Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពភ្នែក និងចែកវែនតាដោយឥគិតថ្លៃជូនពលរដ្ឋ៥០០នាក់ក្នុងសង្កាត់ក្រាំងធ្នង់

បានផុស

នៅ

មន្ទីរពេទ្យព្រះអង្គឌួងបានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពភ្នែក និងចែកវែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណ៥០០នាក់រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលាសង្កាត់ក្រាំងធ្នង់ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោក ប៉ាង ពៅ នាយកអភិវឌ្ឍន៍កម្មវិធីចិរភាពកម្ពុជា និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសនៃអង្គការហ្រេ្វដហូឡូ និងប្រជាពលរដ្ឋជាច្រើនទៀត។

លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរព្រោះថា សុខភាពភ្នែកមានសារសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចនេះការព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ និងសុក្រឹតដោយក្រុមគ្រូពេទ្យជំនាញនឹងជួយធ្វើឱ្យភ្នែករបស់ពួកគាត់មានសុខភាពល្អ។

លោកសាស្ត្រាចារ្យ រង លូ លីឃាង បានបន្តថា ការចុះពិនិត្យភ្នែកនេះមន្ទីរពេទ្យសហការជាមួយអង្គការ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ ក្នុងនោះមូលនិធិ វ័ន សាញចែកវែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថា មានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វែនតាដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយឬតម្រូវឱ្យការវះកាត់ភ្នែកអញ្ជើញទៅមន្ទីរពេទ្យព្រះអង្គឌួងឱ្យបានលឿនបំផុតហើយការវះកាត់គឺមិនគិតថ្លៃទេដោយអង្គការហ្វ្រេដហូឡូជាអ្នកជួយឧបត្ថម្ភ។

លោកសាស្ត្រាចារ្យ រង លូ លីឃាង បានថ្លែងអំណរគុណដល់អង្គការទាំងពីរដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីចុះពិនិត្យព្យាបាលភ្នែកនាពេលនេះហើយតាមរយៈកិច្ចសហការនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានកាន់តែប្រសើរ។

លោក ប៉ាង ពៅ នាយកអភិវឌ្ឍន៍កម្មវិធីចិរភាពកម្ពុជា បានមានប្រសាសន៍ថាការចែកជូនវែនតាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនេះក្នុងគោលបំណងឱ្យប្រជាពលរដ្ឋទូទៅទទួលបានសេវាកម្មថែទាំភ្នែកបានត្រឹមត្រូវនិងសុក្រឹតនិងកែតម្រូវកំហើញតាមរយៈការទទួលបានវែនតាដ៏ត្រឹមត្រូវ។

លោក បាក់ តូក្យូ នាយកប្រចាំប្រទេសនៃអង្គការហ្រេ្វដហូឡូបាន អំពាវនាវថានៅពេលដែលបងប្អូនជួបគ្រូពេទ្យហើយគ្រូពេទ្យរកឃើញថាមានបញ្ហាកន្ទុយថ្លែងឬបញ្ហាបាយភ្នែកឬបញ្ហាផ្សេងទៀតដែលទាមទារឱ្យបកបាយឬវះកាត់តូចណាមួយនៅមន្ទីរពេទ្យសូមបងប្អូនអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យព្រោះថាវានឹងជួយធ្វើឱ្យសុខភាពភ្នែកបងប្អូនបានល្អប្រសើរតែបើមិនធ្វើតាមទេអាចនឹងមានបញ្ហាប្រឈមទៅថ្ងៃក្រោយដូចជាធ្វើឱ្យពិការភ្នែកជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម