ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ជំរុញពង្រឹងទប់ស្កាត់ជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានជំរុញឱ្យស្ថាប័នមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការទប់សង្កាត់ការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន។ ការជំរុញនេះធ្វើឡើងនាឱកាស គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តរតនគិរី បានរៀបចំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២៥។

មានប្រសាសន៍ជាមួយទឹកមុខម៉ឺងម៉ាត់ លោក ញ៉ែម សំអឿន បានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចូលរួមតាមសមត្ថភាព លទ្ធភាព និងភារកិច្ចរៀងៗខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកន្លែងដែលងាយរងគ្រោះ។ លោកថ្លែងថា៖«ត្រូវចូលរួមទាំងអស់គ្នា ព្រមទាំងប្រុងប្រយ័ត្ននូវគ្រប់ល្បិចកលជនល្មើស និងត្រៀមខ្លួនឱ្យបានល្អ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សគ្រប់រូបភាព និងជំរុញធ្វើសកម្មភាពប្រកបដោយឆន្ទៈ ឆ្លើយតបទៅនឹងការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទជាដើម»។ លើសពីនេះ លោកក៏ក្រើនរំលឹកឱ្យអនុវត្តយុទ្ធសាស្ត្រទាំង៤ របស់ផែនការជាតិមានជាអាទិ៍ ការងារបង្ការទប់ ស្កាត់ កិច្ចការពារជនរងគ្រោះ ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ញ៉ែម សំអឿន មានប្រសាសន៍ថា បញ្ហាការជួញដូរមនុស្សគឺកើតឡើងជាសកល ហើយរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការផ្សេងៗ និងការពង្រឹងស្ថាប័នជាបន្តបន្ទាប់ ហើយយើងកំពុងធ្វើការកែលម្អបន្តិចម្តងៗ ដើម្បីធានាបាននូវសិទ្ធិមនុស្ស និងសុខុមាលភាពប្រជាពលរដ្ឋ។ ដោយឡែកក្នុងក្របខ័ណ្ឌខេត្តរតនគិរី លោកថាទោះជាបានធ្វើសកម្មភាពមួយចំនួនកន្លងមកក្តី ក៏សង្កេតឃើញថា នៅមានចំណុចអសកម្មមួយចំនួនដូចជា របបប្រជុំ និងការផ្ញើរបាយការណ៍មិនទៀងទាត់ ជាពិសេសពុំសូវមានកិច្ចសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរអភិវឌ្ឍន៍នានាជុំវិញខេត្តបានគ្រប់ជ្រុងជ្រោយនៅឡើយ។
លោកសង្កត់ធ្ងន់ថា៖«ដូច្នេះលេខាធិការដ្ឋាន ត្រូវបំពេញតួនាទីក្នុងការសម្របសម្រួលជាមួយថ្នាក់ជាតិ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូរអភិវឌ្ឍន៍នានាឱ្យបានល្អប្រសើរបន្ថែមទៀត»។

បើតាមលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពពាក់ព័ន្ធ និងក្រុមការងារ លេខាធិការដ្ឋាន គ.ខ.ប.ជ បានរួមគ្នាដើម្បីធ្វើការបង្ការ-ទប់ស្កាត់ករណីអំពើជួញដូរមនុស្សក្នុងខេត្តរតនគិរី។ លោកស្រីឱ្យដឹងថា កន្លងមកនេះ អាជ្ញាធរបានបញ្ជ្រាបការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការធ្វើវេទិកាសាធារណៈ និងចុះតាមខ្នងផ្ទះដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ព្រមទាំងបានការពារស្តារនីតិសម្បទាជនងាយរងគ្រោះ តាមរយៈការផ្តល់សេវាគាំទ្រ ប្រឹក្សាយោបល់ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទជាដើម។

លើសពីនេះ អាជ្ញាធរបានតាមដាន និងធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិត ដែលបានវិលត្រឡប់មកពីប្រទេសថៃព្រមទាំងស្វែងរកការងារជូនដល់បងប្អូនពលករ និងបានចុះផ្សព្វផ្សាយផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ពលកម្មកុមារ ការចំណាកស្រុក ដោយប្រថុយប្រថាន ការទប់ស្កាត់ ការរំលោភបំពានលើកុមារ និងការកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអនឡាញ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


