ព័ត៌មានជាតិ
ទោះបានជម្រកថ្មីសមរម្យ តែជនភៀសសឹកនៅតែនឹកផ្ទះចាស់ ចង់ទៅរស់នៅវិញ ទាមទារឱ្យថៃរុះរើបន្លាលួសចេញ
បើទោះបីជាទទួលបានជម្រកបណ្ដោះអាសន្នថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំជូនមានលក្ខណៈសមរម្យ ទីធ្លារធំទូលាយ ងាយស្រួលរស់នៅជាងមណ្ឌលសុវត្ថិភាព ក៏ពលរដ្ឋភៀសសឹកនៅតែនឹករលឹកផ្ទះសម្បែងដ៏កម្សត់ដែលធ្លាប់រស់នៅជាច្រើនឆ្នាំមកហើយ ព្រមទាំងចង់វិលត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើបានដោយទាមទារឱ្យភាគីថៃ ដកកងកម្លាំង ទូរកុងតឺន័រ និងបន្លាលួសចេញពីទឹកដីកម្ពុជា។

អ្នកស្រី ម៉ៅ សាវ៉េត ជនភៀសសឹកមកពីតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា អ្នកស្រីបានរស់នៅក្នុងផ្ទះសម្បែងនៅតំបន់បឹងត្រកួនយ៉ាងកក់ក្ដៅ និងសុខសាន្តប្រមាណ៤០ឆ្នាំមកហើយ ប៉ុន្តែនៅចុងឆ្នាំ២០២៥ យោធាថៃឈ្លានពានបានដាក់ទូរកុងតឺន័រ រាយបន្លាលួសព័ទ្ធយកផ្ទះរបស់អ្នកស្រី និងអ្នកភូមិផ្សេងទៀតជាច្រើនគ្រួសារ។ ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ រៀបរាប់ថាខ្លួនពិតជានឹករលឹក និងសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលខំប្រឹងរកទុកដាក់ជាច្រើនឆ្នាំមកនេះ។

អ្នកស្រី ម៉ៅ សាវ៉េត លើកឡើងថា នៅពេលដែលចូលមករស់នៅជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀបចំជូន អ្នកស្រីមានអារម្មណ៍ស្រួលរស់នៅរស់នៅ ស្រឡះមុខស្រឡះមាត់ ងាយស្រួលស្នាក់នៅជាងការស្នាក់នៅមណ្ឌលសុវត្ថិភាព។ អ្នកស្រីរម្លឹកថា ការរស់មណ្ឌលសុវត្ថិភាពវត្តកណ្ដោលជាង២ខែ គឺជួបប្រទះនូវបញ្ហាមួយចំនួនដូចជា បរិយាកាសមិនអំណោយផល អាកាសធាតុអាក្រក់ កង្វះទឹកបន្ទប់ទឹក និងទឹកប្រើប្រាស់បន្តិចបន្តួច ព្រោះនៅទីនោះមានពលរដ្ឋភៀសសឹករស់នៅជាង១៥០០គ្រួសារ។

បើទោះបីជម្រកបណ្ដោះអាសន្នថ្មីរស់នៅមានភាពងាយស្រួលយ៉ាងណា ក៏អ្នកស្រី នៅតែនឹកផ្ទះ ចង់បានផ្ទះ និងដីធ្លីមកវិញតាមរយៈមធ្យោបាយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោយចូលរស់នៅជម្រកបណ្ដោះអាសន្នថ្មី អ្នកស្រីគូសបញ្ជាក់ថា ៖«ខ្ញុំនៅតែចង់បានផ្ទះសម្បែងដែលធ្លាប់រស់នៅពីមុនមក ចង់បានផ្ទះមកវិញ តែមិនបានចង់សង្គ្រាមទេ ចង់បានសន្តិភាព។ ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលថា គាត់នឹងអាចដោះស្រាយបាន។»។

រីឯលោក ជា ឃាំង ជនភៀសសឹក មកពីតំបន់បឹងត្រកួនដូចគ្នា ក៏មានអារម្មណ៍នឹកផ្ទះសម្បែង ដែលធ្លាប់រស់នៅ និងចង់វិលត្រឡប់ទៅផ្ទះសម្បែងវិញ។ លោកក៏បង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ដើម្បីទាមទារទឹកដីយកមកវិញ។

ថ្លែងចេញពីខាងក្រោមជម្រកបណ្ដោះអាសន្នដែលទើបនឹងចូលរស់នៅក្រោយរដ្ឋាភិបាលសាងសង់ជូនថ្មីៗ បុរសវ័យជាង៦០ឆ្នាំ រូបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖«នឹកផ្ទះ ធ្លាប់រស់នៅកក់ក្ដៅ មានផ្ទះ មានដីរស់នៅ បែជាកើតជាជនជាភៀសសឹកចឹង មានការសោកស្ដាយ។»។

គួរឱ្យដឹងថាជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងពលរដ្ឋមកពីភូមិចំនួន៥នៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាង២៨០០គ្រួសារ ត្រូវបានរាជរដ្ឋាភិបាលរៀបចំសាងសង់រចនាសម្ព័ន្ធ និងជម្រកបណ្ដោះអាសន្ន សម្រាប់ឱ្យរស់នៅអន្តរកាលនៅក្នុងភូមិសាស្ត្រភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ក្នុងពេលដែលរដ្ឋាភិបាលកំពុងទាមទារទឹកដីដែលថៃកាន់កាប់តាមវិធានការការទូត និងផ្លូវច្បាប់។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ ពលរដ្ឋសរុប៨២២គ្រួសារមកពីតំបន់បឹងត្រកួន ក្នុងនោះភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ ដែលចាប់ឆ្នោតចូលរស់នៅជម្រកបណ្ដោះអាសន្នជាលើកទី១ កាលពីថ្ងៃ១៨ ខែមីនា បានបន្តរៀបចំ និងចូលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរ។ ការចាប់ឆ្នោតជាលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ខែមេសា ខាងមុខ ដើម្បីឱ្យពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យអាចចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នមុនរដូវវស្សារមកដល់។

លោក អះអាងថា រាជរដ្ឋាភិបាល បានសាងសង់ជម្រកបណ្ដោះអាសន្នប្រមាណ៣ពាន់ខ្នង នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដោយភ្ជាប់មកនូវហេដ្ឋារចនាសម្ព័ន្ធតបណ្ដាញទឹកស្អាត អគ្គិសនីចូលដល់ក្នុងខ្នងផ្ទះ ផ្លូវខ្វាត់ខ្វែង និងមានផ្លូវធំចាក់បេតុង ដាក់លូ សាងសង់សាលារៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ និងមន្ទីរពេទ្យ និងរៀបចំគម្រោងផ្សេងៗគាំទ្រដល់ការរស់នៅចិញ្ចឹមជីវិតពលរដ្ឋ ដែលរៀបចំជាលក្ខណៈទីប្រជុំជន។

សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។

ទាំងអ្នកស្រី ម៉ៅ សាវ៉េត និងលោក ជា ឃាំង ដែលជាជនភៀសសឹក សុទ្ធតែមានជំនឿជឿជាក់ចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគី និងរំពឹងថា រដ្ឋាភិបាលអាចទាមទារទឹកដី និងផ្ទះរបស់ពួកគាត់ពីយោធាថៃមកវិញទោះបីជាត្រូវចំណាយពេលយ៉ាងណាក៏ដោយ៕
ដោយ/ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


