Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គ្រោងដំណើរការសាកល្បងប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ

បានផុស

នៅ

ក្រសួងសុខាភិបាល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) បានបោះជំហានថ្មីមួយទៀតក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ដោយគ្រោងដាក់ដំណើរការសាកល្បងប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ លោក ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានជួបប្រជុំពិភាក្សាការងារជាមួយ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ) ដើម្បីពិនិត្យវឌ្ឍនភាព និងពន្លឿនការងារបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាល។

លទ្ធផលនៃកិច្ចប្រជុំបានពិភាក្សា និងឯកភាពលើចំណុចសំខាន់ៗ ដូចជា ប្រព័ន្ធពិគ្រោះជំងឺពីចម្ងាយ (Telemedicine) ដែលជាបច្ចេកវិទ្យាពិគ្រោះព្យាបាលថ្មី ដោយគ្រោងនឹងដាក់ដំណើរការសាកល្បងនៅ មន្ទីរពេទ្យគោលដៅចំនួន២ ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិគ្រោះ និងព្យាបាលជំងឺ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទៅលើ ប្រព័ន្ធបញ្ជីចាក់វ៉ាក់សាំង (EIR) ដែលប្រព័ន្ធនេះបានត្រៀមខ្លួនរួចរាល់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី១ ឆ្នាំ២០២៦។ បច្ចុប្បន្នប្រព័ន្ធមានទិន្នន័យកំណត់ត្រាវ៉ាក់សាំងជាង ១ លាននាក់ ដែលនឹងជួយសម្រួលដល់ការតាមដានប្រវត្តិវ៉ាក់សាំងរបស់ប្រជាពលរដ្ឋ។

ចំណែក ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (HFMS) បានបញ្ចប់ដំណាក់កាលទី១ ដោយជោគជ័យ ដោយអាចបង្ហាញទីតាំង និងទិន្នន័យមន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជន នៅលើ Dashboard។ ក្នុងនោះ ក្រុមការងារកំពុងបន្តដំណាក់កាលទី២ លើការចុះបញ្ជីមូលដ្ឋានសុខាភិបាល និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព។ លើសពីនេះ សុវត្ថិភាពឯកសារ (Verify.gov.kh) ជាជំហានៗគ្រោងដាក់បញ្ចូល QR Code ស្តង់ដារបស់ Verify.gov.kh លើឯកសារផ្លូវការតម្រូវនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាភាពត្រឹមត្រូវ និងសុវត្ថិភាពឯកសារ។

បើតាមក្រសួងសុខាភិបាល លទ្ធផលខាងលើនេះ ជាកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការនាំយកបច្ចេកវិទ្យាទំនើបមកបម្រើសុខភាពសាធារណៈ និងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ រួមគ្នា របស់ក្រសួងសុខាភិបាល និង គ.រ.ឌ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម