Connect with us

ព័ត៌មានជាតិ

ទូត​កម្ពុជា​ចង់​បង្កើត​«មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា»​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី

បានផុស

នៅ

​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប៊ុលហ្គារី​លោក ជា ច័ន្ទបរិបូរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​បណ្ណាល័យ​ជាតិ​សាធារណរដ្ឋ​ប៊ុលហ្គារី​កាល​ពី​ថ្ងៃទី​៦ ខែ​កក្កដា ក្នុង​គោល​បំណង​នាំ​យក«​មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា​»ដាក់​ទៅ​ក្នុង​បណ្ណាល័យ​ជាតិ​ប្រទេស​នេះ​ ដែល​ជា​កិច្ច​ខិតខំ​ពង្រឹង​ការទូត​វប្បធម៌ និង​ការ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វប្បធម៌ និង​វិទ្យសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ច័ន្ទ​បរិបួណ៍ បាន​លើក​ឡើង​ថា​គោល​បំណង​នៃ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​សៀវភៅ កម្ពុជា​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី​នេះ​ គឺ​ដើម្បី​ដាក់​តាំង​សៀវភៅ ឯកសារ និង​សម្ភារៈ​វប្បធម៌​របស់​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រភព​ចំណេះ​ដឹង​សម្រាប់​អ្នក​សិក្សា​ អ្នក​ស្រាវជ្រាវ និស្សិត និង​សាធារណជន​នៅ​ប៊ុលហ្គារី និង​អឺរ៉ុប​។

​លោក​ថា៖ «បច្ចុប្បន្ន បណ្ណាល័យ​ជាតិ​មាន​មជ្ឈមណ្ឌល​សៀវភៅ​របស់​ប្រទេស​ជា​ច្រើន​ ប៉ុន្តែ​មិន​ទាន់​មាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឡើយ។ ដូច្នេះ វត្តមាន​របស់​ «មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា​» នឹង​ធ្វើ​ឱ្យ កម្ពុជា មាន​កន្លែង​សមរម្យ​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នានា ដើម្បី​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ អក្សរសាស្ត្រ សិល្បៈ សាសនា ទេសចរណ៍ និង​ការ​អភិវឌ្ឍ​របស់​ជាតិ​ខ្មែរ»

អគ្គ​នាយកបណ្ណាល័យ​ជាតិ​សាធារណរដ្ឋ​ប៊ុលហ្គារី លោកស្រី Kalina Ivanova បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​បាន​ផ្ដល់​នូវ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​សៀវភៅ​នេះ​ដល់​ទូត​កម្ពុជា​ក្នុង​ការ​រៀបចំ​ផង​ដែរ​។


លោក​ ជា ច័ន្ទ​បរិបូណ៍ បាន​បញ្ជាក់​ថា​ការ​បង្កើត​មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី​មិន​ត្រឹមតែ​ជា​ការ​ដាក់​តាំង​សៀវភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជា​ការ​បង្កើត​ស្ពាន​ចំណេះ​ដឹង​រវាង​អរិយធម៌​ប្រទេស​ទាំង​ពីរ​ផងដែរ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «សៀវភៅ​នីមួយៗ​ដែល​ត្រូវ​ដាក់​លើ​ធ្នើ​បណ្ណាល័យ​ នឹង​ក្លាយ​ជា​ទូត​វប្បធម៌​ដ៏​ស្ងៀមស្ងាត់ ដែល​ប្រាប់​ពិភពលោក​អំពី​ប្រវត្តិសាស្ត្រ អរិយធម៌​ និង​អត្តសញ្ញាណ​របស់​ប្រជាជាតិ​ខ្មែរ»។

​បណ្ណាល័យជាតិ «St. St. Cyril and Methodius» របស់ប្រទេសប៊ុលហ្គារី ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧៨ បន្ទាប់ពីការរំដោះប្រទេសប៊ុលហ្គារី។ អស់រយៈពេលជិតមួយសតវត្សកន្លះមកនេះ បណ្ណាល័យបានក្លាយជាស្ថាប័នចំណេះដឹងដ៏សំខាន់បំផុតរបស់ប្រទេស និងជាមជ្ឈមណ្ឌលជាតិ​សម្រាប់​ការអភិរក្សបេតិកភណ្ឌអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារសំខាន់ៗ។ បណ្ណាល័យនេះ រក្សា​ទុកសៀវភៅ សាត្រាស្លឹករឹត ឯកសារបុរាណ ផែនទី កាសែត រូបថត និងឯកសារ​កម្រ​រាប់​លាន​មុខ ដែលបម្រើដល់អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកអានមកពីជុំវិញពិភពលោក។

ឈ្មោះ «St. St. Cyril and Methodius» ត្រូវបានដាក់ដើម្បីគោរពដល់បងប្អូនបរិសុទ្ធទាំងពីរ ដែល​បាន​ដាក់​គ្រឹះអក្សរសាស្ត្រ​ស្លាវ និង​រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យអប់រំ និងវប្បធម៌​នៅ​អឺរ៉ុប​ខាង​កើត។ បណ្ណាល័យនេះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណេះដឹង និងអត្តសញ្ញាណ​វប្បធម៌​របស់​ប្រទេស​ប៊ុលហ្គារី៕


អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម