ព័ត៌មានជាតិ
ស្វែងយល់សំណង់សំខាន់ៗសម័យបារាំង និងសម័យសម្តេចតា បន្សល់ទុកជាតឹកតាងក្នុងខេត្តស្ទឹងត្រែង
នៅក្នុងខេត្តស្ទឹងត្រែងមានបន្សល់ទុកសំណង់ប្រវត្តិសាស្រ្តមួយចំនួន ដែលត្រូវបានកសាងឡើងជំនាន់សម័យអាណានិគមបារាំង ក៏ដូចជាជំនាន់សម្តេចតាដឹកនាំប្រទេស។
ក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តស្ទឹងត្រែងរបស់ក្រុមអ្នកសារព័ត៌មាន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានបង្ហាញពីសំណង់ប្រវត្តិសាស្រ្តមួយចំនួនដែលបន្សល់ទុកក្នុងខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តបានគូសរំលេចដោយកត់សម្គាល់ថា សំណង់ដែលសេសសល់ក្នុងខេត្តស្ទឹងត្រែងសាងសង់ជំនាន់បារាំងគ្រប់គ្រងប្រទេសកម្ពុជា និងជំនាន់សម្តេចតាភាគច្រើនមានសភាពទ្រុឌទ្រោម ប៉ុន្តែកំពុងត្រូវបានអភិរក្សជាមរតកបេតិកភណ្ឌជាតិ។ សំណង់ជាតឹងតាងប្រវត្តិសាស្រ្តទាំងនោះមាន៖
អតីតព្រះរាជដំណាក់របស់ព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ
មានទីតាំងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង នៅចំចំណុចប្រសព្វរវាងទន្លេសេកុង និងទន្លេមេគង្គ។ ដោយសារមើលឃើញគុណតម្លៃជាស្នាដៃមរតករបស់អតីតព្រះមហាក្សត្រខ្មែរ ហើយតាមសំណើរបស់រដ្ឋបាលខេត្តនិងមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រះមហាក្សត្រីបានសព្វព្រះរាជហឫទ័យប្រគល់ព្រះរាជដំណាក់នេះមកឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីកសាងទៅជាព្រះសារមន្ទីរសម្រាប់តម្កល់ឯកសារ។
ខណៈតំបន់នោះធ្លាប់ជាតំបន់សង្គ្រាម បច្ចុប្បន្នអ្នកជំនាញស៊ីម៉ាក់កំពុងធ្វើការរុករកនិងសម្អាតគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះដើម្បីធានាសុវត្ថិភាព។

អតីតអគារសាលាខេត្តចាស់
អតីតអគារសាលាខេត្តចាស់ ជាសំណង់ដ៏មានតម្លៃជាប្រវត្តិសាស្រ្តមួយទៀតរបស់ខេត្តស្ទឹងត្រែង ដែលត្រូវបានសាងសង់ឡើងតាំងពីសម័យបារាំង។ សំណង់ដែលធ្លាប់ដើរតួនាទីជាមណ្ឌលរដ្ឋបាលរបស់ខេត្តស្ទឹងត្រែង បច្ចុប្បន្នត្រូវបានអាជ្ញាធរខេត្តកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំកែលម្អប្រែក្លាយទៅជាសារមន្ទីរវប្បធម៌សម្រាប់រក្សាទុកនូវរាល់ចម្លាក់ ឬសម្បត្តិវប្បធម៌ផ្សេងៗ ដើម្បីឱ្យភ្ញៀវទេសចរចូលទស្សនា។
បង្គោលព្រំដែនសម័យបារាំង
បង្គោលព្រំដែនកម្ពុជា-ឡាវជាសំណង់មរតកមួយទៀតរបស់បារាំងដែលបន្សល់ទុកក្នុងខេត្តស្ទឹងត្រែង ដែលមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ ៧ ក្បែរច្រកព្រំដែនត្រពាំងក្រៀល។ គណៈកម្មការព្រំដែនកម្ពុជាមានផែនការរៀបចំប្លង់ និងកែលម្អទីតាំងនោះឱ្យមានជាសួនលម្អ ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ព្រំដែនសម្រាប់ឱ្យពលរដ្ឋអាចទៅកម្សាន្តនិងសិក្សាស្រាវជ្រាវ។

ពាក់ព័ន្ធការអភិរក្សសំណង់មរតកក្នុងខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា រដ្ឋបាលខេត្តបើកក្នុងការទទួលយកគ្រប់ជំនួយមិនថាមកពីបរទេសឬសប្បុរសជនក្នុងស្រុក ដើម្បីចូលរួមអភិរក្សសំណង់ទាំងនេះសម្រាប់ជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានលើកពាក់ព័ន្ធសំណង់សាលាខេត្តចាស់ ខណៈអាជ្ញាធរខេត្តបានលើកសំណើទៅស្ថានទូតហ្វីលីពីនដើម្បីផ្តល់ការគាំទ្រ ហើយខាងស្ថានទូតហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍ និងគ្រោងចុះមកពិនិត្យមើលទីតាំងផ្ទាល់នាពេលខាងមុខ៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


