Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹង​ផ្ដល់ប្រាក់​៣០លាន​ដុល្លារ​​លើក​ដំបូង​សម្រាប់​ជំនួយ​មនុស្សធម៌​ GHF នៅ​តំបន់​ហ្គាហ្សា​

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​​នា​ថ្ងៃ​ទី​២៥​ខែ​មិថុនា​នេះ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters សហរដ្ឋអាមេរិកបានអនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ចំនួន​៣០​លានដុល្លារ ដល់មូលនិធិមនុស្សធម៌​​ហ្គាហ្សា (GHF) សម្រាប់​ការចែកចាយជំនួយ ដែ​ល​នេះ​គឺ​ជា​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុដំបូងរបស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​​មូលនិធិ​មួយ​នេះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ចិត្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​សេតវិមាន និង​បាន​អនុម័ត​តាម​រយៈ USAID ដែល​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​នៅ​ក្រោម​ក្រសួង​ការបរទេស។ ទឹក​ប្រាក់​៣០​លាន​ដុល្លារ​នេះ នឹង​ត្រូវ​បែងចែក​ដំបូង​ចំនួន​៧​លាន​ដុល្លារ​សម្រាប់​ជំនួយ​ភ្លាមៗ ខណៈ​ថវិកា​នៅ​សេសសល់​​នឹង​ត្រូវ​បែងចែក​បន្តិច​ម្ដងៗ​​ជា​រៀងរាល់ខែ។

GHF បាន​ចាប់​​ដៃគូជាមួយក្រុមហ៊ុនឯកជនយោធា និងភស្តុភារអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌នៅ​តំបន់​ហ្គាហ្សា ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស និង​ប្រទេស​អ៊ីស្រាអែល។

ចាប់តាំងពីអ៊ីស្រាអែលបានដកការបិទផ្លូវជំនួយរយៈពេល​១១​សប្តាហ៍លើតំបន់ហ្គាហ្សា​កាល​ពី​ថ្ងៃទី​១៩​ខែឧសភា ដែលអនុញ្ញាត​​ឲ្យ​មាន​ការចែកចាយ​​ជំនួយ​​មាន​កំណត់​របស់​អង្គការ​សហប្រជាជាតិឡើងវិញ ជនជាតិប៉ាឡេស្ទីនជាង​៤០០​នាក់ត្រូវបានសម្លាប់ខណៈ​កំពុង​ស្វែងរកជំនួយ​នៅ​ជិត​ទីតាំង​​ប្រតិបត្តិការ​របស់​ UN និង GHF។

មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ​​ម្នាក់​ លោក Jonathan Whittall បាននិយាយ​ថា «អ្នកស្លាប់និងរបួសភាគច្រើនត្រូវបានបាញ់ ឬ​ត្រូវ​គ្រាប់ផ្លោង ខណៈ​ព្យាយាមទៅដល់កន្លែងចែកចាយរបស់អាមេរិក-អ៊ីស្រាអែល ដោយចេតនា​នៅក្នុងតំបន់យោធា»។

លោក​បន្ថែម​​ថា «អ្នកផ្សេងទៀតត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានបាញ់ទៅលើក្រុម​មនុស្សប៉ាឡេស្ទីន ដែលកំពុងរង់ចាំអាហារនៅតាមផ្លូវ។ មនុស្ស​មួយ​ចំនួន​ក៏​ត្រូវ​បាន​សម្លាប់ ឬ​រង​របួស​ដោយ​ក្រុម​ប្រដាប់​អាវុធ​ផង​ដែរ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម