ព័ត៌មានជាតិ
ពិធីការិនីទូរទស្សន៍ My TV ដាក់ពាក្យបណ្តឹងតប ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចាប់រំលោភ និងទាមទារសំណង១០ ម៉ឺនដុល្លារ
ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ ម៉ឺនដុល្លារ។
កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ ២០ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន ពីបទលួចទូរស័ព្ទដៃ និងប្រើហិង្សាចាក់ទៅលើឧកញ៉ា ហេង សៀ បណ្តាលឱ្យរងរបួស។

ពាក្យបណ្តឹង របស់ កញ្ញា មាន ពេជ្ររីតា បានប្រាប់ថា ខ្លួនបានស្គាល់ឧកញ្ញា ហេង សៀមួយរយៈកន្លងមក បន្ទាប់ពីនាងបានទៅចូលរួមពិធីសម្ពោធហាងកូនស្រីរបស់លោក។ ក្រោយមកលោក ឧកញ៉ា ហេង សៀ បានព្យាយាមទាក់ទងទៅរូបនាង តាមបណ្តាញសង្គមតេឡេក្រាម ហើយប្រាប់នាងថា ចង់យកនាងធ្វើជាពិធីការិនីនៅពេលចប់កូវីដ។
កញ្ញា មាន ពេជ្ររីតា បន្តថា “ អំឡុងពេលនោះ គាត់បានលួងលោមឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នាងខ្ញុំក៏បានប្រកែកមិនប្រើ”។
បន្ទាប់មកគាត់ (ហេង សៀ) ក៏បានផ្តល់លេខទូរស័ព្ទថ្មី ទៅឱ្យនាង និងបានព្យាយាមផ្ញើប្រាក់ចំនួន ៥ ដង ដែលសរុបទៅមានទឹកប្រាក់ចំនួន ៨៤៧ដុល្លារចូលក្នុងគណី ABA របស់នាង គ្រាដែលនាងបដិសេធមិនទទួលយក តែលោកនៅតែបន្តផ្ញើ ហើយបាននិយាយថាសំណាងណាស់បានស្គាល់នាង។

យោងតាមពាក្យបណ្តឹង នាងបានបន្តរៀបរាប់ដំណើរឿងថា “ក្រោយមកទៀត គាត់ក៏បានប្រើពាក្យលួងលោម ចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនិងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តការរំខានរហូតដល់មានការផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថាគាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ”។
នាងបន្តថា “រហូតដល់ថ្ងៃកើតហេតុ នៅថ្ងៃទី ០៤ អំឡុងពេលម៉ោង ២ រសៀល គាត់បានទូរស័ព្ទប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឱ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រីមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ គាត់បានឱ្យនាងខ្ញុំចាំនៅក្បែរផ្សារ គីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឱ្យចូលក្នុងឡាន។ គាត់ថាឱ្យចូលក្នុងឡានសិនមក ដោយមានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រាប់អ្នកកូវីដ ហើយចំបាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំចូលក្នុង នឹកឃើញថាពេលយកម្ហូបអាហារសម្រាប់ចែកអ្នកូវីដរួចហើយចេញទៅវិញ ពេលនៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាប់អង្អែលភ្លៅ និងប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់ ហើយនិយាយថាពាក្យលេបខាយ និងចង់យកនាងចូលផ្ទះសំណាក់”។

តាមពាក្យបណ្តឹង នាងបន្តថា “ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សុំកុំធ្វើចឹង ប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់ប្រាប់ថាគាត់មានកាំភ្លើង ពេលឭដូច្នេះនាងខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយមិនអាចចេញពីក្នុងឡានបាន នាងខ្ញុំបានរត់មកកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ ហើយខំរើបម្រាស់ច្រានគាត់ចេញ ទាំងដៃទទេ”។
នាងប្រាប់ថា ហេតុការណ៍នេះ មិនបានប្រាប់ឱ្យគ្រួសារខ្លួនដឹងនោះឡើយ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត ស្រាប់តែនៅថ្ងៃទី ០៨ ខែឧសភា សមត្ថកិច្ចអធិការខណ្ឌទួលគោក បាននាំខ្លួននាងទៅឃុំ រយៈពេល ២ ថ្ងៃ ដោយមិនដឹងមូលហេតុ ទើបបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទពីបទលួច មានស្ថានទម្ងន់ទោស ខណៈនាងអះអាងថា មិនបានលួចអ្វីឡើយ។
នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួននារីជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចទូរស័ព្ទដៃនិងប្រើហិង្សា ចាក់ឧកញ៉ាម្នាក់រងរបួស។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោស» និងបង្គាប់ឱ្យបញ្ជូនទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២) រង់ចាំការសម្រេចជាថ្មី៕




អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន