ព័ត៌មានជាតិ
សម្តេចតេជោ អំពាវនាវឲ្យប្រជាជនរួបរួមសាមគ្គី ការពារជាតិ និងរក្សាសន្តិភាព ក្នុងឱកាសខួបទី ៤៧ ថ្ងៃជ័យជម្នះ ៧មករា
ក្នុងឱកាសអបអរសាទរខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសាររំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យបានរស់រានមានជីវិតឡើងវិញ និងបើកចំហសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោបានលើកឡើងថា របបប៉ុល ពត ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានប្រព្រឹត្តឧក្រិដ្ឋកម្មយ៉ាងសាហាវ បណ្តាលឱ្យជនរួមជាតិរាប់លាននាក់ស្លាប់ដោយអយុត្តិធម៌ និងធ្វើឱ្យសង្គមជាតិត្រូវរលាយខ្ទេចខ្ទីដល់ឫសគល់។ សម្តេចបានអំពាវនាវឱ្យជនរួមជាតិចងចាំប្រវត្តិសាស្ត្រនេះជានិច្ច និងលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់។
សម្តេចតេជោបានរំលឹកថា នៅក្នុងស្ថានភាពដ៏ងងឹតបំផុត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំការតស៊ូរំដោះជាតិ រហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ មករា ១៩៧៩ និងបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជន។ សម្តេចក៏បានបញ្ជាក់ពីគុណូបការៈដ៏ធំធេងរបស់វីរយុទ្ធជនកម្ពុជា និងការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម។
សម្តេចតេជោបានបញ្ជាក់ថា ក្រោយថ្ងៃជ័យជម្នះ ៧មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នា ស្តារ និងកសាងប្រទេសពីគំនរផេះផង់ រហូតសម្រេចបានសមិទ្ធផលធំៗ មានសន្តិភាពពេញលេញ ប្រជាធិបតេយ្យចាក់ឫស និងសេដ្ឋកិច្ចមានការលូតលាស់ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ន សម្តេចតេជោបានលើកឡើងអំពីភាពស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ និងបញ្ហាសន្តិសុខតាមព្រំដែនកម្ពុជា–ថៃ ដោយអះអាងថា ភាគីថៃបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ សម្តេចបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តសិទ្ធិស្វ័យការពារខ្លួន ខណៈរាជរដ្ឋាភិបាលប្រកាន់ជំហរអត់ធ្មត់ និងខិតខំដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
សម្តេចតេជោបានស្វាគមន៍ការឯកភាពអនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃទី២៧ ធ្នូ ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ និងបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមជំរុញដំណោះស្រាយសន្តិភាព។
នៅទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនគ្រប់រូប បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» លើកកម្ពស់ស្មារតីស្នេហាជាតិ និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីការពារ និងកសាងប្រទេសឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


