Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង សម្រុក​មក​​នៅ​ទីតាំង​ទាំង​១៤ ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​រាជធានី​

បានផុស

នៅ

​ប្រជាពលរដ្ឋ ដែល​មកចាក់​វាក់​សាំង កាលពី​ម្សិលមិញ និង​នៅ​ព្រឹក​ថ្ងៃ​២៨ មិថុនា​នេះ នៅតែ​បន្ត​សម្រុក​មក​ទទួល​ការចាក់​វ៉ាក់សាំង ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ចុងក្រោយ នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​២៧​មិថុនា ដល់​ថ្ងៃ​០៨​កក្កដា​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លោក ឃួ​ង ស្រេង តែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជារឿយៗ និង​បាន​ជំរុញ​ឲ្យ ក្រុមការងារ ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​ដែនដី សម្រុក​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន និង​បាន​គ្រប់គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២១ ស្របតាម​ការ​កំណត់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​កាត់ផ្តាច់​អោយបាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ច្បារអំពៅ​ ដែល​បាន​មក​ចាក់​វាក់​សាំង​ប្រឆាំង​កូ​វីដ​-១៩ បានបញ្ជាក់​ឲ្យ​ដឹងថា ចំពោះ​ការយឺតយ៉ាវ និង​បានមក​ទទួល​ការចាក់​វ៉ាក់សាំង​នេះ ដោយសារតែ នៅពេល​អាជ្ញាធរ​អញ្ជើញ​ឲ្យ​ពួកគាត់ មក​ចាក់​នោះ ពួកគាត់​មាន​ជំងឺ និង​មួយ​ចំនួនទៀត​ជាប់​ទៅ​ស្រុកកំណើត ទើប​អាក់ខាន​មិនបាន​មក​ទ​ទួល​ការ​ចាក់​វ៉ាក់សាំង​នេះ។ ពួកគាត់​ពិតជា​អរគុណ​ណាស់​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ពន្យារ​ពេល​ឲ្យ​បាន​ការ​ចាក់​វ៉ាក់សាំង ចំពោះ​ពួកគាត់​ដែល​មិនទាន់បាន​មកចាក់​នាពេល​កន្លងមក បាន​ចាក់​នៅពេលនេះ​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​អោយដឹងថា ចំពោះ​ប្រជាពលរដ្ឋ ដែល​មិនបាន​ទទួល​ទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នៅក្នុង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​សរុប ១៩៣៩៩​នាក់ ក្នុងនោះ នៅ​ខណ្ឌ​កំបូល នៅសល់​ចំនួន ៩៨៧​នាក់ ខណ្ឌ​ពោធិ​សែន​ជ័យ នៅសល់​ចំនួន​៤៩៨០​នាក់ ខណ្ឌទួលគោក នៅសល់​ចំនួន ១២៩៧​នាក់ ខណ្ឌ​៧​មករា នៅសល់​ចំនួន​៧៥៥​នាក់ ខណ្ឌដូនពេញ នៅសល់​ចំនួន​៥២១​នាក់ ខណ្ឌ​បឹង​កេងកង នៅសល់​ចំនួន​៧០២​នាក់ ខណ្ឌចំការមន នៅសល់​ចំនួន​២២២​នាក់ ខណ្ឌដង្កោ​នៅសល់​ចំនួន​១៨៨៧​នាក់ ខណ្ឌ​ជ្រោយចង្វា នៅសល់​ចំនួន​២៥៩០​នាក់ ខណ្ឌ​ឬ​ស្សី​កែវ នៅសល់​ចំនួន​៣០០​នាក់ ខណ្ឌ​ច្បារអំពៅ​នៅសល់​ចំនួន​១៨៧៣​នាក់ ខណ្ឌមានជ័យ រួចរាល់ ខណ្ឌ​សែន​សុខ នៅសល់​ចំនួន​១៧៦១​នាក់​និង​ព្រែក​ព្នៅ​នៅសល់​ចំនួន​១៥២៤​នាក់​។

​គួរ​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី បានចេញ​សេចក្តីជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ចុងក្រោយ នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ដោយ​អនុលោម​តាម​ផែនការមេ សម្រាប់​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​អនុគណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​សេនាធិការ និង​ដែលមាន កិច្ចសហការ​ពី​ក្រុមគ្រូពេទ្យ​នៃ កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA) ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក និង​ក្រុមគ្រូពេទ្យ​នៃ​អង្គភាព​ផ្សេងៗ បាន​ដំណើរការ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើងទៅ​នៅ រាជធានី​ភ្នំពេញ​បាន​យ៉ាង​រលូន ស្របតាម​ជំហាន​កម្មវិធី​ការងារ ដែល​បាន​គ្រោងទុក ហើយ​ប្រជាពលរដ្ឋ​ក៏បាន ស្ម័គ្រចិត្ត​យ៉ាង​សស្រាក់សស្រាំ តម្រង់​ជា​ជួរ​មកចាក់​វ៉ាក់សាំង តាម​គោលដៅ​នៃ​ខណ្ឌ​នីមួយៗ ដែល​គិត​មកដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ បាន​ចំនួន ១,៦៦២,៣៥៦ នាក់ (​ដូ​ស​ទី​១) និង ១,៤៩៨,៧៨៧ នាក់ (​ដូ​ស​ទី​២)​។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាល​រាជធានី​ភ្នំ​ពេ​សង្កេតឃើញថា នៅមាន​ប្រជាពលរដ្ឋ​មួយ ចំនួន​តូច​ទៀត​ពុំទាន់ រួសរាន់​មក​ទទួល​ការចាក់​វ៉ាក់សាំង នៅឡើយ​។ ដើម្បី​ឈានទៅ សម្រេច​លទ្ធផល​ឱ្យបាន ជោគជ័យ​១០០% ស្របតាម​ផែនការ យុទ្ធសាស្ត្រ​របស់ គណៈកម្មការ​ចាក់​វ៉ាក់សាំង និង​រាជរដ្ឋាភិបាល ដែល​គ្រោង​បិទ​បញ្ចប់ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន ប្រជាពលរដ្ឋ​នៅ រាជធានី​ភ្នំពេញ នៅ​សប្តាហ៍​ទី​១ ខែកក្កដា ឆ្នាំ​២០២១​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ដែល​កំពុង រស់នៅ​ស្នាក់នៅ ប្រកប​អាជីវកម្ម​មុខរបរ​ផ្សេងៗ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ពុំទាន់​បានទទួល ការចាក់​វ៉ាក់សាំង អញ្ជើញ​រួសរាន់ មកចាក់​វ៉ាក់សាំង ចាប់ពី​ថ្ងៃទី​២៧ ខែមិថុនា រហូតដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ កុំបី​ខាន​នៅតាម​ទីតាំង ដែល​បានកំណត់​ក្នុង​ខណ្ឌ​ទាំង​១៤៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ពលរដ្ឋកម្ពុជាជិត ៤លាននាក់ស្មើនឹងជិត ៤០% ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម