ព័ត៌មានអន្ដរជាតិ
សាលក្រមតុលាការធម្មនុញ្ញថៃថ្ងៃនេះ កំណត់វាសនានយោបាយថៃទៅអនាគត
ពេលវេលារំកិលទៅមុខកាន់តែកៀកទៅរកការប្រកាសសាលក្រមជាផ្លូវការរបស់តុលាការធម្មនុញ្ញថៃដែលមានសមាជិកចំនួន៩រូប។ សាលក្រមនេះនឹងកំណត់ជោគវាសនានយោបាយថៃ និងការកែទម្រង់ស្ថាប័នរាជបល្ល័ង្កថៃដែលធ្លាប់តែមានឥទ្ធិពលនិងអំណាចយាយី ធ្វើទុក្ខបុកម្នេញរដ្ឋាភិបាលស៊ីវិលដែលទទួលបានការគាំទ្រពីប្រជាជនថៃ។

ថ្វីត្បិតតែសាលក្រមនៅថ្ងៃនេះគឺជាការបិទផ្លូវតវ៉ាសម្រាប់រឿងក្តីនយោបាយដ៏ល្បីបំផុតជាប់ពាក់ព័ន្ធអ្នកនយោបាយមកពីត្រកូលថាក់ស៊ីន និងមានជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំកម្ពុជាផងដែរនោះ ក៏មានការវិភាគខ្លះលើកឡើងថា ដំណោះស្រាយនយោបាយថៃបានធ្វើឡើងនៅមុននេះ និងស្តែងឲ្យឃើញតាមរយៈសាលក្រមតុលាការព្រហ្មទណ្ឌដែលទម្លាក់ការចោទប្រកាន់ប្រឆាំងលោកថាក់ស៊ីន ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រក្នុងមាត្រា១១២ ដែលតែងតែយាយីអ្នកនយោបាយសេរីនិយម និងអ្នកកែទម្រង់។
ប្រជាជនកម្ពុជា និងប្រជាជនថៃ បានប្រើប្រាស់បណ្តាញសង្គមសម្រាប់ការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការរឿងក្តីនយោបាយដ៏កក្រើកមួយនេះ។ សំណុំរឿងក្តីនយោបាយដែលបានលេចរូបរាងឡើងជិត២ខែ ពោលគឺចាប់ពីថ្ងៃទី១ខែកក្កដា រហូតដល់ថ្ងៃទី២៩ខែសីហានេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងមិនត្រឹមតែក្នុងចំណោមអ្នកនយោបាយកំពូលៗទាំងពីរប្រទេសប៉ុណ្ណោះទេ សូម្បីតែប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងនិន្នាការនៃប្រទេសទាំងពីរក៏បានតាមដានដោយយកចិត្តទុកដាក់។
សំណុំរឿងចោទប្រកាន់ប្រឆាំងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានក្លាយជារឿងក្តីនយោបាយទទួលបានការចាប់អារម្មណ៍បំផុតពីសំណាក់ប្រជាជនទាំងពីរប្រទេសនិងរាលដាលដល់ពាសពេញពិភពលោក ដោយសារតែរឿងក្តីនេះជាប់ពាក់ព័ន្ធរវាងថ្នាក់ដឹកនាំរបស់ប្រទេសថៃ និងប្រទេសកម្ពុជា។ លើសពីនេះ ក្នុងអន្តរកាលនៃសំណុំរឿងក្តីនេះ ក៏មានការផ្ទុះអាវុធដ៏សាហាវបំផុតរវាងប្រទេសថៃនិងកម្ពុជានៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រឈមនឹងភាគខាងកើតនៃប្រទេសថៃ។

ដើមហេតុនៃបណ្តឹងប្រឆាំងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយសារតែសមាជិកព្រឹទ្ធសភាចំនួន៣៦រូប បានរួមគ្នាប្តឹងចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រី ថា បានរំលោភបំពានក្រមរដ្ឋធម្មនុញ្ញ ដោយសារតែលោកស្រីនាយករដ្ឋមន្ត្រី បាននិយាយទូរស័ព្ទចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពីការបើកនិងបិទច្រកទ្វារព្រំដែន។
បើទោះបីជាអ្នកនយោបាយថៃបានផ្សារភ្ជាប់រឿងនេះជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីបង្កហេតុបង្កើនជម្លោះនៅព្រំដែន ថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិ បានមើលឃើញច្បាស់ថា ជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃទៅវិញទេ ដែលនាំទៅដល់អស្ថេរភាពនយោបាយក្នុងប្រទេសថៃ និង ការប្រជែងអំណាចរវាងក្រុមដឹកនាំរដ្ឋាភិបាលស៊ីវិល និងក្រុមយោធាដែលមានព្រះមហាក្សត្រជាខ្នងបង្អែក។
ការប្រជែងអំណាចរបស់ពួកគេ បានស្តែងយ៉ាងច្បាស់តាមរយៈមេបញ្ជាការភូមិភាគ២ថៃ លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ជាតួអង្គបង្កហេតុខ្លាំងបំផុតក្នុងជម្លោះព្រំដែនជាមួយកម្ពុជា មិនបានស្តាប់និងទទួលយកការសម្រេចចិត្តនិងដំណោះស្រាយរបស់រដ្ឋាភិបាលស៊ីវិលនោះទេ។ ផ្ទុយទៅវិញ ក្រុមយោធាបានធ្វើសកម្មភាពផ្ទុយពីការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ីវិល ហើយធ្វើសកម្មភាពបង្កហេតុម្តងហើយម្តងទៀត រហូតដល់មានការផ្ទុះអាវុធទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃ៥យប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដា ដែលសម្លាប់ទាហានរាប់សិបនាក់ទាំងសងខាងនិង បណ្តាលឲ្យមានជនភៀសសឹករាប់សែននាក់ទាំងសងខាង។
ខណៈសាលក្រមរបស់តុលាការធម្មនុញ្ញក្នុងសំណុំរឿងចោទប្រកាន់ប្រឆាំងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងប្រកាសជាផ្លូវការនៅម៉ោង៣រសៀលថ្ងៃសុក្រនេះ មានការវាយតម្លៃមួយចំនួនបានអះអាងថា លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ មានភាគរយខ្ពស់អាចរួចផុតពីការចោទប្រកាន់ទម្លាក់អំណាចនេះ បើមិនដូច្នោះទេ វិបត្តិនយោបាយរបស់ប្រទេសថៃអាចនឹងអូសបន្លាយពេលវេលាយូរបន្ថែមទៀត។
ទោះបីជាមានការសម្រេចតាមរយៈសាលក្រមនៅថ្ងៃនេះ មានការវិភាគខ្លះថា ដំណោះស្រាយនយោបាយរបស់ប្រទេសបានរកឃើញរួចទៅហើយ នៅពេលដែលតុលាការព្រហ្មទណ្ឌរបស់ថៃបានទម្លាក់ការចោទប្រកាន់ប្រឆាំងលោកថាក់ស៊ីណាវ៉ាត្រក្នុងសំណុំរឿងប្រមាថមហាក្សត្រ កាលថ្ងៃទី២២ខែសីហា ដែលជាការបើកផ្លូវឲ្យមានកំណែទម្រង់នយោបាយដ៏ធំនៅក្នុងប្រទេសថៃ។
ការកែទម្រង់នយោបាយនៅថៃគឺ ការកែទម្រង់ស្ថាប័នមហាក្សត្រថៃតែម្តង ដែលមជ្ឈដ្ឋានអ្នកវិភាគមើលឃើញថា ស្ថាប័នស្តេចថៃបានប្រើប្រាស់ឥទ្ធិពលនិងអំណាចដើម្បីបំបិទសិទ្ធិនយោបាយរបស់អ្នកនយោបាយប្រជាធិបតេយ្យដែលកើតចេញពីការបោះឆ្នោត។
ចាប់តាំងពីឆ្នាំ២០០៦មក ក្រោយទម្លាក់លោកថាក់ស៊ីនចេញពីអំណាចដោយការធ្វើរដ្ឋប្រហារ តុលាការធម្មនុញ្ញថៃដែលស្ថិតនៅក្រោមអំណាចយោធា បានរំលាយគណបក្សរហូតដល់៣៦ ក្រោមហេតុផលប៉ះពាល់ដល់ព្រះមហាក្សត្រថៃ និង ការរំលោភអំណាចជាដើម៕
រ៉ាន់ រើយ
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


