KPT+
ផលិតករភាពយន្ត “ខោល” បកស្រាយរឿង សំលៀកបំពាក់បុរាណខ្មែរ ចម្លងតាមថៃ
លោក ខាំ ភូរិ ជាអ្នកនិពន្ធ និងដឹកនាំភាពយន្តភាគទូរទស្សន៍ រឿង “ខោល” នៅរសៀលថ្ងៃនេះ បានចេញមុខបកស្រាយរឿងមានមតិមហោជនខ្លះលើកឡើងថា សំលៀកបំពាក់បុរាណក្នុង រឿង “ខោល” ចម្លងតាមភាពយន្តថៃ។

លោក ខាំ ភូរិ លើកឡើងថាជាដំបូង លោកសូមអរគុណដល់បងប្អូនទស្សនិកជនដែលបានបកស្រាយ ឬឆ្លើយតបចំពោះបងប្អូនមួយចំនួនដែលបានរិះគន់រឿងការស្លៀកពាក់របស់តូអង្គក្នុងរឿងខោល ជំនួសលោក។ លោកបានអានដោយយកចិត្តទុកដាក់នូវ ការបញ្ចេញមតិលើបណ្ដាញសង្គម (Comment) ដោយពាក្យរិះគន់នានា ហើយលោកអានផងដែរចំពោះការបកស្រាយរបស់បងប្អូនដែលមានចំណេះជំនាញផ្នែកនេះ។


លោក ខាំ ភូរិ បន្តថា៖ “តាំងពីការចាប់ផ្តើមដំបូង ខ្ញុំបានតាំងចិត្តដោយស្មោះថា នឹងព្រមធ្វើអ្វីៗគ្រប់យ៉ាង លះបង់ឱកាសការងារល្អៗជាច្រើនក្រៅពីសិល្បៈ ដើម្បីដើរតាមក្តីស្រមៃ និងឆន្ទៈផ្ទាល់ខ្លួន។ កាលពីឆ្នាំ២០១៧ ពេលដែលរឿងបុរាណខ្មែរមិនសូវមានស្ថានីយទូរទស្សន៍នានាចាប់អារម្មណ៍ផលិត ខ្ញុំក៏ចាប់ផ្តើមបំផុសស្មារតីជាតិនិយមឡើង ក្នុងគោលបំណង កៀងគរផលិតករដែលមានស្នាដៃ មានលទ្ធភាព នាំគ្នាមកចាប់អារម្មណ៍លើរឿងបុរាណជាថ្មីឡើងវិញ”។

អ្នកនិពន្ធ និងដឹកនាំរឿង រូបនេះ បន្តទៀតថា រយៈពេលជាងពីរឆ្នាំ លោកបានសុំជួបលោកគ្រូ អ្នកគ្រូ រៀមច្បង ប្អូនៗដែលមានចំណេះជំនាញផ្នែកនេះ សិក្សាផ្ទាំងគំនូរតាមវត្តអារាមចាស់ៗមួយចំនួន សិក្សាតាមឯកសារចាស់ៗ ស្រាវជ្រាវលើរូបថតសម្លៀកបំពាក់ជាង ១០០ ឆ្នាំមុន និងវេបសាយបរទេសមួយចំនួនផងដែរ។

លោក ខាំ ភូរិ បញ្ជាក់បន្តថា៖ “មកដល់ពេលនេះ ខ្ញុំមានសៀវភៅជាភាសាខ្មែរ និងបរទេសរាប់រយក្បាលនៅក្នុងដៃ ទោះមិនមានជំនាញ និងភាសា តែខ្ញុំបានវិភាគ និងជ្រើសរើសចំណុចរួមមួយក្នុងការសម្រេចដើម្បីរំលេចទម្រង់សម្លៀកបំពាក់ ទំនៀមទំលាប់ សិល្បៈប្រពៃណី មួយចំនួននៅក្នុងភាពយន្តភាគបុរាណដំបូងរបស់ខ្ញុំបាទ និងបានរាប់វាជាជំហានដំបូង ជំហានចាប់ផ្តើមរៀនដើរ និងត្រូវពុះពារបន្តទៅមុខទៀត”។

លោក ខាំ ភូរិ បញ្ជាក់បន្តថា៖ “នាសម័យលង្វែក ខ្មែរចាប់ផ្តើមចងក្រងឯកសារ ក្បួនច្បាប់ឡើងវិញ ក្រោយខកខានពេលខ្មែរចាកឆ្ងាយពីអង្គរ។ ខ្មែរមានសូត្រ ដែលនាំចេញទៅលក់ដល់ថៃ ជប៉ុន ហើយត្រូវបានចាត់ទុកថា ជាសូត្រដែលល្អដាច់គេនៅអាសុីអាគ្នេហ៍។ ខ្មែរ សៀម ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ប្រជាជនទាំងបីប្រទេសនេះកាន់ព្រះពុទ្ធសាសនាដូចគ្នា ប្រទេសទាំងបីតែងទទួលឥទ្ធិពលគ្នាទៅវិញទៅមកដោយជៀសមិនផុត”។

ជាចុងក្រោយ លោក ខាំ ភូរិ សូមអរគុណដល់បងប្អូនដែលបានផ្តល់មតិយោបល់នានា ទាំងចំនុចវិជ្ជមាន និងចំនុចអវិជ្ជមាន ហើយលោកនឹងទទួលយកទាំងអស់ ដើម្បីធ្វើការកែប្រែវានៅជំហានបន្ទាប់។

លោក ខាំ ភូរិ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នាពេលថ្មីៗនេះថា លោកអត់មានខឹងទោមនស្សជាមួយមហាជនមួយចំនួនដែលអត់ដឹងពីវប្បធម៌ សំលៀកបំពាក់របស់ខ្មែរ ហើយលើកឡើងថា លោកចម្លងតាមថៃនោះទេ។ មូលហេតុ ដោយសារការផ្សព្វផ្សាយរបស់យើងនៅមានកម្រិត ខណៈប្រទេសថៃមានការផ្សព្វផ្សាយបានល្អ ទូលំទូលាយជាងយើងខ្លាំង ហើយលោកសង្ឃឹមថា បន្ទាប់ពីរឿង ខោល នេះ នឹងមានភាពយន្ត និងផលិតករខ្មែរផ្សេងទៀត ព្យាយាមធ្វើស្នាដៃរឿងបុរាណខ្មែរ ដោយមានការស្រាវជ្រាវច្បាស់លាស់ឱ្យបានច្រើន។

គួរបញ្ជាក់ថា “ខោល” ជាភាពយន្តភាគទូរទស្សន៍សម័យបច្ចុប្បន្នលាយសម័យលង្វែក ផ្សារភ្ជាប់វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងមានឈុតឆាកអាថ៌កំបាំង មនោសញ្ចេតនា វាយតប់បាញ់ប្រហារ ស៊ើបអង្កេតក្នុងសំណាញ់ច្បាប់។ ខណៈភាពយន្តនេះ ទើបចាក់បញ្ចាំងនៅរាត្រីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដោយទទួលបានការគាំទ្រពីទស្សនិកជនទូទៅនោះ ក៏មានមហាជនមួយចំនួនបានលើកឡើងពីភាពយន្តនេះចម្លងតាមភាពយន្តថៃ។ ក្នុងនោះមានអ្នកខ្លះបញ្ចេញមតិថា៖ “ភ្លេង និងចម្រៀងលំនាំបទថៃ ការ៉ាកេត, រឿងថៃ ឬក៏ខ្មែរ របៀបរបបមើលទៅដូចថៃអ៊ីចឹង, លេងរឿងបុរាណខ្មែរ តែធ្វើម៉ូតសក់បែបថៃ, ល្អមើលមែន! រឿងខ្មែរលេងតែក្រោយគេ តុងតែងដូចគេអ៊ីចឹង បើថារបស់ខ្លួន ម៉េចមិនតែងមុនគេទៅ?…”។

ភាពយន្តភាគរឿង ខោល មានចំនួន ៥០ ភាគ បានចាប់ផ្តើមគិតផលិតនៅឆ្នាំ ២០១៧, ចាប់ផ្ដើមសរសេរនៅឆ្នាំ ២០១៨ និងចាប់ផ្តើមថត ២០២០។ និពន្ធ និងដឹកនាំរឿងដោយ លោក ខាំ ភូរិ, និពន្ធអត្ថបទភាពយន្តដោយ លោកស្រី ប៉ាល់ វណ្ណារីរក្ស លោក ទឹម ចិត្រា លោក នួន ម៉ូលីន, ជំនួយការនិពន្ធដោយ លោក ប៊ុន ពិសី លោក ឃី ហួយអ៊ាង, ទីប្រឹក្សាផ្នែកសំលៀកបំពាក់ដោយ លោកជំទាវ ចាន់ ធី (រដ្ឋលេខាធិការ ក្រសួងព័ត៌មាន) លោកជំទាវ សុទ្ធ សុម៉ាលី (សាស្ត្រាចារ្យរបាំព្រះរាជទ្រព្យ និង នាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌), ទីប្រឹក្សាផ្នែកទម្រង់ល្ខោនខោលដោយ ព្រឹទ្ធាចារ្យ ព្រឿង ឈាង លោក ហង់ ភូមិរ៉ា លោក ស៊ុប ស័ក្ខរា, ទីប្រឹក្សាផ្នែកបុរាណវិទ្យាដោយ លោក លាក់ ស៊ីផាន់ណា លោក យី សុយឹម គូរសំលៀកបំពាក់ដោយ លោក រិទ្ធ ធារ៉ា ព្រមទាំងក្រុមការងារផលិតភាពយន្តជាច្រើនរូបទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


