ព័ត៌មានជាតិ
សម្ដេចធិបតីបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលចំពោះវិនិយោគិនជប៉ុនដែលបណ្ដាក់ទុននៅកម្ពុជា
ដើម្បីជំរុញការអនុវត្តផែនការធុរកិច្ចរបស់សមាគមជប៉ុន-កម្ពុជា ក្នុងវិស័យសំខាន់ៗនៅក្នុងកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការគាំទ្រគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាលចំពោះអ្នកវិនិយោគជប៉ុន ដែលបណ្ដាក់ទុននៅកម្ពុជា។

ការគូសបញ្ជាក់នេះបានធ្វើឡើងក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី ទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលដឹកនាំដោយលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ជាប្រធានសមាគម។ ជំនួបដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន៣០ក្រុមហ៊ុន។

លោក តាកាហាស៊ី ហ្វូមីអាគី បានជម្រាបសម្ដេចធិបតីពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ប្រធានសមាគមរូបនេះ ក៏បានលើកឡើងនូវការចាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញពលករកម្ពុជា វិស័យកសិឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផល និងវិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជាពេលកន្លងមក។

សម្ដេចធិបតីបានសង្កត់ធ្ងន់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក៏ដូចជាផែនការរបស់សមាគមជប៉ុន-កម្ពុជា ដែលបានរៀបចំ និងដាក់ឱ្យអនុវត្ត។ សម្ដេច បានគូសបញ្ជាក់ទៅកាន់គណៈប្រតិភូជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគមនៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានានូវដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រេីនប្រទេសកម្ពុជា និយាយជារួម សម្ដេចធិបតី បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគមជប៉ុន-កម្ពុជា ដេីម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ចូលរួមសិក្សានិងស្វែងយល់បន្ថែមលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន នាពេលអនាគត បន្ទាប់ពីកម្ពុជា និងជប៉ុន បានឯកភាពគ្នាបង្កេីតគម្រោង«កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


