ព័ត៌មានជាតិ
ម្ចាស់ជើងឯកបាល់ទាត់ “ពានអភិបាលខេត្តមណ្ឌលគិរី” បានទៅលើក្រុមស្នងការដ្ឋាននគរបាលខេត្ត
ក្រោយបញ្ចប់ការប្រកួតកីឡាបាល់ទាត់មហាជនដ៏ស្វិតស្វាញរយៈពេល ៦ ថ្ងៃ ក្នុង “ពានរង្វាន់អភិបាលខេត្តមណ្ឌលគិរី” ឆ្នាំ ២០២៥ បានរកឃើញម្ចាស់ជយលាភីលេខ១ដល់លេខ ៣។ ជាលទ្ធផល ម្ចាស់ជើងឯកលេខ១បានទៅក្រុម ស្នងការដ្ឋាននគរបាលខេត្ត ដោយទទួលបានថវិកាពីអភិបាលខេត្តចំនួន ២.៥០០.០០០រៀល និង១០០ដុលារ។ លេខ២ បានទៅលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានថវិកាចំនួន២.២០០.០០០ រៀល និង១០០ដុលារ និងលេខ ៣ បានទៅលើក្រុមសមាគមសម្ព័នយុវជនមុស្លិមកម្ពុជា ជាមួយនឹងប្រាក់រង្វាន់ ១.៦៣០.០០០រៀល និង ១០០ដុលារ។

គួរជម្រាបថា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានរៀបចំការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់អភិបាលខេត្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញឱ្យវិស័យកីឡាបាល់ទាត់ក្នុងខេត្តកាន់តែមានសកម្មភាពផុសផុល។
នាឱកាសបិទបញ្ចប់ការប្រកួត នៅល្ងាចថ្ងៃទី ២៨ ខែតុលា អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានវាយតម្លៃខ្ពស់ ចំពោះប្រតិភូកីឡាករទាំងអស់ដែលបានចូលរួមក្នុងការប្រកួតរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេសការប្រកួតបានត្រឹមត្រូវ ថែមទាំងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដ។ លោកបញ្ជាក់ថា ការរៀបចំប្រកួតបាល់ទាត់ថ្នាក់ខេត្តនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នូវអាទិភាពគន្លឹះរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងចំណោមនោះ ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជារឿងសំខាន់មួយផងដែរ។

លោកបញ្ជាក់ទៀតថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់អភិបាលខេត្តឆ្នាំ២០២៥ ដែលប្រារព្វឡើងនាពេលនេះ នឹងនាំមកនូវសាមគ្គីភាព មិត្តភាព សេរីភាព ដល់យុវសិស្សយុវជនទាំងអស់ទូទាំងខេត្ត។

លោក លី សាមិ ប្រធានមន្ទីរអប់រំ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត “ពានរង្វាន់បាល់ទាត់អភិបាលខេត្តមណ្ឌលគិរី” ឆ្នាំ២០២៥នេះ មានកីឡាករចូលរួមប្រកួតសរុប ១២ក្រុមស្មើ នឹង៣០០នាក់ និងគណៈកម្មការរៀបចំប្រកួតសរុបចំនួន៥០នាក់។ ក្រុមមកពីបណ្តាស្រុកក្នុងទាំង ១២ ត្រូវបានបែងចែកជា ៤ ពូល ដែលក្នុងមួយពូលមាន ៣ ក្រុមសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ។ បន្ទាប់មក ក្រុមលេខ១ និងលេខ ២ នៃពូលទាំង ៤ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដើម្បីបន្តការប្រកួតវគ្គខ្វែងរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅពេលខាងមុខនេះ ខណៈថ្នាក់ដឹកនាំខេត្តជំរុញ ទៅដល់ប្អូនៗដែលជាយុវជនងាកមកស្រឡាញ់កីឡាឱ្យបានច្រើន ដើម្បីដុសខាត់សមត្ថភាពកីឡា ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


