ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានកំណើនរង្វង់ខ្ទង់ ៥% ក្នុងឆ្នាំ ២០២៦
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបានកំណើន ៥% ក្នុងឆ្នាំ ២០២៦ បើទោះត្រូវប្រឈមភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់ និងសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រ នយោបាយ កាន់តែស្រួចស្រាល់។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជា» នៅព្រឹកមិញនេះ លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំបន្ទាប់ពីវិបត្តិនៃជំងឺ កូវីដ-១៩ ជាសកល។
ទោះបីជាត្រូវបន្តពុះពារជម្នះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពតំបន់និងសកល ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនសម្រាប់ឆ្នាំ ២០២៦ នេះ។

«ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ប្រមាណ ៥,២% និងរំពឹងសម្រេចបានប្រមាណ ៥% ក្នុងឆ្នាំ ២០២៦ នេះ»។ លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់។
លោករដ្ឋមន្រ្តីបន្តថា ចាប់តាំងពីដើមនីតិកាល ទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនិងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សំដៅកែលម្អបរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ ដែលបានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់គួរជាទីមោទនៈ។
ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេសក្នុងឆ្នាំ ២០២៥ កន្លងទៅមានទំហំទុនសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក មានកំណើន ៤៥% បើធៀបនឹងឆ្នាំ ២០២៤។
ជាមួយគ្នានេះ ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២៥ ក៏បន្តរក្សាបាននូវចលនការកំណើនល្អគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ការនាំចេញសរុប ក្នុងឆ្នាំ ២០២៥ បានកើនប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ ២០២៤។ ចំពោះរំហូរភ្ញៀវទេសចរណ៍ ការធ្វើដំណើរ និងកញ្ចប់ទេសចរណ៍ទីផ្សារឆ្ងាយរបស់ទេសចរបរទេស មកកាន់កម្ពុជា ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរតួយ៉ាងដូចជា ទេសចរពីអឺរ៉ុប, អូស្ត្រាលី និង ឥណ្ឌា។

រដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជា» តាមរយៈការដាក់ចេញវិធានការជាកញ្ចប់ដែលមានលក្ខណៈច្បាស់លាស់ និងជាក់ស្តែង ដែលផ្អែកលើសសរស្តមធំៗចំនួន ៣ រួមមាន៖
ទី១. ការគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យម នៅក្នុងវិស័យដែលត្រូវបានរំពឹងទុកថានឹងមានកំណើនយឺត។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកលែង អនុគ្រោះនិងពន្យារពេលអនុវត្តពន្ធក្នុងវិស័យគន្លឹះមួយចំនួនដូចជា វិស័យកសិកម្ម, ទេសចរណ៍, សំណង់ និង អចលទ្រព្យ, អប់រំ, អាកាសចរណ៍, សិល្បៈ និងភាពយន្តជាដើម។
ទី២. ដោះស្រាយបញ្ហាប្រឈមចម្បងៗរបស់វិស័យឯកជនដូចជា៖ ការលើកកម្ពស់បរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ; ការជំរុញការផលិត និង ការប្រើប្រាស់ផលិតផលក្នុងស្រុក ការលើកកម្ពស់កិច្ចគាំពារសង្គម និង ការធានាចីរភាពបរិស្ថាន; ព្រមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មសមាហរណ និង ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចសំខាន់ៗតាមបណ្តាខេត្តនៅភូមិភាគឦសាន, ព្រមទាំងខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ, ប៉ៃលិន និងសៀមរាប។
ទី៣. កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ ផ្តោតលើការបន្តជំរុញការប្រើប្រាស់ប្រព័ន្ធអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ឲ្យអស់លទ្ធភាព, លើកកម្ពស់ការទុកចិត្តលើការនាំចេញពីកម្ពុជា, ជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ, ត្រៀម និងសម្របខ្លួន ក្នុងការទទួលយក និងអនុវត្តបទប្បញ្ញត្តិដែលមានស្តង់ដា និង កាតព្វកិច្ចខ្ពស់ជាងមុន, ពង្រឹងស្ថិរភាព និង ភាពធន់ ព្រមទាំងជំរុញភាពស៊ីជម្រៅនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, និងបន្តជំរុញការអភិវឌ្ឍ បច្ចេកវិទ្យា និង នវានុវត្តន៍៕
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


