Connect with us

ព័ត៌មានជាតិ

បើក​រឿងក្តី​​ឲ្យ​ពលរដ្ឋ​​ជម្លោះតទល់គ្នា​ រូបភាព​នៅ​តែ​ចងចាំ​អតីត​អភិបាល​​ខេត្ត​ពោធិ៍សាត់​​​

បានផុស

នៅ

​អភិបាល​ខេត្ត​ជាច្រើន​រូប ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​សម្រួល​ភារកិច្ចថ្មី​។ យ៉ាងណា​ការ​ចាក​ចេញ​របស់​ឯកឧត្ដម​ ម៉ៅ ធនិន អតីត​អភិបាល​ខេត្ត​ពោធិ៍សាត់ ហាក់​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍ជា​ងគេ។

ខណៈ​មន្រ្តី​ខេត្ត​រូប​នេះបាន​សាង​ភាព​លេចធ្លោ​ជាពិសេស​ ការ​ដោះស្រាយ​រឿងក្តីក្តាំង តាមរយៈ​​វេទិកា​ទល់​មុខ​ជាមួយ​ប្រជាពលរដ្ឋ​ស្ទើររៀងរាល់សប្តាហ៍ ហើយ​សម្រេច​ក្តី​ដោយលើ​ក​យក​ហេតុនិងផល​ សម្របសម្រួលពី​រឿង​ធំ​ទៅ​រឿងតូច ​ទទួលបានការគាំទ្រ​និងល្បី​រហូត​ត្រូវ​បាន​មហាជន​ប្រសិទ្ធិ​នាមថា​ប៉ាវចិនខ្មែរ​ទៀតផង។ ​ជារឿយៗ ឯកឧត្តម​តែងតែ​កោះ​ប្រជុំ​មន្ត្រី​រដ្ឋបាល​តាម​ស្រុក​តាម​មូលដ្ឋាន​ជុំវិញខេត្ត ជួបផ្ទាល់​ជាមួយប្រជាពលរដ្ឋដែលមានវិវាទនឹងគ្នា រាប់ចាប់​តាំងពីវិវាទ​គ្រួសារ​ដល់​វិវាទ​ដីធ្លី។

ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក លោក ម៉ៅ ធនិន តែងតែ​ចំណាយ​ពេល​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋរាប់​ពាន់​ករណី តាម​រយៈ​វេទិកា​ចំហរ​ទល់​មុខ​គ្នា​នៅ​សាល​ពន្លាជ័យក្នុងសាលាខេត្តពោធិ៍សាត់ មិន​ថា​រឿង​ទំនាស់​ក្នុង​គ្រួសារ និង​បណ្ដឹង​តវ៉ា​ផ្សេងៗ​ទៀត​ទូទាំង​​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះ​ក្នុង​គ្រួសារ​មានទាំង​ឪពុកម្តា​យ​ក្មេក​ឈ្លោះប្រកែកជាមួយកូនប្រសារ រឿងគ្រួសារប្តីប្រពន្ធ ​ទំនាស់​ព្រំដីធ្លី​ពលរដ្ឋ​តាមមូលដ្ឋាន ត្រូវ​​បានលើក​យកមកដោះស្រាយ​ទល់មុខ​គ្នា​ ដោយ​មាន​ថ្នាក់​ដឹកនាំ​ខេត្ត​និងមន្រ្តី​មូលដ្ឋាន​ដឹងឮ​រួម​គ្នា​ដោះស្រាយ។

ឯកឧត្តម​ ម៉ៅ ធនិន បាន​បង្ហើប​ពី​វិធីសាស្ត្រ​ដោះស្រាយគឺ​ទី​១ កុំ​ឈរ​នៅ​ខាង​ណា ទី​២ កុំ​ឈរលើ​ផលប្រយោជន៍ និង​ទី​៣ ឋានានុក្រម ដោយ​ប្រើ​យន្ត​ការណ៍​ច្បាប់ និង​ប្រើ​ឋានានុក្រម​គ្រួសារ​។ ក្រៅ​ពី​បើក​វេទិកាដែលពលរដ្ឋ​ជាប់ពាក់ព័ន្ធ​ក្តី​អាច​មកជួប​តវ៉ាក្តីចំពោះមុខ​គ្នា​​ អភិបាល​ខេត្ត​រូប​នេះ​​ក៏​ទៅ​ដោះស្រាយ​បញ្ហា​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោក លាង ទិតដ្ឋាន ប្រធាន​មន្ទីរ​ព័ត៌មាន​និង​ជា​មន្រ្តី​អ្នក​នាំពាក្យ​ខេត្ត​ពោធិ៍សាត់​បាន​​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ​ថា ក្នុង​អណ្ណតិ​តាំង​ពី​ឆ្នាំ ២០១៤ មក អតីត​អភិបាល​ខេត្ត​លោក​ម៉ៅ ធនិន ​បាន​បង្កើត​ភាព​ស្និទ្ធិស្នាល​ជាមួយ​ប្រជាពលរដ្ឋ​ទូទាំងខេត្ត​ រួម​ទាំង​មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ ជាពិសេស​ការចូលខ្លួនទៅ​សម្របសម្រួល​​ដោះស្រាយ​រឿង​ក្តីប្រជាពលរដ្ឋ​តាមមូលដ្ឋាន និង​ការ​សាង​សមិទ្ធផល​អភិវឌ្ឍ​សម្រាប់​ប្រជាជន​ខេត្ត​ពោធិសាត់។

ទំនាស់ដែលលោក​បាន​ចូលខ្លួនសម្របសម្រួល​ដោះស្រាយ​មាន​ទាំង​រឿង​ក្នុង​គ្រួសារ​ដូចជា​ជម្លោះ​ប្តីប្រពន្ធ ​ឪពុកម្តាយ​ក្មេក​ ទំនាស់​បែងចែកទ្រព្យសម្បត្តិ រឿង​ព្រំ​របងដី​របស់​​ប្រជាពលរដ្ឋ រួមទាំង​ជម្លោះមានពាក់ព័ន្ធ​ក្រុមហ៊ុនអភិវឌ្ឍ និង​​ករណីផ្សេងៗមួយចំនួនទៀត។

លោក​បានបន្ត​ថា ក្នុង​អណ្ណិត​លោក​កាន់​តំណែង បាន​ដោះស្រាយ​សំណុំ​រឿង​មិន​ក្រោម ៣០០០ ករណី​តាម​រយៈ​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ និង​ការ​ទៅ​ដោះស្រាយ​តាម​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង។ ពេល​ខ្លះ​មួយ​អាទិត្យ​លោក​បើក​វេទិកា ៣ ដង ក៏​មាន​ដែរ​តាម​សំណុំ​រឿង​ច្រើន​ឬ​តិច​ដែល​ដាក់​ពី​ប្រជាពលរដ្ឋ។

លោក​ លាង ទិតដ្ឋានបាន​បន្ត​ថា រាល់​ការ​ដោះស្រាយ​លោក​ប្រើ​យន្តការ​សម្របសម្រូល ភាពឈ្លាសវៃ និង​ទេពកោសល្យ​​ ពិសេស​ការ​យក​រឿង​ទាំងមូល​មក​ដាក់​ក្នុង​បេះដូង ដោយ​ឈរ​លើ​ហេតុនិងផល រួមទាំងច្បាប់​ផងដែរ។

អ្វី​ដែល​ពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់​ចងចាំ​មិន​ភ្លេច​នោះ​ ថ្នាក់ដឹកនាំ​​ខេត្ត​រូប​នេះក៏​តែងតែ​រៀបចំ​កម្មវិធី​ផ្តល់​ស្បៀងអាហារ​ចែក​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្វះខាត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ជា​ទៀង​ទាត់។

ទាក់ទង​ស្នាដៃ​អភិវឌ្ឍ​ក្នុង​ខេត្ត​វិញ លោក​បាន​យកចិត្តទុកដាក់​ក្នុង​ការ​សាងសង់​ទំនប់​ប្រឡាយ ហេដ្ឋារចនាសម្ព័ន្ធ​រាប់​មិន​អស់ ជាពិសេស​អគារ​សាលា​ខេត្ត​ក៏​ជាស្នាដៃ​របស់​លោកដែរ​។

លោក​ លាង ទិតដ្ឋាន បាន​ញ្ជាក់​ថា ទោះបី​លោក​អភិបាល​ខេត្តត្រូវ​​ចាកចេញ​ តែ​រាល់រូបភាព​និង​សមិទ្ធផល​​ដែលលោក​បាន​ខិតខំ​លះបង់​គ្រប់​បែប​យ៉ាង​​ នឹង​ជា​ការ​ចងចាំ​សម្រាប់​ពលរដ្ឋ​ខេត្តពោធិ៍សាត់ជា​រៀង​រហូត។

ថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចអភិបាលខេត្ត និងតែងតាំងមុខតំណែងថ្មីចំនួន ៨រូប។ ក្នុងនោះ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នឹងផ្លាស់ទៅកាន់តំណែង​ជាអភិបាលខេត្តកំពតជំនួសលោក ជាវ តាយ ដែលក្លាយជាអភិបាលខេត្តពោធិ៍សាត់​វិញ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម