KPT+
ផលិតករបារាំង-ខ្មែរ ទទួលពានរង្វាន់មាស ភាពយន្តល្អបំផុត ពីមហោស្រពភាពយន្តអន្ដរជាតិ
ផលិតករភាពយន្តកូនកាត់ បារាំង-ខ្មែរ លោក ជូ ដាវី ទទួលបានពានរង្វាន់មាសជា ”ភាពយន្តល្អបំផុត” ពីមហោស្រពភាពយន្តអន្ដរជាតិទីក្រុងអាថែន ប្រទេសក្រិក លើកទី២៨ ដោយភាពយន្តនោះមានចំណងជើងថា “ត្រឡប់ទៅសេអ៊ូល” ឬ Return to Seoul ។

លោក ជូ ដាវី បានលើកឡើងថា ភាពយន្តនេះ បានគំនិតពីប្រវត្តិជីវិតពិតរបស់មិត្តភក្តិរបស់លោកម្នាក់ ដែលជាជនជាតិបារាំងមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង។ មិត្តភក្តិរបស់លោក បាននាំលោកទៅជួបជាមួយឪពុកបង្កើតរបស់នាងជាជនជាតិកូរ៉េ នៅឆ្នាំ ២០១១។ ការជួបជុំគ្នារវាងមិត្តភក្តិរបស់លោក ដាវី ជាមួយឪពុកបង្កើតជាលើកដំបូងនោះ បានដិតជាប់នៅក្នុងចិត្តរបស់លោក។ លោកចាប់ផ្ដើម ផលិតភាពយន្តរឿង “ត្រឡប់ទៅសេអ៊ូល” នៅចុងឆ្នាំ ២០២១ នៅប្រទេសកូរ៉េខាងត្បូង និងរ៉ូម៉ានី ដោយប្រើពេលថតសរុបចំនួន ៦ សប្ដាហ៍។


រឿង “ត្រឡប់ទៅសេអ៊ូល” មានសាច់រឿងតំណាលអំពីនារីដើមកំណើតជនជាតិកូរ៉េ ឈ្មោះ Freddie ដែលត្រូវឪពុកម្ដាយរបស់ខ្លួនយកទៅដាក់នៅមជ្ឈមណ្ឌលកុមារកំព្រា ហើយក្រោយមកត្រូវគ្រួសារជនជាតិបារាំងយកទៅចិញ្ចឹមបីបាច់នៅប្រទេសបារាំង តាំងពីតូចរហូតដល់ធំដឹងក្ដី។ នៅក្នុងវ័យ ២៥ ឆ្នាំ នារីជនជាតិបារាំងដើមកំណើតកូរ៉េរូបនេះ បានត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលជាលើកដំបូង ហើយសម្រេចចិត្តស្វែងរកឪពុកម្ដាយបង្កើតរបស់ខ្លួន។ នៅក្នុងដំណើរស្វែងរកឪពុកម្ដាយបង្កើតរបស់ខ្លួននេះ តួអង្គឯកស្រីបានជួបប្រទះនូវរឿងរ៉ាវជាច្រើន ហើយរឿងរ៉ាវទាំងអស់នោះ បានផ្លាស់ប្ដូរនាងស្ទើរតែទាំងស្រុង។

នៅក្នុងពិធីប្រកាសពានរង្វាន់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាថែន លើកទី២៨ គណៈកម្មការនៃមហោស្រពភាពយន្តអន្ដរជាតិ បានថ្លែងថា ភាពយន្ត “ត្រឡប់ទៅសេអ៊ូល” បានឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងម្ដាយ និងកូនដែលមានភាពស្ថិតស្ថេរជារៀងរហូត ខុសពីជីវិតដែលមានលក្ខណៈផុយស្រួយបំផុត ហើយចេះតែផ្លាស់ប្ដូរគ្រប់ពេលវេលាទាំងអស់។ បច្ចុប្បន្ននេះ ភាពយន្តនេះ កំពុងចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តជាច្រើននៅទូទាំងពិភពលោក ហើយលោក ជូ ដាវី ក៏នឹងធ្វើដំណើរទៅកាន់មហោស្រពទាំងនោះ ដើម្បីធ្វើបទបង្ហាញផងដែរ។

គួរបញ្ជាក់ថា លោក ជូ ដាវី កើតនៅឆ្នាំ១៩៨៣ និងធំដឹងក្ដីនៅប្រទេសបារាំង ដោយមានជីតា ជាផលិតករភាពយន្ត និងចាងហ្វាងផលិតកម្ម “វណ្ណចន្ទ ភាពយន្ត”។ លោក ជូ ដាវី បានត្រឡប់មករស់នៅកម្ពុជា នៅឆ្នាំ២០០៩។ មុនផលិតរឿង “ត្រឡប់ទៅសេអ៊ូល” លោក ជូ ដាវី បានផលិតភាពយន្តខ្នាតវែងខ្មែរដែលទទួលការគាំទ្រទាំងមហោស្រពថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដូចជារឿង “ដំណេកមាស” និយាយពីយុគមាសនៃវិស័យភាពយន្តខ្មែរ ព្រមទាំងបង្ហាញបទពិសោធន៍ផលិតភាពយន្តរបស់ផលិតករខ្មែរជើងចាស់ដែលរួចជីវិតពីសម័យ ប៉ុល ពត និងរឿង “កោះពេជ្រ” និយាយពី យុវវ័យ និងសង្គមខ្មែរសម័យបច្ចុប្បន្ន ជីវិតយុវវ័យស្រុកស្រែ ចាកចេញពីស្រុកកំណើត មកធ្វើជាកម្មករសំណង់នៅទីក្រុង នៅកោះពេជ្រ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


