KPT+
មហាជនសម្តែងការអាណិតអាសូរ និងចូលរួមជួយឧបត្ថម្ភដល់កុមារី ថា ស្រីណុច មកពីខេត្តមណ្ឌលគិរី
កាលពីថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២ កុមារី ថា ស្រីណុច វ័យ១០ឆ្នាំ មកពីខេត្តមណ្ឌលគិរី បានតស៊ូមកចូលរួមកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia ទាំងជីវភាពខ្វះខាត ដោយស៊ីឈ្នួលបោកខោអាវឲ្យគេ ដើម្បីចិញ្ចឹមជីវិត និងពុះពារមកប្រឡង ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន។ ប៉ុន្តែ កុមារីរូបនេះ មិនបានជាប់ក្នុងប្រឡងនោះទេ។ យ៉ាងណាមិញ បន្ទាប់ពីកុមារី ថា ស្រីណុច បានរៀបរាប់ពីរឿងរ៉ាវកំសត់ៗរបស់ខ្លួន បានអង្រួនចិត្តរបស់មហាជនខ្មែរឲ្យអាណិតអាសូរ និងបានប្រកាសជួយឧត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនដល់រូបនាង។

ក្មេងស្រី ថា ស្រីណុច មានបងប្អូន៤នាក់ ដោយនាងជាកូនទី២ ម្តាយឳពុកប្រកបរបរស្ទួចត្រី រស់នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ស្រីណុច កំពុងសិក្សានៅវិទ្យាល័យមួយក្នុង ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ថ្នាក់ទី៩។ នៅលើឆាកប្រឡងចម្រៀងរបស់ The voice Kids Cambodia ថា ស្រីណុច បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនមកប្រឡងនេះ គ្មានថវិកាជាប់ខ្លួនសូម្បីតែមួយរៀលឡើយ។ ឳពុកនាង ជាអ្នកស្ទួចត្រីតាមដងព្រែក ជួនកាលនាងត្រូវទៅដេកតាមដងព្រែកជាមួយឳពុក ដើម្បីបានត្រីខ្លះចិញ្ចឹមជីវភាព។
ពេលខ្លះ ការរកត្រីមិនអាចផ្គត់ផ្គង់ដល់គ្រួសារសម្រាប់មួយថ្ងៃផង។ ហេតុនេះតម្រូវឲ្យ ស្រីណុច រៀនផង ធ្វើការបោកខោអាវឲ្យគេផង រើសផ្លែស្វាយចន្ទីផង ដើម្បីផ្គត់ផ្គង់ប្រាក់មួយចំនួនដល់គ្រួសារ។ ចំណែក ការមកប្រឡងនេះ រូបនាង និងឪពុក បានសុំឲ្យឡានឈ្នួលជួយបញ្ចុះតម្លៃខ្លះ ព្រោះនាង និងឳពុកគ្មានប្រាក់នោះទេ។ នាងបន្តថា សូម្បីតែមកប្រកួតនេះ ក៏នាងមិនមានសំលៀកបំពាក់សមរម្យស្លៀកដែរ តែបានអ្នកគ្រូពេទ្យចិត្តល្អម្នាក់ ផ្តល់រ៉ូបមួយឈុតដល់រូបនាង ដើម្បីនាងអាចមកប្រឡងនៅភ្នំពេញបាន។

ក្រោយពីបានស្តាប់នូវរឿងរ៉ាវដ៏កំសត់របស់ក្មេងស្រីរូបនេះ ប្រជាជនកម្ពុជាជាច្រើនដែលបានទស្សនានូវវីដេអូរបស់នាង ស្រក់ទឹកភ្នែកតាមដំណើររឿងរបស់ ថា ស្រីណុច សូម្បីតែគណៈកម្មការទាំង៣ក្នុងកម្មវិធី The voice Kids Cambodia ក៏មិនអាចទប់ទឹកភ្នែកជាប់ដែរ។

កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់ជូននូវថវិកាមួយចំនួនដល់ក្មេងស្រី ថា ស្រីណុច ចំពោះការចំណាយលើការធ្វើដំណើរទៅវិញទៅមក ដើម្បីចូលរួមការប្រកួតចម្រៀងនៅភ្នំពេញ។ ចំណែក លោក ប៊ុត សីហា ជាអតីតម្ចាស់ពាន The Voice Cambodia ក៏កំពុងតែប្រកាសស្វែងរកលេខទំនាក់ទំនងរបស់ កុមារីខាងលើ ដើម្បីជួយឧបត្ថម្ភនូវថវិកាបន្តិចបន្តួច និងសម្ភារៈមួយចំនួនដល់ក្មេងស្រី ដ៏កំសត់នេះផងដែរ។

គួររំលឹកថា កុមារី ថា ស្រីណុច បានចូលរួមការប្រកួតចម្រៀង The Voice Kids Cambodia សបា្តហ៍ទី២ វគ្គ Blink Auditions កាលពីសប្តាហ៍មុន ក៏ប៉ុន្តែ គួរឲ្យសោកស្តាយ រូបនាងមិនបានជាប់ទៅវគ្គបន្ទាប់ឡើយ។ ទោះបីជា ស្រីណុច មិនបានជាប់ទៅវគ្គបន្តយ៉ាងណាក្តី ក៏ក្មេងស្រីកំសត់រូបនេះបានឆក់យកបេះដូង ក្តីអាណិតស្រឡាញ់ពីប្រជាជនកម្ពុជា ស្ទើរតែមួយប្រទេសបាត់ទៅហើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


