Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា

បានផុស

នៅ

រដ្ឋមន្រ្តីការបរទេសអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃនៅកម្ពុជា ដើម្បីបង្កើនកិច្ចប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់ស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ម៉ារីស ផេន (Marise PAYNE) រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីនឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ព្រមទាំងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២របស់កម្ពុជាផងដែរ។

បើតាមក្រសួងការបរទេស ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញលោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការកម្ពុជា ដើម្បីជួយស្រ្ដីមានវិបត្តិដែលនឹងទទួលស្វាគមន៍ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។

ក្រសួងការបរទេសអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម