ព័ត៌មានជាតិ
អាជ្ញាធរស្រុកបាត់ដំបង ចុះផ្អាកសកម្មភាព ការចាក់ដីរំលោភដីបឹង យកធ្វើកម្មសិទ្ធិឯកជន
ដីបឹងបុរាណមួយកន្លែង ដែលមានបណ្តោយជាប់នឹងផ្លូវជាតិ ត្រូវគេចាក់ដីទន្ទ្រានយកមាត់បឹងដែលនៅជាប់ផ្លូវជាតិដើម្បីធ្វើជាកម្មសិទ្ធិ ដោយទុកឲ្យតួបឹងដែលកំពុងរួមតូច ទៅនៅខាងក្រោយដីរបស់ខ្លួនទៅវិញ។

ការចាក់ដីដែលបម្រុងធ្វើជាទីតាំងម៉ាត និងស្ថានីយប្រេងឥន្ធនៈនេះ ត្រូវបានពលរដ្ឋរាយការណ៍មកថា ប្រមាណជិតមួយខែនេះ ដោយម្ចាស់ទីតាំងបានសម្រុកចាក់ដីយ៉ាងលឿនជាទីបំផុត រួមជាមួយនិងសំណង់រឹងត្រៀមអណ្តែតខ្លួនឡើងលើទីតាំងនេះផងដែរ ដោយទីតាំងនេះស្ថិតនៅចំណុច ( បឹងត្រាវ ) ក្នុងភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានអះអាងថា ប្រវត្តិដីនេះកាលពីសម័យរដ្ឋកម្ពុជា គឺជាបន្ទាយទាហានរបស់ គ.១៣២ ដែលគ្រប់គ្រងដោយលោក ជឹម ភើយ ( អតីតមេបញ្ជាការរង យោធភូមិភាគទី៥ ) ដែលបច្ចុប្បន្នបានចូលនិវត្តន៍ លុះក្រោយមកក៏មានការផ្លាស់ប្តូរបន្ទាយ ដោយឡែកដីនៅក្នុងតំបន់នេះ ក៏ត្រូវបានលោក ជឹម ភើយ កាន់កាប់តែម្តង រហូតមានការបឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែមិនអាចឈ្នះលោក ជឹម ភើយ បានឡើយ។ ប្រភពដដែលបានបន្តថា ដោយឡែកសម្រាប់បឹងត្រាវ ត្រូវបានអាជ្ញាធរ ឲ្យរក្សាទុកជាសម្បត្តិរដ្ឋដដែល សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ដោយផ្ទៃបឹងត្រាវនេះ មានទំហំ និងបណ្តោយរហូតមកទល់និងផ្លូវជាតិលេខ ៥៧ ( អតីត ផ្លូវជាតិលេខ ១០ ) ។
លុះនៅពេលថ្មីៗនេះ ប្រជាពលរដ្ឋបានសួរទៅលោកមេភូមិសំរោង ដោយសារតែឃើញលោក ជឹម ភើយ ចាប់ផ្តើមដាក់គ្រឿងចក្រ និងចាក់ដីលុបមាត់បឹងតាមបណ្តោយផ្លូវជាតិ។ នៅពេលនោះដែរ លោក សេម ដែលជាមេភូមិបានបញ្ជាក់ប្រាប់ថា ( គេខ្ចីដីប្រើមួយរយ: ) លុះពេលប្រាប់អ្នកសារព័ត៌មាន គឺលោកមេភូមិបាននិយាយថា ដីខាងមុខនេះ គេទិញពីយាយវឿន !.. ហេតុដូច្នេះហើយទើបមានប្រភពជាច្រើនបានចោទប្រកាន់ថា ប្រាកដជាមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងការលក់ដីចំណីបឹងនេះជាមិនខាន។


កាលពីព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ នេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឆ្លើយតបអ្នកសារព័ត៌មានថា លោកនឹងចាត់ឲ្យក្រុមការងារចុះត្រួតពិនិត្យ។ មិនបានប៉ុន្មានម៉ោងផង នៅរសៀលថ្ងៃដដែល លោកអភិបាលស្រុកបាណន់ ស្រេង សុខា បានចាត់កម្លាំងចុះទៅហាមឃាត់ការសាងសង់ ព្រមទាំងបានចេញលិខិតមួយច្បាប់ប្រគល់ដល់លោក ជឹម ភើយ ដើម្បីអនុវត្តតាម។
ខ្លឹមសារលិខិតជូនដំណឹងនោះបានបញ្ជាក់ថា :
១.ត្រូវបញ្ឈប់ការចាក់បំពេញអាចម៍ដីដែលនៅជាប់មាត់បឹង និងតាមបណ្តោយផ្លូវជាតិលេខ ៥៧ ។
២.ត្រូវផ្អាកការសាងសង់សំណង់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន លុះត្រាមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
ក្នុងករណីម្ចាស់មិនអនុវត្តតាមខ្លឹមសារលិខិតនេះទេ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


