ព័ត៌មានជាតិ
តំបន់ទេសចរណ៍ទស្សនាសត្វជ្រឹង ស្ទើរក្លាយជាទីរហោស្ថាន
ទីតាំងដែលហ្វូងសត្វជ្រឹងតែងតែទម្លាក់ខ្លួនរយីងរយោងនៅតាមមែកឈើបង្កើតទៅជាទស្សនីយភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅគយគន់កម្សាន្ត ឥឡូវស្ទើរក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសារតែហ្វូងសត្វជ្រឹងបានប្ដូរដើមឈើសម្រាប់រស់នៅផង រីឯសួនដែលរៀបចំឡើងសម្រាប់ឲ្យភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ក៏មានតែស្មៅដុះទ្រុបទ្រុលតែប៉ុណ្ណោះ។

បើតាមការរៀបរាប់ពីអ្នកភូមិដែលរស់នៅក្នុងតំបន់ជុំវិញបរិវេណវត្តបានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំកន្លងមក នៅទីអារាមវត្តបាយដំរាំ ស្ថិតក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង គឺមានហ្វូងសត្វជ្រឹងបាននាំគ្នាមករស់នៅតាមដើមឈើនៅក្នុងទីអារាមនេះរាប់រយរាប់ពាន់ក្បាល ដោយនៅក្នុងទីអារាមនេះមានដើមឈើធំៗជាច្រើន ដែលជាជម្រកដ៏ល្អសម្រាប់ពពួកសត្វជ្រឹងទាំងនេះ។

អ្នកភូមិបានបន្តថា ក្រោយមកក៏មានក្មេងៗ បាននាំគ្នាយកជំពាមកៅស៊ូតាមបាញ់សត្វជ្រឹងទាំងនេះទើបធ្វើឲ្យហ្វូងជ្រឹងនាំគ្នាហោះហើរមករស់នៅលើដើមជ្រេសមួយដើមដែលស្ថិតនៅខាងមុខវត្តបាយដំរាំនេះវិញ ហើយចាប់តាំងពីពេលនោះមកទាំងព្រះចៅអធិការវត្ត ទាំងអាជ្ញាធរក៏បានដាក់បម្រាមហាមមិនឲ្យបុគ្គលណាមួយធ្វើការបាញ់ប្រហារទៅលើសត្វជ្រឹងទាំងនេះជាដាច់ខាត ដោយទុកឲ្យភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។
ចាប់តាំងពីពេលនោះមក ហ្វូងសត្វជ្រឹងរាប់រយរាប់ពាន់ក្បាលបានរស់នៅយ៉ាងសុខសាន្តនៅលើដើមជ្រេសដ៏ធំមួយ ដែលស្ថិតនៅខាងមុខវត្ត និងជាប់ដងស្ទឹងសង្កែក្បែរស្ពានបាឡេបាយដំរាំ ហើយក៏តែងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិតាមរយៈមគ្គុទេសនាំចូលទៅទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍សម្រាប់ហ្វូងសត្វជ្រឹងទាំងនេះផង។

រយៈពេលប្រមាណជាងមួយឆ្នាំកន្លងទៅនេះ រដ្ឋបាលស្រុកបាណន់បានរៀបចំទីតាំងខាងលើដោយឲ្យប្រជាពលរដ្ឋទៅលក់ដូរនៅផ្សារខាងក្រោយវត្តដោយទុកទីតាំងខាងលើនេះដើម្បីរៀបចំជាសួន និងសាលាឆទានទុកឲ្យភ្ញៀវទេសចរមកអង្គុយកម្សាន្ត និងទស្សនាហ្វូងសត្វជ្រឹងទាំងនេះ។ ប៉ុន្តែក្រោយពីបានចាក់ដីរៀបចំដាំដើមឈើ និងធ្វើសាលាឆទានរួចក៏ស្រាប់តែដើមជ្រេសដែលជាជម្រកសត្វជ្រឹងបានងាប់ដោយគ្មានមូលហេតុ ធ្វើឱ្យហ្វូងសត្វជ្រឹងបានផ្លាស់ប្ដូរទីជម្រកទៅរស់នៅតាមដើមគរចំនួនពីរដើមដែលនៅមិនឆ្ងាយពីដើមជ្រេសប៉ុន្មានឡើយ។ ហើយនៅទីស្នាក់អាស្រ័យថ្មីនេះ គឺកាន់តែឆ្ងាយពីភ្នែកទេសចរ រីឯសួនដែលរៀបចំឡើងដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ គឺមានតែស្មៅដុះទ្រុបទ្រុលហាក់ដូចជាគ្មានអ្នកថែទាំទាល់តែសោះ បានធ្វើឲ្យតំបន់នេះស្ទើរតែប្រែក្លាយទៅជាទីរហោស្ថាន គឺមានតែស្មៅ ដើមជ្រេសក៏ងាប់ ទីជម្រកថ្មីរបស់សត្វជ្រឹងក៏កាន់តែឃ្លាតឆ្ងាយពីក្រសែភ្នែកភ្ញៀវទេសចរថែមទៀតផង ដូច្នេះហើយបានជាសព្វថ្ងៃ គឺលែងមានភ្ញៀវទេសចរជាតិឬអន្តរជាតិចូលទៅទស្សនាទៀតឡើយ ហើយគួរតែអាជ្ញាធរ ពិសេសគឺលោកមេឃុំដែលមានទីលំនៅនៅចំពីក្រោមដើមជ្រេសនោះគួរតែធ្វើយ៉ាងណារៀបចំសួនឲ្យមានសោភ័ណភាពឡើងវិញ មិនគួរណាបណ្ដែតបណ្ដោយទៅតាមយថាកម្មដូច្នេះនោះឡើយ ដែលជាហេតុធ្វើឲ្យបាត់អស់ភ្ញៀវទេសចរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


