Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីពឹង​ចិន ឲ្យ​ជួយសម្រុក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​គ្រីមៀរដែល​ខ្លួន​កាន់កាប់

បានផុស

នៅ

អាជ្ញាធរដែលចាត់តាំងដោយរុស្ស៊ីនៅ​តំបន់​គ្រីមៀរ បាន​អញ្ជើញក្រុមហ៊ុនចិន​​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​សំណង់យក្ស CSCEC ផងដែរ ដើម្បី​ជួយ​អភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងឧបទ្វីបដែល​ខ្លួន​ដណ្ដើម​កាន់កាប់​ពី​អ៊ុយក្រែន។ នេះបើយោងតាម​ការ​ឲ្យ​ដឹង​ពី​​ទីភ្នាក់ងារ​ចារកម្ម​​អ៊ុយក្រែន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ជាច្រើន​របស់​អ៊ុយក្រែន បង្ហាញថា អភិបាល​​ក្រុង​គ្រីមៀរ លោក Sergei Aksyonov របស់​រុស្ស៊ី កំពុងស្វែងរកភាពជាដៃគូសម្រាប់ការអភិវឌ្ឍ​សំខាន់ៗចំនួនពីរ ដូចជា៖

  • ការពង្រីកកំពង់ផែ​សមុទ្រ Kerch ដែលជាមជ្ឈមណ្ឌល​ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម និងយោធា។
  • ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹង Donuzlav ដែល​ជា​មូលដ្ឋានទ័ពជើងទឹករុស្ស៊ី។

គម្រោង​ទាំង​នេះ​ អាច​មាន​ការ​វិនិយោគប្រមាណ ១០​ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ ដោយ​បង្កើនសមត្ថភាពដឹកជញ្ជូន និងកំពង់ផែ។ បច្ចុប្បន្ន ការ​អញ្ជើញ​ក្រុម​ហ៊ុន​ចិន​ឲ្យ​ត្រួត​ពិនិត្យ និង​ដាក់​ដេញ​ថ្លៃ​គម្រោង កំពុង​រៀបចំ​រួចរាល់​ហើយ។

ការចូលរួមរបស់ចិន គូសបញ្ជាក់ពីរបៀបដែលរុស្ស៊ីបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយទីក្រុងប៉េកាំង ដោយប្រើប្រាស់ជំនាញ និងការវិនិយោគរបស់ចិន ចំពេលមានការដាក់ទណ្ឌកម្មពីលោកខាងលិច។ នៅក្រោមផ្ទាំងបដានៃ«ភាពជាដៃគូយុទ្ធសាស្ត្រ»​របស់រុស្ស៊ី-ចិន ទីក្រុងប៉េកាំងធ្លាប់​បានផ្តល់​រួច​មក​ហើយ​នូវ​ខ្សែថាមពល​ក្រោមច្រកសមុទ្រ Kerch និងគ្រឿងចក្រសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹក​ដី​អ៊ុយក្រែនដែល​រុស្ស៊ី​កាន់កាប់។

សូម​បញ្ជាក់​ថា គ្រីមៀរ​ គឺជាឧបទ្វីបដែលមានទីតាំងយុទ្ធសាស្ត្រនៅក្នុងសមុទ្រខ្មៅ ហើយ​ធ្លាប់​ជាផ្នែក​មួយ​របស់អ៊ុយក្រែន។ ក្នុង​​ឆ្នាំ​២០១៤ រុស្ស៊ី​​បាន​កាត់​​បញ្ចូល​តំបន់​គ្រីមៀរ​ជា​ទឹក​ដី​របស់​ខ្លួន ដែល​ចំណាត់ការនេះ​ធ្វើ​ឡើង​តាម​រយៈ​ការបោះឆ្នោតប្រជាមតិ​ដ៏​ចម្រូងចម្រាស់​មួយ។ រុស្ស៊ី​អះអាងថា ប្រជាជន​គ្រីមៀរ​បានបោះឆ្នោត​​សុំ​​ចូលរួមជាមួយ​ប្រទេស​រុស្ស៊ី ទោះបីជាការបោះឆ្នោតនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំង​ដោយអ៊ុយក្រែន និងសហគមន៍អន្តរជាតិថាខុសច្បាប់ និងស្ថិតនៅក្រោមការ​លុកលុយ​​​ពី​យោធាក៏ដោយ។

ចាប់តាំងពីពេលនោះមក រុស្ស៊ីបានរក្សាការគ្រប់គ្រង​តំបន់​​គ្រីមៀរ ឯ​អ៊ុយក្រែន និង​បណ្ដា​ប្រទេស​ជាច្រើន​បន្តទទួលស្គាល់ថាជា វា​​នៅ​តែ​ជា​ទឹកដី​​អ៊ុយក្រែន​ ​ដែល​គ្រាន់​តែ​​កំពុង​ស្ថិត​​ក្រោមការ​លុកលុយ​បណ្តោះអាសន្ន​ប៉ុណ្ណោះ។ ការ​កាត់​បញ្ចូល​គ្រីមៀរ​ បាន​ធ្វើ​ឲ្យ​រុស្ស៊ី​​រង​​ទណ្ឌកម្ម​អន្តរជាតិ និង​បង្កើន​ភាព​តានតឹង​​យ៉ាង​ខ្លាំង​​ជាមួយ​​លោកខាងលិច៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម