Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្កើនការយកចិត្តទុកដាក់ ស្តារប្រព័ន្ធលូ ប្រឡាយទឹក បញ្ចៀសការជន់លិចនារដូវវស្សា

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តសកម្មភាពក្នុងការបង្កើនការយកចិត្តទុកដាក់ចុះស្តារប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញនារដូវវស្សានេះ។ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ ដែលទទួលរងការទម្លាក់ទឹកពីបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ។ ស្របនឹងការទទួលរងនេះ អាជ្ញាធរសង្កាត់ខណ្ឌ បានបង្កើនការគិតគូរខ្ពស់លើការថែរក្សាផ្ទៃប្រឡាយ និងប្រព័ន្ធលូឲ្យមានភាពស្អាតល្អបង្កលក្ខណៈងាយស្រួលដល់លំហូរទឹកពេលមានការជន់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ និងសាធារណការ បានឲ្យដឹងថាកិច្ចការងារកាយ និងស្តារប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹកនេះ គឺទាមទារឲ្យមានការចូលរួមសហការល្អពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋ។

លោកបន្ថែមថា បច្ចុប្បន្នក្រុមការងារអាជ្ញាធររាប់តាំងពីថ្នាក់ភូមិសង្កាត់រហូតដល់ខណ្ឌ គឺតែងតែចុះតាមដានមើលជាប្រចាំតាមទីតាំងប្រព័ន្ធបង្ហូរទឹកទាំងអស់ក្នុងមូលដ្ឋាន ដើម្បីធានាថាប្រព័ន្ធបង្ហូរទឹកបានសម្អាតស្អាតល្អ ប៉ុន្តែបើមានការកកស្ទះដោយកត្តាណាមួយក្រុមការងារជំនាញនឹងចុះកាយស្តារភ្លាមតែម្តង មិនទុកឲ្យបង្កជាការកកស្ទះដល់ចរន្តទឹកហូរនោះឡើយ។

លោក អាន លីហួរ ជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានសម្តែងក្តីរីករាយចំពោះការបន្តយកចិត្តទុកដាក់របស់អាជ្ញាធរ ដោយចាត់ទុកថានេះគឺជាសកម្មភាពបម្រើផលប្រយោជន៍រួមជូនប្រជាជន និងសង្គមជាតិ។ វាក៏ជាផ្នែកសំខាន់មួយជួយបញ្ចៀសបានពីការជន់លិចពេលមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

គួរបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ខាងមុខ។

រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន៥០គម្រោងសម្រាប់រយៈពេល៥ឆ្នាំ ហើយបច្ចុប្បន្នគម្រោងធំមួយចំនួនបានរួចហើយ និងកំពុងអនុវត្តក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេរួមមាន ៖ តំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ , តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពន់ និងតំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែកជាដើម៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម