ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើជនមានពិការភាព
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ទីរ-អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែម ដើម្បីជួយផ្ដល់នូវភាពងាយស្រួលដល់ជនមានពិការភាពឲ្យបានកាន់តែទូលំទូលាយ។

ការជំរុញនេះ ក្នុងឱកាសបើកកិច្ចប្រជុំប្រចាំត្រីមាសទី ៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្តថា ការងារលើកកម្ពស់ជនដែលមានពិការភាព ពិតជាសំខាន់ណាស់។ ដើម្បីជួយសម្រួលដល់ជនមានពិការភាព អាជ្ញាធរខេត្ត បានខិតខំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ការកែសម្រួលអគារមន្ទីរ-អង្គភាព និងមណ្ឌលរដ្ឋបាល ឲ្យមានផ្លូវជម្រាល (ramps) ចំណត បន្ទប់ទឹក និងបង្កាន់ដៃ (rails) សម្រាប់ជនមានពិការភាពប្រើប្រាស់ជាដើម។

លោក នាក់ ណេរ៉ុន បន្តទៀតថា បើទោះជាយ៉ាងនេះក្តី សំណង់អគារសាធារណៈមួយចំនួនដែលបានសាងសង់មកយូរហើយនោះ នៅមិនទាន់កែសម្រួលនៅឡើយទេ ឬកន្លែងខ្លះកែសម្រួលហើយ តែក៏មិនទាន់សមស្របតាមបទដ្ឋាននៅឡើយ។ ដូច្នេះ សូមស្នើដល់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារនេះបន្ថែមទៀត។

យោងតាមរបាយការណ៍ស្ដីពីលទ្ធផលការងាររបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប រយៈពេល ៩ ខែ ឆ្នាំ ២០២៥ ទូទាំងខេត្តសៀមរាប ជនមានពិការភាពសរុប ១៩ ២២១ នាក់ (ស្រី ៩ ៦៧៨ នាក់) ត្រូវបានសម្ភាសន៍ និងបញ្ចូលក្នុងប្រព័ន្ធ។ ជនមានពិការភាព ក៏ទទួលបាននូវការផ្តល់សេវាគាំពារសង្គមផ្សេងៗ ដូចជា ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអតីតយុទ្ធជនពិការចំនួន ២ ០១១ នាក់ និងការផ្តល់អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគ្រោះមហន្តរាយផ្សេងៗ។

ទោះជាយ៉ាងណា ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជា ៖ សំណង់សាធារណៈដែលបានសាងសង់ពីមុន នៅមិនទាន់បានកែសម្រួលផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅឡើយ។ ជនមានពិការភាពដែលបានទៅទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេស មានចំនួនតិចតួចនៅឡើយ។ ជនមានពិការភាពដែលបានសម្ភាសន៍កំណត់អត្តសញ្ញាណហើយ នៅមិនទាន់ទទួលបានបណ្ណសម្គាល់ជនមានពិការភាពគ្រប់គ្នា និងមានមួយចំនួនទៀតមិនទាន់បានធ្វើការសម្ភាសនៅឡើយ។ ជនមានពិការភាពកម្រិតធ្ងន់ ក្រីក្រ ឬគ្មានទីពឹង មិនអាចបញ្ជូនទៅទទួលការបណ្ដុះបណ្ដាល និងរៀនយកជំនាញបាន និងមួយចំនួនទៀតផ្ដេកផ្ដួលលើពិការភាពរបស់ខ្លួន៕
អត្ថបទ ៖ គឿន វេត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


