KPT+
តិចនិកខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិកូវីដ
ការព្រួយបារម្ភ និងភ័យខ្លាចអំឡុងវីរុស COVID-19 កំពុងរាតត្បាតពេញពិភពលោកគឺជារឿងចៀសមិនផុត ព្រោះគ្នាយើងមិនដឹងច្បាស់ពីផលប៉ះពាល់អវិជ្ជមានផ្សេងៗរបស់វីរុសនេះ។ ប៉ុន្តែយើងអាចអនុវត្តវិធីប៉ុន្មានយ៉ាងនេះដើម្បីជួយសម្រួលដល់ការព្រួយបារម្ភ និងភាពខ្លាចរបស់យើង។
១. ការរក្សាទំនាក់ទំនង

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ ប្រទេសនីមួយៗបានចេញវិធានការណ៍រក្សាគម្លាតសុវត្ថិភាព គឺការនៅឃ្លាតពីអ្នកដទៃប្រហែល២ម៉ែត្រ។ មួយវិញទៀតការនៅតែក្នុងផ្ទះវិញក៏អាចប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំងដោយសារការណ៍នេះអាចធ្វើឲ្យយើងមានអារម្មណ៍ឯកា និងថប់បារម្ភ។ ដូចនេះហើយទើបការរក្សាទំនាក់ទំនងគឺសំខាន់ណាស់ទោះបីជាមានការកាត់បន្ថយការជួបមិត្តភកិត្តដោយផ្ទាល់ក៏ដោយ។ ម៉្យាងទៀតការរក្សាទំនាក់ទំនងអាចជួយយើងនិយាយពីការបារម្ទៅកាន់អ្នកដែលយើងទុកចិត្តដូចជាមិត្តភកិ្ត ឬសមាជិកគ្រួសារ។ នៅពេលនិយាយជាមួយនឹងមិត្តភកិ្ត ឬគ្រួសារគួរចៀសវាងការនិយាយអំពីវីរុសនេះច្រើន ហើយបែរមកនិយាយអំពីរឿងផ្សេងៗដូចជារឿងកំប្លែង ឬសកម្មភាពប្រចាំថ្ងៃវិញល្អជាង។
២. ការថែរក្សាសុខភាព និងស្មារតី

ការថប់បារម្ភអាចធ្វើឲ្យយើងកែប្រែទម្លាប់នៃការញ៉ាំ និងការគេងរបស់ខ្លួន។ ហេតុនេះហើយយើងគួរយកចិត្តទុកដាក់ទៅលើការថែរក្សាសុខភាពរបស់យើងដោយព្យាយាមរក្សាទម្លាប់ប្រចាំថ្ងៃដូចជាការចូលគេង ការក្រោកពីគេង ការញ៉ាំអាហារឲ្យទៀងពេល និងការគេងឲ្យគ្រប់គ្រាន់។ លើសពីនេះទៀត យើងអាចជួយដោះស្រាយសុខភាពផ្លូវចិត្តរបស់ខ្លួនដោយបន្តធ្វើសកម្មភាពដែលយើងចូលចិត្តដូចជាអានសៀវភៅ មើលភាពយន្ត លេងហ្គេម ឬរៀនអ្វីៗថ្មីដូចជារៀនធ្វើម្ហូប ធ្វើសួន ឬសិប្បកម្មដោយដៃផ្សេងៗ។ ក្រៅពីនេះ យើងក៏អាចរៀនភាសាបរទេសបន្ថែម ឬជំនាញថ្មីៗ ហើយក៏អាចរកមើលចំណង់ចំណូលចិត្តថ្មីដូចជាការសរសេរ blog ការលេងកីឡាថ្មី ឬការរៀនគូររូបជាដើម។ ការសិក្សាបានបង្ហាញថាការរៀនជំនាញថ្មីៗអាចជួយឲ្យសុខភាពផ្លូវចិត្តមានភាពប្រសើរឡើងដោយជួយក្នុងបន្ថែមជំនឿចិត្តលើខ្លួនឯង និងជួយឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃទៀតផង។
៣. ហាត់ប្រាណ

ភាពសកម្មគឺមិនត្រឹមតែល្អចំពោះសុខភាពផ្លូវកាយទេ តែនៅល្អសម្រាប់សុខភាពផ្លូវចិត្តដែរ ព្រោះអាចជួយឲ្យយើងមានគំនិតសុទិដ្ឋិនិយម។ យើងអាចរកមើលវីដេអូទាក់ទងនឹងលំហាត់ប្រាណងាយៗដែលអាចធ្វើនៅផ្ទះតាមប្រព័ន្ធអ៊ីនធើណេត។ យើងក៏អាចហាត់យ៉ូហ្គាបាន ព្រោះលំហាត់ប្រាណនេះមិនត្រូវការឧបករណ៍ទេ។
៤. ការទទួលបានព័ត៌មានពិត

ការទទួលបានព័ត៌មានទាក់ទងនឹងវីរុស COVID-19 គឺសំខាន់ដោយអាចដឹងថាតើមានអ្វីកំពុងកើតឡើង និងការការពារផ្សេងៗដើម្បីទប់ស្កាត់ការឆ្លង។ ប៉ុន្តែការទទួលបានព័ត៌មានច្រើន និងមិនពិតទាក់ទងទៅលើវីរុសនេះកាន់តែធ្វើឲ្យមានការព្រួយបារម្ភ និងភ័យខ្លាចអាក្រក់ជាងមុន។ ហេតុនេះហើយគួរជ្រើសរើសប្រភពព័ត៌មានដែលគួរឲ្យជឿជាក់ និងកំណត់ពេលវេលាក្នុងការតាមដានព័ត៌មានទាំងនោះ។ យើងក៏អាចឲ្យមិត្តភកិ្តដែលយើងទុកចិត្តចែករំលែកព័ត៌មានសំខាន់ជុំវិញវីរុសនេះ។ បន្ថែមពីនេះយើងក៏គួរប្រយ័ត្នពីការចែករំលែកព័ត៌មានទៅកាន់អ្នកដទៃដែរ ចៀសវាងការចែកចាយព័ត៌មានមិនពិតបង្កឲ្យមានការភ័យខ្លាចដល់អ្នកដទៃ។
៥. ការយកចិត្តទុកដាក់ទៅលើរឿងដែលអាចគ្រប់គ្រងបាន

ការយកចិត្តទុកដាក់ទៅលើបញ្ហាដែលយើងមិនអាចគ្រប់គ្រងបានដូចជារយៈពេលនៃការរាតត្បាតរបស់វីរុសនេះ តើមានអ្វីកើតឡើងនៅក្នុងសហគម និងការប្រឈមមុខនឹងបញ្ហានេះរបស់អ្នកដទៃ អាចធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង។ ដូចនេះយើងគួរប្តូរមកយកចិត្តទុកដាក់ទៅលើរឿងដែលយើងអាចធ្វើបានដូចជាការការពារខ្លួនអ្នកដោយអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ឬក្រសួងសុខាភិបាលដូចជា៖
- ការលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់
- ចៀសវាងការប៉ះពាល់មុខជាពិសេសច្រមុះ ភ្នែក និងមាត់
- នៅផ្ទះឲ្យបានច្រើនប្រសិនជាអាច
- ចៀសវាងកន្លែងមានមនុស្សច្រើន
- ចៀសវាងការទៅផ្សារ ឬដំណើរកម្សាន្តដែលមិនចាំបាច់
- រក្សាគម្លាតពីអ្នកដទៃយ៉ាងតិច២ម៉ែត្រ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធីងាយៗស្នាក់នៅផ្ទះឈ្នះកូវីដ បានទាំងប្រយោជន៍ និងសុខភាព
ចុចអាន៖ ហាត់ប្រាណ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធនឹងមេរោគឆ្លងបានទេ?
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


