Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមអន្តរជាតិបន្តអះអាងពីសុវត្ថិភាពទាហាន១៨រូបរបស់កម្ពុជា ដែលថៃកំពុងឃុំខ្លួន

បានផុស

នៅ

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានរាយការណ៍ប្រាប់កម្ពុជាអំពីស្ថានភាពទាហានទាំង១៨រូបរបស់កម្ពុជា ដោយអះអាងថា ទាហានកម្ពុជាដែលស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ គឺមានសុវត្ថិភាព។ ការអះអាងនេះ ធ្វើឡើង ក្រោយប្រតិភូកាកបាទក្រហមអន្តរជាតិបានជួបសួរសុខទុក្ខជាលើកទី៤ ជាមួយទាហានទាំង១៨រូប ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ បានគូសបញ្ជាក់ថា ទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ហើយបញ្ជាក់បន្ថែមថា លោកបានប្រគល់លិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤រួចរាល់ផងដែរ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។

ដំណឹងនេះ ត្រូវបានលោក Jurg Montani ចែករំលែកនៅក្នុងជំនួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកឧត្តសេនីយ៍ឯក បញ្ជាក់ថា ក្រសួងការពារជាតិបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែកម្លាំងរបស់កម្ពុជាទាំង១៨នាក់វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

ក្នុងពេលដែលកម្ពុជាកំពុងទទួលរងការឈ្លានពានជាថ្មីពីយោធាថៃ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាខាងលើក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក បានគូសបញ្ជាក់ទៅកាន់ប្រធានប្រតិភូគណៈកម្មការអន្តរជាតិនៃកាកបាទក្រហម ថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម