Connect with us

KPT+

បទយកការណ៍៖ ហេតុអ្វី នារីសម័យថ្មី ចូលចិត្ត ផ្សងព្រេង គេងព្រៃ ឡើងភ្នំ?

បានផុស

នៅ

គ្រាន់តែឡើងអគារខ្ពស់ក្នុងម្លប់តាមជណ្ដើរជើង ក៏មនុស្សយើងភាគច្រើននិយាយថា ហត់ ពិបាក ឬ រោយជើងដែរ។ ចុះទម្រាំតែត្រូវយួរស្ពាយរបស់របរធ្ងន់ជាប់ខ្លួនសឹង១ថ្ងៃពេញ ហើយដើរព្រៃគ្មានផ្លូវរាបស្មើ ឡើងភ្នំគ្មានជណ្ដើរ ត្រូវតោងវល្លិ៍ ឈ្មុសឈ្មុលកាត់ព្រៃ ស្មៅ បន្លារ ប្រឈមសត្វធាតុនានាទៀតនោះ តើលំបាកយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ ទើបគេគិតថា មានតែបុរសទេ ដែលអាចទៅពុះពារការលំបាកៗទាំងនោះ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺដំណើរឡើងភ្នំ ដេកព្រៃនេះ ត្រូវបានទទួលការពេញនិយមពី យុវតី ផងដែរ។

ហេតុអ្វី នារីសម័យថ្មី ចូលចិត្ត និងហ៊ាន ផ្សងព្រេង គេងព្រៃ ឡើងភ្នំ? តើនាង ជួបហេតុការណ៍អ្វីខ្លះ?

យុវតី សម្ដីស្រាល មុខរួសរាយរាក់ទាក់ មួយរូប បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងបានដើរព្រៃលើកដំបូងនៅក្នុងឆ្នាំ២០១៩ តាមរយៈក្រុមទេសចរណ៍។ កាលនោះទៅតំបន់អារ៉ែង ហើយនឹងបានឡើងភ្នំម្រេចកង្កែប បោះតង់នៅលើនោះ។ នាងទៅកាលនោះ ព្រោះចង់ស្គាល់តំបន់អារ៉ែង ដោយសារតំបន់នោះល្បីយូរហើយ។

កញ្ញា អ៊ុក បញ្ញា ស្រដីថា៖ “ខ្ញុំធ្លាប់ដើរព្រៃឡើងភ្នំបានច្រើនកន្លែងដែរ មានដូចជាភ្នំម្រេចកង្កែប ខ្នងផ្សារ ភ្នំត្បែងនៅព្រះវិហារ ភ្នំឱរ៉ាល់ ភ្នំព្រះនៅវាលវែង ភ្នំថ្មចាំង ខ្នងក្រពើ និងឆាយយោង។ កន្លែងខ្លះ ទៅមួយយប់ពីរថ្ងៃ កន្លែងខ្លះទៅពីរយប់បីថ្ងៃ ហើយកន្លែងខ្លះបីយប់បីថ្ងៃ ទៅតាមចម្ងាយជិត ឬឆ្ងាយ”។

យុវតី វ័យជាង ២០ឆ្នាំ រូបនេះបញ្ជាក់ថា ការដើរព្រៃមិនមែនជាការងាយស្រួលទេ ព្រោះទាមទារឱ្យយើងតស៊ូអត់ធ្មត់ ហើយចំណាយកម្លាំងច្រើនក្នុងការឡើង ការដើរផ្លូវវែងឆ្ងាយ ហើយលំបាកទៀត សរុបមកគឺត្រូវតែប្រយ័ត្ន និងបត់បែនគ្រប់ជំហាន គ្រប់កាលៈទេស។

បញ្ញា និយាយបន្តថា៖ “បទពិសោធន៍ល្អដែលបានជួបនៅពេលដើរព្រៃ គឺបានមើលទេសភាពព្រៃឈើព្រៃ ភ្នំស្អាតៗ វាលស្មៅល្វឹងល្វើយ ទឹកជ្រោះ ទឹកអូរ ជ្រលងភ្នំដងអូរ និងសត្វព្រៃជាដើម ។ល។ បន្ថែមពីហ្នឹងគឺស្គាល់រាប់អានមិត្តភក្តិថ្មីៗថែមទៀត ការចេះជួយយកអាសារគ្នា ការចែករំលែក ឬក៏អាចហៅថា រួមសុខទុក្ខសប្បាយរីករាយជាមួយគ្នាជាមួយនឹងធម្មជាតិ។ មួយវិញទៀតការដើរព្រៃ ធ្វើឱ្យខ្ញុំចេះពីរបៀបដើរព្រៃថា ត្រូវរៀបចំអ្វីខ្លះមុនចេញដំណើរ”។

កញ្ញា អ៊ុក បញ្ញា បានឱ្យដឹងថា នៅលើកក្រោយ នាងចង់ឡើងភ្នំសំកុស និងភ្នំទំព័រដែលកម្រិតនៃការឡើងលំបាកជាងមុន។ មូលហេតុដែលនាងចង់ទៅ ដោយសារភ្នំទាំងពីរនេះគឺភ្នំខ្ពស់ជាងគេ បន្ទាប់ពីភ្នំឱរ៉ាល់ ព្រោះនាងចង់បានបទពិសោធន៍ឡើងភ្នំដែលខ្ពស់ៗជាងគេនៅកម្ពុជា។

ចំណែកយុវតី វ័យជាង ២០ឆ្នាំ មួយរូបទៀត បានឱ្យដឹងថា នាងដើរព្រៃលើកដំបូងបង្អស់នៅក្នុងឆ្នាំ២០២២នេះ តាមរយៈការរៀបចំដោយក្រុមទេសចរណ៍ គឺនៅខ្នងភ្នំក្រពើ និងទឹកជ្រោះឆាយយោង ដោយសារនាងចង់ឃើញទេសភាពស្រស់ស្អាតនៅទីនោះ។

កញ្ញា ខាត់ សិរីវុធ បាននិយាយបន្តថា៖ “ខ្ញុំមិនធ្លាប់បានទៅដើរព្រៃឡើងភ្នំទេពីមុនមក ឃើញគេ និងមិត្តភក្ដិទៅបាន ខ្ញុំក៏សាកល្បង ចង់ទៅដូចគេដែរ។ ការដើរភ្នំវាពិតជាពិបាកមែន តែខ្ញុំចូលចិត្ត ព្រោះខ្ញុំចង់ចំណាយពេលជាមួយធម្មជាតិ និងទទួលបានឣារម្មណ៍ស្រស់ស្រាយ ហើយស្គាល់មនុស្សថ្មីៗ”។

ទាក់ទងនឹងសុវត្ថិភាពខ្លួនជាស្រី សិរីរុធ លើកឡើងថា៖ “សុវត្ថិភាពផ្ទាល់់ខ្លួនមិនគួរឱ្យបារម្ភទេ ព្រោះខ្ញុំទៅជាមួយមិត្តស្រីស្គាល់គ្នាស្រាប់ គេងតង់ជាមួយគ្នា ហើយបើយើងទៅតែស្រីម្នាក់ឯង ក៏ក្រុមដើរព្រៃរៀបចំមិនឱ្យយើងគេងជាមួយប្រុសដែរ។ តែពេលដើរព្រៃ ពួកយើងហាក់ដូចជាបងប្អូនស្គាល់គ្នាពីយូរអ៊ីចឹង។ យើងចែករំលែក ជួយគ្នា និងលេងសើចជាមួយគ្នាដោយស្មោះសរ”។

កញ្ញា សិរីវុធ មិនទាន់ដឹងថានឹងត្រូវទៅណាទៀតទេនៅលើកក្រោយ តែនាងចង់ទៅកន្លែងណាដែលពិបាកទៅជាងមុនបន្ថែមទៀត ព្រោះនាងចង់ចំណាយពេល សម្រាក និងស្រស់ស្រាយជាមួយធម្មជាតិ។

ពិតមែនហើយ ព្រៃភ្នំ ជាតំបន់ពោរពេញដោយរុក្ខជាតិ ព្រៃឈើ ជាជម្រកហ្វូងសត្វនានា ដែលមិនសូវមានប្រជាពលរដ្ឋប្រមូលផ្ដុំរស់នៅ។

កញ្ញា ប៉ី បានឱ្យដឹងថា នាងឡើងភ្នំដំបូងនៅ Bangli-Songan ប្រទេស ឥណ្ឌូនេស៊ី ចំណែកភ្នំនៅក្នុងស្រុកខ្មែរដំបូង គឺខ្នងផ្សារ នៅពេលនាងឯកាខ្លាំងបំផុស កាលឆ្នាំ ២០១៨។ ពេលបានឡើងភ្នំ នាងហាក់បីដូចជាកំពុងមានទំនាក់ទំនងជាមួយនឹងធម្មជាតិ មានអារម្មណ៍ថា មិនឯកា។

កញ្ញា ប៉ី និយាយថា៖ “ការដើរព្រៃ រឺឡើងភ្នំ ខ្ញុំធ្លាប់បាន ៤ដងហើយ ១. ភ្នំ Bangli-Songan ២. ភ្នំខ្នងផ្សារ ៣. ឱរ៉ាល់ ៤. ភ្នំខ្នងក្រពើ ឆាយយ៉ោង។ សម្រាប់នៅស្រុកខ្មែរ ទៅច្រើនថ្ងៃបំផុតចាប់ពី ៤ ថ្ងៃចុះក្រោម។ ការដើរព្រៃ តាមបទពិសោធន៍ដែលខ្ញុំបានជួបរឿងល្អនោះគឺ បានសម្រាកពីការឈឺចាប់មួយចំនួន ឃើញទេសភាពធម្មជាតិ និងសំឡេងស្ងប់ស្ងាត់ ជាពិសេសបានជួប និងរាប់អានមនុស្សថ្មី”។

យុវតី វ័យជាង ២០ឆ្នាំ រូបនេះ បានឱ្យដឹងថា ឧបសគ្គសម្រាប់មនុស្សស្រីរាងពិបាកបន្តិច ជាពិសេសសុខភាពប្រចាំខែរបស់ស្រ្តីចំពេលឡើងភ្នំ និងការជួបសត្វទាក។ ទោះយ៉ាងណា នាងមិនបានបោះបង់ ព្រោះមានការតាំងចិត្ត។ លើកក្រោយ នាងចង់ទៅកន្លែងថ្មីៗ និងមិនសូវមានមនុស្សបានទៅដល់ ទោះកម្រិតលំបាកបែបណាក៏បាន។

កញ្ញា ប៉ី បានលើកឡើងថា៖ “សម្រាប់បងប្អូនដែលចូលចិត្តដើរព្រៃ សូមចូលរួមជួយ និថែរក្សាបរិស្ថាន និងបងប្អូនមិនចូលចិត្តដើរព្រៃ គួរតែសាក រឺចូលរួមដើរព្រៃដើម្បីជាបទសោធន៍សម្រាប់ជីវិតខ្លួនឯង ក៏ដូចជាការចូលរួមការពារធម្មជាតិ និងជួយជីវភាពប្រជាជនសហគមន៍យើងដែរ”។

មែនហើយ ព្រៃភ្នំ មិនមែនគ្រាន់តែជាទីឆ្ងាយពីផ្ទះទេ គឺថែមទាំងមិនមានផ្សារ ឬតូបលក់ទំនិញ ដែលយើងអាចយក ឬទិញអ្វីតាមតម្រូវការ បើទោះជាមានលុយច្រើនក្ដី។

ប្រជាសហគមន៍ និងជាអ្នកនាំភ្ញៀវដើរព្រៃ ឡើងភ្នំ លោក ព្រំ ជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើមឡើយ លោកជាកសិករ និងទើបបន្ថែមរបរថ្មីជាអ្នកនាំភ្ញៀវឡើងភ្នំនៅដើមឆ្នាំ ២០២០ ខណៈមានភ្ញៀវទេសចរផុស​ផុល​​ទៅកម្សាន្តនៅតំបន់ ខ្នងផ្សារ ខ្នងក្រពើ ជួរភ្នំក្រវ៉ាញ។

និយាយដោយញញឹមញញែមតិចៗ លោក ព្រំ ជ័យ បានឱ្យដឹងថា ប៉ុន្មានឆ្នាំនេះ អ្នកនិយមដើរព្រៃកើនច្រើន ក្នុងនោះក៏មាននារីវ័យក្មេង ដែលមានមកជាក្រុមមិត្តភក្ដិ ក្រុមគ្រួសារ ឬក្រុមហ៊ុនក៏មាន ដែលមានទាំងអ្នកដើរនៅដើមសប្ដាហ៍ និងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាក មានចាប់ពីរយៈពេលពី ២ថ្ងៃ មួយយប់ ឡើងដល់ ៥ថ្ងៃ ឬមួយអាទិត្យពេញក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ព្រំ ជ័យ បានឱ្យដឹងបន្ថែមថា៖ “ភ្ញៀវស្រីៗខ្លះ ស្ពាយរបស់របរខ្លួនឯង ហើយខ្លះ ជួលឱ្យពួកខ្ញុំនៅសហគមន៍ជួយស្ពាយឱ្យ ពេលឡើងភ្នំ។ កន្លែងណាប្រុសៗទៅបាន ទោះលំបាកទៅក៏ដោយ ក៏ពួកស្រីអាចទៅបានដែរ ដូចអត់ដែលឃើញមានអ្នកណាខ្លាច ឬនៅចាំកន្លែង មិនទៅទេ។ ស្រីៗខ្លះ ជួយបេះសត្វទាក ឱ្យប្រុសៗទៀត ក៏មាន”។

ទោះការដើរ និងស្នាក់ក្នុងព្រៃមានភាពលំបាកច្រើន ក៏ពិតមែន ប៉ុន្តែ លោក ព្រំ ជ័យ បានឱ្យដឹងថា ភ្ញៀវស្រីដែលលោកធ្លាប់ជួប គឺមិនដែលលឺភ្ញៀវណានិយាយថា ពួកគេរាងចាល ឬឈប់ លែងមកព្រៃទៀតនោះទេ មានតែលឺពួកគេសួរគ្នាថា លើកក្រោយទៅណាទៀត។ ពេលបានលឺបែបនេះ លោកមានភាពរីករាយ ព្រោះភ្ញៀវពេញចិត្តសេវារបស់លោក និងមានសង្ឃឹមបានចំណូលពីរបរនេះបន្តទៀត ដើម្បីជួយផ្គត់ផ្គង់ដោះស្រាយជីវភាពគ្រួសារ។

យើងសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសកំលុងសាកលលោកជួបវិបត្តិកូវីដ-១៩ និងមានការរឹតបន្តិចការចេញចូលបរទេសនោះ គោលដៅទេសចរណ៍នៅតំបន់ព្រៃភ្នំ នៃសហគមន៍អេកូទេសចរណ៍ បាន និងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ រួមទាំងនារីដែរ ដើរកម្សាន្តឥតដាច់ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ នារីខ្មែរតាំងពីបុរាណកាល មានភាពទន់ភ្លន់ តែមិនទន់ជ្រាយ រឹងមាំម៉ឺងម៉ាត់ រហូតអាចចេញច្បាំងតតាំងបច្ចាមិត្តការពារទឹកដីថែមទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម