Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ចេញអាទិភាពចំនួន៤ សម្រេចចក្ខុវិស័យ ស្តីពី ប្រព័ន្ធស្បៀង ឆ្នាំ២០៣០

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអាទិភាពចំនួន ៤ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពី ប្រព័ន្ធស្បៀង ឆ្នាំ ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់រូបគិតគូរពីចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និង​ចីរភាពបរិស្ថាន។ នេះបើយោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចអាទិភាពទាំង ៤ រួមមានដូចខាងក្រោម៖

ទី១. ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភរាជរដ្ឋាភិបាលនឹងបន្តខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីធានាឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាពងាយស្រួលអាចរកបានដើម្បីឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ដើម្បីធ្វើឱ្យសម្រេចគោលដៅនេះទាមទារឱ្យមានការធ្វើសកម្មភាពជាពហុវិស័យតាមរយៈការផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការពង្រីកការទទួលបានសេវាសុខភាព និងសេវាអាហារូបត្ថម្ភ ជាពិសេសសម្រាប់ម្តាយ និងកុមារអាយុក្រោមពីរឆ្នាំ ដោយផ្តោតលើការជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ព្រមទាំងផ្តល់អាហារបន្ថែមចម្រុះមុខ ដល់ទារក និងកុមារតូចឱ្យបានគ្រប់គ្រាន់ និងការបង្កើនរបបអាហារចម្រុះសម្រាប់ម្តាយ ការបង្កើតឱកាសការងារ ការលើកកម្ពស់ចំណេះដឹងអ្នកប្រើប្រាស់ និងការអប់រំ ការធ្វើទំនើបកម្មវិស័យកសិកម្ម និងខ្សែច្រវាក់តម្លៃស្បៀង រួមមាន ការបញ្ចូលមីក្រូសារជាតិទៅក្នុងអាហារ ការធ្វើពិពិធកម្មគ្រប់មុខដំណាំប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែងការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការរៀបចំទម្លាប់រស់នៅ ប្រកបដោយអនាម័យ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការពង្រឹងគុណភាពប្រព័ន្ធ នានាដូចជាប្រព័ន្ធកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន និងប្រព័ន្ធគាំពារសង្គម។

ទី២. ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្ត្រី និងជនងាយរងគ្រោះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាសការងារ ដល់យុវជន ស្ត្រី និងជនងាយរងគ្រោះ និងផ្តល់ឱកាសសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជំរុញការ ប្រើប្រាស់ប្រព័ន្ធឌីជីថលការស្រាវជ្រាវ និងការអភិវឌ្ឍ នវានុវត្តន៍ និងគាំទ្រដល់ជនងាយរងគ្រោះ យុវជន និងស្រ្តីដែលជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម និងពង្រឹង និងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំក្នុងនិងក្រៅប្រព័ន្ធ និងសមាគមយុវជន និងសមាគមស្ត្រី ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធស្បៀងដែលកំពុងមានការផ្លាស់ប្តូរ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ទី៣. ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហានានាដែលអាចកើតឡើងនៅពេលអនាគតរាជរដ្ឋាភិបាលនឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីគាំទ្រដល់មុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច យុវជន កសិករខ្នាតតូច និងសហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យផលិតកម្ម និងការកែច្នៃស្បៀងអាហារ ដើម្បីពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទសម្រាប់បង្កើនភាពធន់។ លើសពីនេះរាជរដ្ឋាភិបាលនឹងបន្តប្រើប្រាស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កម្មវិធីជំនួយសង្គម អនុវត្តគោលការណ៍សុខ ភាពតែមួយ (One-Health) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។

ទី៤. ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន រាជរដ្ឋាភិបាលនឹងបន្តរៀបចំកិច្ចសន្ទនាការសម្របសម្រួល និងការសហការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធទាំងនៅថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងសហគមន៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍កសិករ និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ពិសេសជនងាយរងគ្រោះ និងជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាលនឹងបន្តរៀបចំបង្កើត និងពង្រឹងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់រាជធានីខេត្ត រៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតក្រុមយុវជនជើងឯកអាហារូបត្ថម្ភ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៦ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ៩ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៦ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម