ផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ រងការខូចខាត តែមិនទាន់ធ្ងន់ធ្ងរទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ រងការខូចខាត តែមិនទាន់ធ្ងន់ធ្ងរទេ

បានផុស

នៅ

ផ្លូវមួយចំនួននៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងខ្លះដែរ តែមិនទាន់​មានលក្ខណៈ​ធ្ងន់​ធ្ងរ ដែលមិនអាចជួសជុលបាននោះទេ។ នេះបើតាមការឲ្យដឹង​ ពីប្រធានមន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ ជំនន់​ទឹកភ្លៀង បាន​ធ្វើ​ឲ្យតំបន់​មួយ​ចំនួន​នៅ​ក្រុង​តាខ្មៅ​ នៃខេត្ត​កណ្តាល​រង​ការ​ជន់​លិច ហើយអាជ្ញាធរក៏បានបិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ នូវ​​រថយន្ត​ដឹកទំនិញធុនធ្ងន់ នៅលើកំណាត់​ផ្លូវ​មួយ​ចំនួន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មា​ន​កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា ជំនន់ទឹកភ្លៀង បានធ្វើឲ្យផ្លូវមួយចំនួន នៅក្រុងតាខ្មៅ និងផ្លូវជាតិ​មួយចំនួនទៀត រងការខូចខាតខ្លះដែរ។ ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរ ដែលមិនអាចឲ្យមន្ត្រីជំនាញ ជួសជុល​បាន​នៅឡើយទេ ពោលគឺមន្ទីរសាធារណការ និងដឹកជញ្ជូន អាចមានលទ្ធផលជួសជុលបាន។

លោក ម៉ឹង យូឡេង មានប្រសាសន៍បន្តថា «ផ្លូវនៅក្នុងក្រុង ហើយនៅផ្លូវជាតិមួយចំនួន ដែលវាមានទឹកហូរកាត់ មួ​យ​រយៈខ្លីទៅ ហើយក៏យើងជួសជុលវិញទៅ»។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា សម្រាប់វិធានការនាពេលខាងមុខ គឺ មន្ទីរ​មានផែនការស្ដារលូទាំងអស់ ដែលមាននៅក្នុងក្រុងតាខ្មៅ ហើយសម្រួលឲ្យលំហូទឹកហូរឲ្យបានលឿន។ ក្នុងនោះ​ដែរ មន្ទីរក៏នឹងបង្កើនសមត្ថភាពបូមទឹក ចេញពីក្រុងតាខ្មៅ ហើយក៏មានកញ្ចប់ថវិកា ដើម្បីជួសជុលថែរក្សាផ្លូវ​ជា​ប្រចាំផងដែរ នៅពេលរងការខូចខាត។ «យើងបានរៀបចំខ្លួនរួចស្រេចហើយ ថាតើវាមានបញ្ហាប៉ុនណា យើងនឹង​ដោះស្រាយ តាមស្ថានការណ៍ជាក់ស្ដែង ដែលអាចមាន»។ នេះបើតាមការបញ្ជាក់ពីលោក ម៉ឹង យូឡេង ដដែល។

គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅមិនទាន់ទទួលបានរបាយ​ការ​ណ៍ ពីតាមបណ្ដារាជធានី-ខេត្តនានានៅទូទាំងប្រទេស អំពីបញ្ហាផ្លូវដែលរងការខូចខាតនៅឡើយទេ ខណៈភ្លៀង​នៅ​បន្តធ្លាក់ ហើយជំនន់ទឹកភ្លៀង ក៏អាចនឹងបន្តមានផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services