Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី ១ សាទរពេលទទួលបានផ្លូវបេតុងថ្មី ១ ខ្សែ ងាយស្រួលធ្វើដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នាំគ្នា​សាទរ​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ធ្វើការ​ចាក់​បេតុង​ផ្លូវ​ចំនួន ១ ខ្សែ បង្ក​ភាព​ងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ ព្រោះ​កន្លងមក​មាន​ជង្ហុក​សំបុក​មាន់​ជាច្រើន ថែមទាំង​ដក់​ទឹក​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​ផ្លូវ​កំពុង​ធ្វើការ​ចាក់​បេតុង​នេះ​ស្ថិតនៅ​ភូមិ​មានជ័យ ១ ភូមិ​មានជ័យ ២ និង ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក ផល្លា ជា​ប្រជាពលរដ្ឋ បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ និង​ថ្លែង​អំណរ​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ដែល​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ប្រែក្លាយ​កំណាត់​ផ្លូវ​ជា​ផ្លូវ​បេតុង ជូន​ដល់​ពួកគាត់ និង​អ្នក​ធ្វើ​ដំណើរ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ។

លោក ផល្លា លើក​ឡើង​ថា កន្លងមក កំណាត់​ផ្លូវ​ខាង​លើ​នេះ ដែល​មាន​ប្រវែង​តែ​ប៉ុន្មាន​ម៉ែត្រ​តែ​ប៉ុណ្ណោះ ចាប់ផ្ដើម​កើត​មាន​ជង្ហុក ថែមទាំង​ដក់​ទឹក ពិបាក​ពេល​ដែល​ធ្វើដំណើរ សាច​ទឹក​ប្រឡាក់​អ្នក​ធ្វើ​ដំណើរ​ជាដើម។

លោក ជា សារ៉េត ចៅសង្កាត់​ស្ទឹងមានជ័យ ១ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទីតាំង​ការដ្ឋាន​កំពុង​ស្ថាបនា​ចាក់​ផ្លូវ​បេតុង​ថ្មី​នេះ អាជ្ញាធរ​សង្កាត់ បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ ២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ង។ អាជ្ញាធរ បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ឆ្នាំ ២០២៥ លើ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​នេះ​មាន​ប្រវែង ២៥៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ក្នុង​មូលដ្ឋាន​សង្កាត់៕

អត្ថបទ ៖ ម៉េង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម