ព័ត៌មានអន្ដរជាតិ
អ្នកជិតខាងកម្ពុជាទាំង៣ សុទ្ធតែរងគ្រោះធ្ងន់ធ្ងរនិងលិចលង់ ដោយសារឥទ្ធិពលព្យុះ Kajiki
ព្យុះសង្ឃរា Kajiki បានបញ្ចេញឥទ្ធិពលបោកបក់ខ្លាំងលើតំបន់អាស៊ីអាគ្នេយ៍ដោយវាយប្រហារប្រទេសជិតខាងកម្ពុជាទាំង៣ ដូចជាថៃ ឡាវ និងវៀតណាម ខណៈកម្ពុជា រងគ្រោះតិចតួចប៉ុណ្ណោះ។

ក្នុងនោះវៀតណាមជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយព្យុះ Kajiki បានសម្លាប់មនុស្សចំនួន៣នាក់និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស។
ដងផ្លូវក្នុងទីក្រុងហាណូយ ត្រូវលិចលង់ប្រៀបបាននឹងទន្លេ បង្កការរាំងស្ទះដល់ការធ្វើដំណើរ បង្ខំឲ្យមនុស្សត្រូវជិះទូកតាមផ្លូវ។

នៅភាគខាងជើងនិងកណ្តាលប្រទេសនេះ ជាកន្លែងរងគ្រោះខ្លាំងបំផុត ដោយឥទ្ធពិលព្យុះបង្កជាភ្លៀងធ្លាក់រយៈពេល១០ម៉ោង និងបំផ្លាញផ្ទះសម្បែងជាង ៦ ៨០០ខ្នង។
ខេត្ត Ha Tinh គឺស្ថិតចំផ្លូវព្យុះតែម្តង ដោយទីនោះកម្លាំងខ្យល់បក់ ១១៨គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបំប៉ើងដំបូលផ្ទះជាង ៦ ៣០០ខ្នង, ទឹកជំនន់ជន់លិចផ្ទះ ១ ១០០ខ្នង, ដើមឈើបាក់សង្កត់យានយន្តនិងស្រែជិត ២១ ០០០ហិកតា ត្រូវបំផ្លាញ។

នៅ Thanh Hoa ភ្លៀងធ្លាក់ខ្លាំងឥតឈប់ បានជន់លិចផ្ទះប្រហែល ១ ៩០០ខ្នង ខណៈព្យុះក៏បង្កការបាក់ដីកម្ពស់២៥ម៉ែត្រនៅតាមបណ្តោយច្រាំងទន្លេ Chu ផងដែរ។
មិនត្រឹមប៉ុណ្ណឹង ព្យុះទីហ្វុងបានរំខានដល់ការដឹកជញ្ជូន ដោយជើងហោះហើរចំនួន៣០ត្រូវប្តូរទិសនិង៣៥ត្រូវលុបចោល ខណៈអាកាសយានដ្ឋាន Dong Hoi និង Tho Xuan នៅ Quang Tri និង Thanh Hoa បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ រីឯរថភ្លើងដឹកអ្នកដំណើរចំនួនបីខ្សែដែលឆ្លងកាត់ភាគកណ្តាលប្រទេសវៀតណាមក៏ត្រូវផ្អាកដែរ។

នៅថៃ ព្យុះ Kajiki បានវាយប្រហារខេត្តចំនួន៥៨ នៅភាគខាងជើង ឦសាន កណ្តាល និងខាងត្បូង បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ បំណាក់ដី និងបាតុភូតរន្ទះបាញ់។
លើសពីនេះ ឥទ្ធិពលរបស់វា បានបង្កជាគ្រោះទឹកជំនន់ ជន់លិចឧទ្យានជាតិ Namtok Phliu នៅក្នុងខេត្ត Chanthaburi ដែលជាខេត្តព្រំដែនជាប់ខេត្តប៉ៃលិននិងបាត់ដំបង របស់កម្ពុជា ទៀតផង ហើយតំបន់ខ្លះ ក៏ត្រូវបិទសាលាជាបន្ទាន់ដែរ ព្រោះតែស្ថានភាពអាសន្ន។

នៅខេត្ត Loei, ព្យុះ Kajiki បានបង្កជាទឹកជំនន់ ជន់លិចធ្ងន់ធ្ងរ ខណៈទឹកទន្លេ Man និង Hueang ហក់ឡើងខ្ពស់ ធ្វើឲ្យពលរដ្ឋរស់នៅសហគមន៍តាមដងទន្លេត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺស្រុក Na Haeo និង Dan Sai ដោយនៅទីនោះតំបន់ខ្លះត្រូវទឹកជន់លិច ជម្រៅត្រឹមចង្កេះ កាត់ផ្តាច់ផ្លូវ រំខានដល់ការធ្វើដំណើរនិងដឹកជញ្ជូន។

រីឯនៅខេត្ត Mae Hong Son, ភ្លៀងធ្លាក់យ៉ាងគំហុក ក៏បង្កជាជំនន់ផងដែរក្នុងតំបន់មួយចំនួនដោយជន់លិចដីស្រែចម្ការ ថែមទាំងកាត់ផ្តាច់ផ្លូវធ្វើដំណើរទៀតផង។
ស្រុក Mae Sariang ជាកន្លែងរងគ្រោះជាងគេ ព្រោះទឹកជំនន់ក៏លិចផ្ទះសម្បែងពលរដ្ឋផងដែរ ខណៈអាជ្ញាធរចេញការព្រមានឲ្យប្រុងប្រយ័ត្នចំពោះគ្រោះបំណាក់ដី និងលំហូរភក់ចុះពីភ្នំ។

ងាកទៅមើលប្រទេសឡាវវិញ ជំនន់រហ័សៗបានវាយប្រហារភូមិ Sivilay ក្នុងស្រុក Xaibouathong ខេត្ដ Khammouane បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់ច្រើនថ្ងៃ បណ្តាលមកពីព្យុះ Kajiki។ ទឹកជំនន់បានជន់លិចផ្ទះសម្បែង និងផ្លូវថ្នល់ ជាពិសេសនៅតំបន់ទំនាប។
ចំណែកនៅខេត្ត Bolikhamxay, ទឹកជំនន់ក្នុងភូមិ Vang Ko ស្រុក Khamkeut បានលិចស្ពានក្នុងមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋមិនអាចឆ្លងកាត់បាន។
ទីក្រុងវៀងចន្ទន៍ ក៏ទទួលឥទ្ធិពលនៃព្យុះនេះដែរ ដោយអាជ្ញាធរព្រមានថា ភ្លៀងធ្លាក់រឹតខ្លាំងថែមទៀតអាចបង្កើនហានិភ័យនៃទឹកជំនន់ជាបន្ត។
សរុបសេចក្តីមក មានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលសុខសាន្ត រួចផុតពីការវាយប្រហារដោយព្យុះនេះ ទាំងដែលអ្នកស្ថិតនៅជាប់ភូមិផងរបងទាំង៣ កំពុងរងទុក្ខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ នៅទល់ដែនឡាវ លិចលង់ធ្ងន់ធ្ងរ ដោយសារឥទ្ធិពលព្យុះ Takiji
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



