្តិវិធី»។
សូមជម្រាបជាថ្មី ប្រតិបត្តិការ «Sindoor» ត្រូវឥណ្ឌាអះអាងថា កំណត់គោលដៅលើជំរំភេរវករនៅទីតាំងចំនួន៩កន្លែង ប៉ុន្តែជាបែរជាសម្លាប់ជនស៊ីវិល៣១នាក់ទៅវិញ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។ ក្រោយមក ប៉ាគីស្ថាន ក៏គំរាមសងសឹកវិញ ដោយថានឹងវាយប្រហារទីតាំងឬពេលណាក៏បាន ស្រេចតែខ្លួនចង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌា ផ្តាំទៅប៉ាគីស្ថានវិញ! បើហ៊ានសងសឹក ខ្លួននឹងបាញ់ថែមទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


