ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលគំរាមឲ្យហាម៉ាសទទួលយកបទឈប់បាញ់ បើមិនចង់វិនាសខ្លួន
អ៊ីស្រាអែល បានធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ហាម៉ាស ដោយទាមទារឲ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ឬប្រឈមមុខនឹង «ការវិនាសខ្លួន»។ នេះជាសារដែលបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃសុក្រទី៣០ខែឧសភា។

ឱសានវាទនេះ ស្របនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជិតបានសម្រេចហើយ។
បទឈប់បាញ់ដែលបានស្នើឡើងដោយបេសកជនអាមេរិក Steve Witkoff រួមមាន ការបញ្ឈប់អរិភាពរយៈពេល ៦០ថ្ងៃ ការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១០នាក់ និងសាកសព ១៨នាក់ ជាថ្នូរនឹងការរំដោះអ្នកទោសប៉ាឡេស្ទីនចំនួន ១ ២៣៦នាក់ និងសាកសពចំនួន ១៨០នាក់។ លើសពីនេះទៀត ផែនការនេះរួមបញ្ចូលទាំងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់តំបន់ហ្គាហ្សា។
ខណៈដែលអ៊ីស្រាអែលបានយល់ព្រមលើសំណើនេះ ក្រុមហាម៉ាសកំពុងពិនិត្យមើលលក្ខខណ្ឌទាំងនោះ។ បើតាមសារព័ត៌មាន BBC មន្ត្រីក្រុមហាម៉ាស បានរិះគន់ផែនការនេះថាមិនបានដោះស្រាយការទាមទារសំខាន់ៗ ដូចជា បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ដោយបញ្ជាក់ថា ទម្រង់បច្ចុប្បន្ននឹងនាំទៅរក «ការបន្តនៃការសម្លាប់ និងទុរ្ភិក្ស» នៅក្នុងតំបន់។
ស្ថានការណ៍មនុស្សធម៌នៅហ្គាហ្សានៅតែអាក្រក់ ដោយអង្គការសហប្រជាជាតិបានព្រមានអំពីទុរ្ភិក្សរីករាលដាល និងកង្វះអាហារធ្ងន់ធ្ងរ។ ទោះបីជាមានការដកផ្នែកខ្លះនៃការបិទជំនួយក៏ដោយ កិច្ចខិតខំប្រឹងប្រែងចែកចាយនៅតែមានភាពវឹកវរ និងមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។
យោងតាមក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជិត ៤ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល ១០សប្តាហ៍កន្លងមកនេះ។ អង្គការសហប្រជាជាតិ និយាយថា មនុស្ស ៦០ម៉ឺននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅសាជាថ្មី ដោយប្រតិបត្តិការជើងគោកនិងបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ហើយរបាយការណ៍របស់ IPC គាំទ្រដោយអង្គការសហប្រជាជាតិ បានព្រមានថា មនុស្សប្រហែល ៥០ម៉ឺននាក់ប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានដ៏មហន្តរាយ នាប៉ុន្មានខែខាងមុខនេះ៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


