Connect with us

KPT+

ផ្កា ១០ ប្រភេទតំណាងប្រទេសសមាជិក អាស៊ាន មានទាំងក្លិនក្រអូប និងអត្ថន័យជ្រាលជ្រៅ

បានផុស

នៅ

ផ្កាជានិមិត្តរូបនៃភាពស្រស់ស្អាតសម្រាប់មនុស្សជាច្រើន ខណៈប្រទេសដែលជាសមាជិកអាស៊ានទាំង១០ ក៏បានជ្រើសរើសផ្កាតំណាងឲ្យជាតិរបស់ខ្លួន តាំងពីយូរយារណាស់មកហើយ។

ជាមួយគ្នានេះដែរ បុប្ផាជាតិទាំងនោះសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន រាប់ទាំងក្លិន ពណ៌ អត្ថន័យដែលពាក់ព័ន្ធនឹងបុព្វហេតុជាតិ ទំនាក់ទំនងជាមួយវប្បធម៌និងការរស់នៅរបស់ប្រជាជន ព្រមតម្លៃបេតិកភណ្ឌជាតិដ៏ល្អផូរផង់ផងដែរ។

ផ្កាតំណាងជាតិទាំង ១០ប្រទេសនោះមានដូចជា៖

ប្រទេសកម្ពុជា ផ្ការំដួល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កា​រំដួល​តែង​ដុះ​លូតលាស់​ក្នុង​កម្ពស់ ៨-១២ ម៉ែត្រ អាចមើលឃើញស្ទើរ​តែ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជារឿយៗគេនិយមដាំ​លម្អ​នៅ​តាម​សួនច្បារ​សាធារណៈ​។ រំដួល​មាន​ផ្កា​តូច​ពណ៌​លឿង ​ត្របកផ្ការាង​ក្រាស់ រំលេចក្បូរក្បាច់គន់ល្អឯក ផ្កានេះបង្កើត​បានជា​ក្លិន​ក្រអូប​ប្លែក ដែល​លេចធ្លោនៅពេលល្ងាច ខណៈផ្លែរបស់វាគេអាចយកមកហូបបាន។ ដោយ​សារ​ក្លិន​ក្រអូប​គួរ​ឲ្យ​ទាក់​ទាញ ពលរដ្ឋ​កម្ពុជា​​​​​បាន​​ប្រៀប​ធៀប​ផ្កា​រំដួល ទៅនឹង​ស្រ្តី​ខ្មែរ​ក្នុង​សម័យ​បុរាណ.

ប្រទេសព្រុយណេ ផ្កា Simpor

ផ្កា Simpor មានផ្កាពណ៌លឿងភ្លឺ និងស្លឹកធំៗ។ ពេល​ចេញ​ផ្កា​យ៉ាង​ពេញលេញ ផ្កា​រីក​ដូច​ឆ័ត្រ។ រូបភាពនៃផ្កា Simpor ត្រូវបានរកឃើញនៅលើក្រដាសប្រាក់មួយដុល្លារ​របស់​ព្រុយណេ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើយ៉ាងទូលំទូលាយនៅប្រទេស​ព្រុយណេ​ក្នុង​ការ​រចនា​សិល្បៈ​សម្រាប់​សិប្បកម្ម​ប្រពៃណី។ ផ្កាSimpor ជាទូទៅនៅតាមដងទន្លេក្នុងប្រទេសព្រុយណេ ជាពិសេសទន្លេ Temburong និង​នៅ​តំបន់​វាលភក់ ឬខ្សាច់សផងដែរ។ ផ្នែកភាគច្រើននៃដើមឈើមានការប្រើប្រាស់ច្រើន​ឧទាហរណ៍ ការ​ព្យាបាល​របួស។

៣​ ប្រទេសឥណ្ឌូណេស៊ី ផ្កាកេសរកូលរាត្រី 

កេសរកូលរាត្រី  គឺជាផ្កាមួយក្នុងចំណោម​ផ្កា​ជាតិ​ទាំងបីរបស់​ឥណ្ឌូណេស៊ី។ ផ្កាពីរផ្សេង​ទៀត​គឺ ម្លិះ​ និង Rafflesia ក៏តំណាងជាតិ។ ផ្កា​កេសរកូលរាត្រី គឺជាផ្កា​ដែលរីកវែងជាងគេ ផ្កា​នេះ​មាន​មែក​ហើយ​អាច​មាន​អាយុ​ពី​២ទៅ៦​ខែ​មុន ​នឹង​រីកចោលក្លិន។ ជាធម្មតាវា​ចេញផ្កាពីរ​ទៅបីដងក្នុង​មួយឆ្នាំ​ នៅពេលដែលវាឈានដល់ការពេញវ័យ។ វា​លូតលាស់នៅ​សីតុណ្ហភាព​សំណើម និងរកឃើញនៅតំបន់ទំនាប​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

៤ ប្រទេសឡាវ ផ្កា​ចំប៉ា

នៅកម្ពុជា ផ្កានេះគេហៅចំប៉ី ខណៈប្រជាជន​​ឡាវ​ហៅថា​ផ្កាចំប៉ា ដែល​ជាផ្កាជាតិនិងជា​និមិត្តសញ្ញា​ផ្លូវការ​របស់​ប្រទេស​ឡាវ។ ផ្កាមួយនេះ​​មានក្លិនក្រអូប អាចមានច្រើនពណ៌៖ ក្រហម លឿង ផ្កាឈូក និងពណ៌ pastel ជាច្រើនទៀត។ សម្រាប់ប្រជាជនឡាវ ផ្កាចំប៉ា​តំណាងឲ្យភាព​ស្មោះត្រង់ និងសេចក្តីរីករាយក្នុងជីវិត។ ផ្កា​នេះ​ច្រើន​តែ​ប្រើ​ជា​គ្រឿង​លម្អ​ក្នុង​ពិធី ឬ​ធ្វើ​ជា​កម្រង​ផ្កា​សម្រាប់​ទទួល​ភ្ញៀវ។ ផ្កាចំប៉ា ចេញផ្ការាល់ថ្ងៃ និងមានរយៈពេលយូរ។ ដើម​ឈើ​ត្រូវ​បាន​គេ​ដាំ​នៅ​ទូទាំង​ប្រទេស ហើយ​ជា​ពិសេស​គេ​អាច​ឃើញ​នៅ​ជិត​តំបន់​វត្ត​អារាម។

៥ ប្រទេសម៉ាឡេស៊ី ផ្ការំយោល

ផ្ការំយោល គឺជាផ្កាជាតិរបស់​ប្រទេស​ម៉ាឡេស៊ី​តាំងពីឆ្នាំ ១៩៦០។ ផ្កានេះ​មានស្រទាប់​៥​ដែល​ជានិមិត្តរូប “គោលការណ៍ទាំងប្រាំនៃ​ជាតិ” ជា​ទស្សន​វិជ្ជាជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ការ​ពង្រឹង​ឯកភាពជាតិ និងការ​អត់ឱន​របស់ជាតិ។ ពណ៌ក្រហមតំណាង​ឲ្យ​ភាព​ក្លាហាន។ ផ្កានេះ​មាន​ទូទាំងប្រទេស ហើយផ្នែកខ្លះនៃគុម្ពោតរបស់ផ្កា មានការប្រើប្រាស់ជាឱសថ និង​គ្រឿងសំអាង​ទូទៅ។

ប្រទេសមីយ៉ាន់ម៉ាផ្កា Paduak

ផ្កា Paduak មាន​ពណ៌​លឿង​មាស​ដ៏​ក្រអូប ហើយតែងរីក​ដំ​ក្នុង​ខែ​មេសា ស្រប​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​មីយ៉ាន់ម៉ា។ ពេល​ចេញផ្កា ដើមឈើទាំងមូលប្រែជា​មាសពេញ​មួយយប់។ ប្រជាជនមីយ៉ាន់ម៉ា​ចាត់​ទុកផ្កា Paduak ជា​និមិត្តសញ្ញា​នៃភាពរឹងមាំ និង​ភា​ពធន់។ ផ្កាដ៏ស្រស់ស្អាត​ក៏​តំណាងឲ្យ​យុវវ័យ សេចក្ដី​ស្រលាញ់ និងភាព​ផ្អែមល្ហែម។ ផ្កានេះដើរតួជាផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ពិធី​ប្រពៃណី និង​សាសនា។ ​ផ្កាមួយនេះ អាច​ប្រើ​សម្រាប់​ធ្វើ​គ្រឿង​សង្ហារិម និងងាយរកបាននៅទូទាំងប្រទេស។

៧ ប្រទេស ហ្វីលីពីន ផ្កា​ម្លិះ

​ម្លិះត្រូវ​បានទទួលយកជាផ្កាជាតិ​របស់​ប្រទេសហ្វីលីពីនតាំងពីឆ្នាំ ១៩៣៤។ ម្លិះមានផ្កា​ពណ៌​សរាង​ដូច​ផ្កាយ ដែលរីកពេញមួយឆ្នាំ។ ផ្កា​នេះ​បើក​នៅ​ពេល​យប់ ហើយ​មាន​រយៈពេល​ប្រហែល​មួយ​ថ្ងៃ ដែល​បង្កើត​បាន​នូវ​ក្លិន​ក្រអូប​ដ៏​ពិសេស​មួយ​។ សម្រាប់ប្រជាជន​ហ្វីលីពីន ផ្កា​គឺ​ជា​និមិត្តសញ្ញានៃភាព​បរិសុទ្ធ ភាព​សាមញ្ញ ភាព​អោនលំទោន និង​កម្លាំង​ខ្លាំងក្លា។ ផ្កា​របស់​វា​ត្រូវ​បាន​ប្រារព្ធនៅក្នុងរឿង​ព្រេងនិទាន និងប​ទចម្រៀងហ្វីលីពីន។ វា​ត្រូវ​បាន​គេ​ជឿ​ថា ​ផ្កា​នេះ​ត្រូវបាន​នាំ​យក​ពី​តំបន់​ហិម៉ាឡៃយ៉ាន ​ទៅ​កាន់​ហ្វីលីពីនក្នុងសតវត្សទី ១៧ ។

ប្រទេសសិង្ហបុរី​ ផ្កា Vanda Miss Joaquim

វាជា​ប្រភេទ​ផ្កាអ័រគីដេដែលល្បីជាងគេនៅប្រទេសសិង្ហបុរី គឺផ្កាជាតិ Vanda Miss Joaquim។ អ័រគីដេ​នេះ ​គឺជាកូនកាត់ ហើយត្រូវបានគេដាក់ឈ្មោះតាមអ្នកបង្កាត់ពូជរបស់វា។ ផ្កាអ័រគីដេ ​Vanda Miss Joaquim មានពណ៌ និងរូបរាងដ៏ស្រស់ស្អាត (ពណ៌ស្វាយ) និង​រីកពេញមួយឆ្នាំ។ លក្ខណៈពិសេសប្លែករបស់វា បានឈ្នះវាក្នុងឋានៈជាផ្កាជាតិផ្លូវការរបស់ប្រទេសសិង្ហបុរី ដែលមានជាង ៤០ គូប្រជែងក្នុងឆ្នាំ ១៩៨១។

៩ ប្រទេសថៃ ផ្កាលឿង​​រាជ

ផ្កាលឿង​​រាជ មានផ្ការាងជាចង្កោមពណ៌លឿងដ៏ស្រស់ស្អាត។ ប្រជាជន​ថៃ​ចាត់​ទុក​ពណ៌​លឿង ជា​ពណ៌​នៃ​ព្រះពុទ្ធសាសនា និង​ជា​ពណ៌​នៃ​សិរី​រុងរឿង។ វាច្រើន រីកដុះដាលជា​រៀងរាល់​ឆ្នាំ​ចាប់​ពីខែ​កុម្ភៈដល់ខែឧសភា ហើយជានិមិត្តរូបនៃការរួបរួម និងភាពសុខដុមរមនា​របស់​ប្រជាជនថៃ។ ខណៈពេលដែលផ្កាកំពុងរីក នោះស្លឹករបស់វានឹងជ្រុះ ហើយបន្សល់ទុកតែផ្កាពណ៌​លឿងភ្លឺព្យួរនៅលើ​មែកមើលទៅពិតជាស្រស់ស្អាតខ្លាំង។

១០ ប្រទេសវៀតណាម ផ្កាឈូក

ប្រជាជន​វៀតណាម​ចាត់​ទុក​ផ្កាឈូក​ ជា​ផ្កានិង​រុក្ខជាតិ​ដ៏​គួរ​ជាទី​មោទកភាព​មួយ​ក្នុងចំណោម​ផ្កា​ទាំង​បួន រួម​ជាមួយ​នឹង​ស្រល់ ដើម​ឬ​ស្សី និង chrysanthemum។ ផ្កាឈូកត្រូវបានគេរកឃើញ​ទូទាំងប្រទេស​នៅ​តាម​បឹង និងស្រះ។ សម្រាប់​ជនជាតិ​វៀតណាម ផ្កាឈូកគឺជានិមិត្តសញ្ញា​នៃភាពបរិសុទ្ធ ការ​ប្តេជ្ញា​ចិត្ត និង​សុទិដ្ឋិនិយម​សម្រាប់​អនាគត។ ភាព​ឆើតឆាយ​នៃ​ផ្កាឈូក​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ញឹក​ញាប់​ក្នុង​បទ​ចម្រៀង និង​កំណាព្យ​ប្រជាប្រិយ​វៀតណាម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា រុក្ខជាតិត្រូវការទឹកហើយ!

ចុចអាន៖មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម