ព័ត៌មានជាតិ
ប្រមុខការទូតនូវែលសេឡង់ អបអរសាទរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន
ការអបអរសាទររបស់ប្រមុខការទូតនូវែលសេឡង់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសកាណាដា និងនូវែលសេឡង់ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធាន ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់។

នៅក្នុងកិច្ចប្រជុំបានរំលឹកអំពីការរៀបចំប្រកបដោយភាពជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-នូវែលសេឡង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងអាស៊ាន និងនូវែលសេឡង់ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់៖ កេរដំណែលនៃភាពជាដៃគូ អនាគតរួមគ្នា។ កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពសំរាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ (២០២១-២០២៥) ស្របតាមមូលបទគន្លឹះ ដែលបានឯកភាព “សន្តិភាព វិបុលភាព ប្រជាជន និងភពផែនដី” ជាមួយនឹងទស្សនៈក្នុងការរួមចំណែកដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥។
អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនូវែលសេឡង់ ក្នុងការពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈការផ្ដល់អាហារូបករណ៍ ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី។ ក្នុងន័យនេះ អាស៊ាន បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ សម្រាប់ការបន្តផ្តល់កម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈកម្មវិធី AHA Center Executive (ACE) ក៏ដូចជាជំនួយដល់ការអភិវឌ្ឍវិស័យកសិកម្មដែលឆ្លាតធន់នឹងអាកាសធាតុ នៅក្នុងប្រទេសជាសមាជិកអាស៊ាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ តាមរយៈសម្ព័ន្ធភាពស្រាវជ្រាវសកល ស្តីពីឧស្ម័នផ្ទះកញ្ចក់។

កិច្ចប្រជុំបានស្វាគមន៍ការចាប់ផ្តើមកិច្ចចរចា ដើម្បីលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងទន្ទឹងដល់កម្មវិធីគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ដែលរហូតមកដល់ពេលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន។
កិច្ចប្រជុំបានរំពឹងដល់ការសំរេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់ ដែលមានគុណភាពខ្ពស់ រវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសនូវែលសេឡង់ ដើម្បីផ្តល់នូវបរិយាកាសមួយដែលកាន់តែបើកចំហសម្រាប់ការតភ្ជាប់ផ្លូវអាកាស និងដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់ចរាចរប្រជាជន និងទំនិញ។ អាស៊ានបានស្វាគមន៍ដល់ការគាំទ្របន្តរបស់នូវែលសេឡង់ សម្រាប់ការអនុវត្តផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤ និងបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កសិកម្មដែលឆ្លាតធន់នឹងអាកាសធាតុ ការសម្រួលធុរកិច្ចនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។

កិច្ចប្រជុំបានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួល ដែលនឹងចប់អាណត្តិ ដែលបានកាច់ចង្កូតដឹកនាំភាពជាដៃគូអាស៊ាន-នូវែលសេឡង់ ឱ្យសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ (២០១៨-២០២១) និងបានសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់ នឹងកាន់តែលូតលាស់ក្រោមការដឹកនាំរបស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលបន្ទាប់ សម្រាប់រយៈពេលបីឆ្នាំខាងមុខ។
ដោយឡែកនៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី Nanaia Mahuta រដ្ឋមន្ដ្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា និងឈានដល់ការឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ និងដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ ដែលជាការបារម្ភ និងចំណាប់អារម្មណ៍រួម។ លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា បានសម្តែងការកោតសរសើរដល់កម្ពុជា ដែលបានធ្វើការងារសម្របសម្រួលយ៉ាងល្អប្រសើរ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។ លោកស្រី ក៏បានអបអរសាទរផងដែរ ដល់ប្រទេសកម្ពុជា ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា រួមមានកម្មវិធីបណ្តុះបណ្តាលភាសា ដើម្បីគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ សកម្មភាពបោសសំអាតមីន និងកម្មវិធីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់ស្ដ្រី ដែលបានបាត់បង់ការងារដោយសារជំងឺរាតត្បាតកូវីដ-១៩៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


