ស្របពេលដែល FIFA World Cup 2022 ធ្វើនៅកាតា ពិភពលោកបានចាប់អារម្មណ៍ នឹងប្រទេសនៅមជ្ឈិមបូព៌ានេះជាខ្លាំង។ ជាពិសេសនោះគឺសែររាជវង្ស House of Thani ល្បីល្បាញថា ទ្រង់គ្រងរាជសម្បត្តិដល់ទៅ ៣៣៥ ពាន់លានដុល្លារ ខណៈមនុស្សជាច្រើនចង់ដឹងថា តើទ្រង់ចំណាយលើអ្វីខ្លះសម្រាប់ប្រាក់វាលលាន់?
បើយោងតាម Bloomberg រាយការណ៍ថា រាជវង្សនេះហ៊ានចំណាយប្រាក់ ៣០០ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងកីឡដ្ឋានក្នុងរយៈពេល១២ឆ្នាំ ដើម្បីត្រៀមរៀបចំសម្រាប់ World Cup ហើយវាក៏ជាតម្លៃថ្លៃបំផុតមិនធ្លាប់មានដែរ។ ប្រទេសកាតាត្រូវបានគេស្គាល់ថា ជារាជវង្សានុវង្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក ជាមួយនឹងសមាជិក៨ពាន់នាក់ និងទ្រព្យសម្បត្តិសរុបប្រហែល ៣៣៥ ពាន់លានដុល្លារអាមេរិក ពីលំហូរសាច់ប្រាក់ជាច្រើន ក្រៅពីធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងការវិនិយោគលើអចលនទ្រព្យដូចជាអគារ Shard របស់ទីក្រុងឡុងដ៍, Olympic Village ហាងលក់ទំនិញ Harrods និងអគារ Empire State ទីក្រុងញូវយ៉ក និងភាគហ៊ុន នៅក្នុងធនាគារ Barclays, ក្រុមហ៊ុនអាកាសចរណ៍ British Airways និងក្រុមហ៊ុនរថយន្ត Volkswagen ផងដែរ។
ទន្ទឹមនោះ គ្រួសាររាជវង្សក៏មានកងនាវាដ៏ធំនៅលើផ្លូវ ព្រមជាមួយនឹងរថយន្តដែលមានយីហោថ្លៃបំផុតដូចជា៖ Bugattis, Divo, Veyron , Chiron , LaFerrari Aperta, coupe ពណ៌ក្រហម; Lamborghini Centenario ពណ៌ស , Centenario Roadster; Mercedes AMG 6×6; Rolls-Royce Phantom, Select Car Leasing និង Qatar Just។ នៅមិនអស់នោះទេ ក្រៅពីនាវាកម្សាន្តដ៏ធំ រថយន្តទំនើប និងយន្តហោះឯកជន ព្រះចៅកាតាក៏សព្វព្រះរាជហឫទ័យខ្លាំងលើសិល្បៈ ដែលចំណូលចិត្តផ្សេងទៀតរបស់គ្រួសារ។ ទ្រង់បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើផ្ទាំងគំនូរ និងប្រមូលផ្ដុំ វត្ថុរាប់ពាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ក្នុងនោះមានគំនូរខ្លះចំណាយអស់រាប់សិបលានដុល្លារ ដូចជា Mark Rothko White Center តម្លៃ ៧២.៨លានដុល្លារអាមេរិក ឬ Andy Warhol’s Men in Her Life តម្លៃ ៦៣.៤ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១១ ទ្រង់បានទិញគំនូរCézanne’s The Card Players ក្នុងតម្លៃ ២៥០ លានដុល្លារអាមេរិក ដែលធ្វើឲ្យវាក្លាយជាគំនូរថ្លៃបំផុតរបស់ពិភពលោក ត្រូវបានលក់នៅពេលនោះ ។ សព្វថ្ងៃនេះ វានៅតែជាផ្ទាំងគំនូរថ្លៃបំផុតទីបីបន្ទាប់ពី Willem de Kooning’s Interchange ត្រូវបានលក់ក្នុងតម្លៃ ៣០០ លានដុល្លារក្នុងឆ្នាំ ២០១៥ និង Salvator Mundi របស់ Leonardo da Vinci ដែលមានតម្លៃ ៤៥០ លានដុល្លារក្នុងឆ្នាំ២០១៧
ទោះយ៉ាងណា មិនមែនជារឿងចម្លែកនោះទេដែលស្ដេច Sheikh Abdullah Bin Nasser Al-Thani ហ៊ានចំណាយលុយវាលលានទិញអ្វីដែលទ្រង់ចង់បាន។ ជាក់ស្ដែងរាជវង្សកាតាក៏ចូលចិត្តកីឡាខ្លាំងដូចវត្ថុប្រណីត។ ប្រទេសនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះជើងឯកអន្តរជាតិជាច្រើនដូចជា Asian Games ឆ្នាំ ២០០៦ ជើងឯកប្រដាល់ពិភពលោក AIBA ឆ្នាំ ២០១៥ និងបច្ចុប្បន្ន FIFA World Cup 2022 ។ ក្នុងចំណោមកីឡាទាំងអស់ បាល់ទាត់ជាចំណូលចិត្តរបស់គ្រួសាររាជវង្ស។ ព្រះចៅកាតាបានបង្កើតក្រុមហ៊ុន Qatar Sports Investments នៅឆ្នាំ ២០០៤ ហើយទីបំផុតបានក្លាយជាម្ចាស់ក្លឹប Paris Saint-Germain ក្នុងឆ្នាំ ២០១១។ នៅខែតុលា ទ្រង់ក៏បានទិញភាគហ៊ុន ២១.៧ ភាគរយនៃ SC Braga ដែលជាក្លឹបបាល់ទាត់ឈានមុខគេមួយនៅក្នុងប្រទេសព័រទុយហ្គាល់ ។ រាជាអង្គនេះក៏បានទិញក្លឹបអេស្ប៉ាញ Málaga ក្នុងឆ្នាំ ២០១០ ខណៈដែលព្រះអង្គម្ចាស់ Khalid Faleh al Thani ក៏ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងយកពាន Serie A Sampdoria របស់អ៊ីតាលី នេះបើយោងតាម Football Italia បានបញ្ជាក់៕