ព័ត៌មានជាតិ
វិស័យឯកជន ចង់ឲ្យក្រសួងយកចិត្តទុកដាក់ភ្ញៀវទេសចរតាមនាវា ដែលចាយលុយធំ
ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ១៩ ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួច ហើយរំពឹងអាចចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសម្ដែងក្ដីសាទរចំពោះការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដែលជាច្រកចេញតែមួយគត់អាចជួយសង្រ្គោះវិស័យទេសចរណ៍នៅកម្ពុជាឱ្យមានសន្ទុះឡើងវិញ។

លោកស្រីលើកឡើងថា ក្រសួងគួរទាក់ទាញភ្ញៀវទេសចរដែលមានចំណូលខ្ពស់ ជាពិសេសភ្ញៀវធ្វើដំណើរតាមនាវា ដោយសារចំណូលរបស់ភ្ញៀវទាំងនោះមិនសូវប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ទេ។ លោកស្រីសង្កេតឃើញថា ក្នុងចំណោមភ្ញៀវទេសចរណ៍ធ្វើដំណើរតាមនាវាទាំងអស់ មានប្រមាណតែ១០ភាគរយប៉ុណ្ណោះដែលចុះមកទស្សនាកម្ពុជា ដោយសារការផ្គត់ផ្គង់ និងផលិតផលរបស់យើងនៅមានកម្រិតនៅឡើយ។
លោកស្រី ឆាយ ស៊ីវលីន បានអំពាវនាវឱ្យមានការសម្របសម្រួលដល់ភ្ញៀវដូចជាការចូលចតនាវា និងទិដ្ឋការធ្វើដំណើរជាដើម ក្នុងន័យបង្កលក្ខណៈងាយស្រួលដល់ពួកគេចូលមកទស្សនាប្រទេសកម្ពុជា។ ប្រសិនបើការសម្របសម្រួលទាមទារពេលវេលាយូរពេក តឹងតែងពេក ភ្ញៀវទេសចរណ៍ប្រហែលជាមិនចង់ចូលមកទេ ព្រោះពួកគេមានតារាងពេលវេលាកៀកៗគ្នាដែរ។

បន្ថែមពីនេះ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ ក៏ស្នើដល់ក្រសួងប្រកាសលិខិតទាក់ទងនឹងអ្នកធ្វើដំណើរមកកម្ពុជាឱ្យបានឆាប់ និងចែងឱ្យបានច្បាស់លាស់ ដើម្បីឱ្យភ្ញៀវទាំងនោះត្រៀមលក្ខណៈអាចចូលមកទស្សនាប្រទេសកម្ពុជាបាន។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងជំហានដំបូងក្រសួងនឹងធ្វើការជាមួយក្រសួងសុខាភិបាលអំពីលក្ខខណ្ឌសម្រាប់ការបើកទីផ្សារទេសចរណ៍ឡើងវិញនេះ។
“ជាគោលការណ៍ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច អាចចូលមកប្រទេសកម្ពុជានោះ តម្រូវឲ្យធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ទេ”។

ឯកឧត្តមសង្កត់ធ្ងន់ថា ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ទី១គឺការកសាងឲ្យបាននូវទំនុកចិត្តដល់អ្នកទេសចរណ៍ ទី២គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍រួមទាំងតម្លៃឲ្យបានសមរម្យ និងទី៣គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ។
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានដូចជា ប្រទេសសិង្ហបុរី និងប្រទេសថៃ បានបង្ហាញពីផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួននាពេលខាងមុខនេះ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១,៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


