Connect with us

ព័ត៌មានជាតិ

សាលាដំបូងខេត្តតាកែវ ពង្រឹងនីតិវិធីផ្ទេរអនីតិជន​ពីពន្ធនាគារ ទៅមណ្ឌលយុវនីតិសម្បទា

បានផុស

នៅ

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បានបើកកិច្ចប្រជុំសំខាន់មួយជាមួយមណ្ឌលយុវនីតិសម្បទា និងពន្ធនាគារខេត្តតាកែវ ដើម្បីពិភាក្សា និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹង «ការផ្ទេរ និងការបង្វែរការឃុំខ្លួនអនីតិជន» ពីពន្ធនាគារខេត្តតាកែវ ទៅមណ្ឌលយុវនីតិសម្បទា ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការពារសិទ្ធិអនីតិជនឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើ​ឡើង​នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃសាលាដំបូងខេត្តតាកែវ ក្រោមអធិបតីភាពលោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និងលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមពីលោក ភា វណ្ណៈ ប្រធានមណ្ឌលយុវនីតិសម្បទា និងលោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៥០នាក់។

ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានផ្តោតសំខាន់លើការពិភាក្សាអំពីនីតិវិធីនៃការផ្ទេរ និងបង្វែរការឃុំខ្លួនអនីតិជនពីពន្ធនាគារខេត្តតាកែវ ទៅមណ្ឌលយុវនីតិសម្បទា ខេត្តកណ្ដាល ដើម្បីឱ្យការគ្រប់គ្រង និងអប់រំកែប្រែអនីតិជនប្រព្រឹត្តបទល្មើស ស្របតាមគោលការណ៍ច្បាប់ និងស្តង់ដារសិទ្ធិកុមារ។

អង្គប្រជុំក៏បានលើកយកបញ្ហាប្រឈម និងផលវិបាកនានា ដែលកើតមានក្នុងដំណើរការបញ្ជូនអនីតិជនពីសាលាដំបូងទៅមណ្ឌលយុវនីតិសម្បទា ក៏ដូចជាករណីអនីតិជនដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តតាកែវរួចហើយ ត្រូវផ្ទេរទៅឃុំខ្លួននៅមណ្ឌលយុវនីតិសម្បទាវិញ។ បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាអំពីផលលំបាកក្នុងការនាំអនីតិជនជាប់ឃុំ ពីមណ្ឌលយុវនីតិសម្បទា មកចូលរួមនីតិវិធីសាកសួរ និងសវនាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយសារកត្តាចម្ងាយ និងការរៀបចំសន្តិសុខ។

ភាគីទាំងអស់បានរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ និងលើកសំណូមពរដើម្បីធានាឱ្យដំណើរការផ្ទេរ និងគ្រប់គ្រងអនីតិជនប្រព្រឹត្តបទល្មើស ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព គោរពតាមនីតិវិធីច្បាប់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម