ព័ត៌មានជាតិ
អ្នកជំនាញអះអាងថា អ្នកជក់បារីឆ្លងកូវីដ ប្រឈមមុខជំងឺធ្ងន់ធ្ងរជាងអ្នកមិនជក់
អ្នកជំនាញអះអាងថា ការជក់បារី ឬថ្នាំជក់ ក្រៅតែពីបង្កជំងឺច្រើនមុខ វាបានបង្កគ្រោះថ្នាក់បន្ថែមទៀត ក្នុងដំណាក់កាលកូវីដ១៩ ដែលធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាតាមរយៈដៃដែលប៉ះមាត់ និងប៉ះដើមបារី។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា “ទំនាក់ទំនងការជក់បារី និងជំងឺកូវីដ១៩ គឺបង្កគ្រោះថ្នាក់បន្ថែមទៀត មានន័យថា វាធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាតាមរយៈដៃដែលប៉ះមាត់ និងប៉ះដើមបារី ខណៈបារីអេឡិចត្រូនិក ដែលយុវជន និងកុមារ ប្រើឧបករណ៍រួមគ្នា រឹតតែឆ្លងលឿន”។
លោក មុំ គង់ បញ្ជាក់ថា ប្រសិនបើអ្នកជក់បារីម្នាក់ ជក់រយៈពេលមួយកំណត់ បានន័យថាសួតរបស់គាត់តិច ឬច្រើន គឺមានការខូចខាត។ ដូច្នេះ ប្រសិនបើមានការឆ្លងមេរោគកូវីដ១៩ ទៀត សួតរបស់គាត់ រឹតតែបំផ្លាញខ្លាំងក្លា ប្រឈមមុខ នូវជំងឺធ្ងន់ធ្ងរ ហើយរយៈពេលព្យាបាលយូរជាង អ្នកមិនជក់បារី ដោយសារសួតរបស់គាត់មួយចំណែកខូចដោយសារការជក់បារី។
បើតាមលោក មុំ គង់ “នៅក្នុងឆ្នាំ ២០២១ មានក្រុមហ៊ុនបារីមួយចំនួន បានធ្វើជាសកម្មភាពសប្បុរស ដើម្បីបិទបាំងប្រជាពលរដ្ឋ កុំឱ្យចាប់អារម្មណ៍ពីទំនាក់ទំនងការជក់បារី និងជំងឺកូវីដ១៩ គោលបំណងគឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅពេលដែលគាត់ប្រគល់អំណោយ គាត់មិនដែលលើកលែងការផ្សាយឈ្មោះក្រុមហ៊ុន និងផលិតផលរបស់គាត់នោះទេ ដែលវាជា សកម្មភាពមួយផ្សាយពាណិជ្ជកម្មដែរ ទោះបីសកម្មភាពនោះជាការចែកសម្ភារទៅដល់ប្រជាពលរដ្ឋក៏ដោយ”។
លោកថា ក្រៅពីនេះ នៅមានក្រុមហ៊ុនមួយចំនួនទៀតបានធ្វើសកម្មភាពដោយផ្ទាល់ យកបារីទៅឱ្យតាមឃុំតែម្ដង ហើយផ្សព្វផ្សាយមានស្ដ្រីដែលស្លៀកពាក់ឯកសណ្ឋានតំណាងឱ្យម៉ាកបារី ដើរផ្សាយពាណិជ្ជកម្មតែម្ដង។
សកម្មភាពទាំងនេះ គាត់ដឹងហើយថា ខុសច្បាប់ ល្មើសនឹងច្បាប់ ប៉ុន្តែគាត់នៅតែប្រព្រឹត្ត ដោយសារគាត់គិតថា ក្នុងដំណក់កាលកូវីដនេះ ប្រហែលជាមន្ត្រីអធិការកិច្ចរបស់ក្រសួងសុខាភិបាល ជាប់រវល់នឹងរឿងកូវីដច្រើនជាង ចឹងគាត់ឆ្លៀតធ្វើរឿងនេះទៅ។
ប្រជាពលរដ្ឋកម្ពុជា ចំនួន ១៥ ០០០ នាក់ បានស្លាប់ដោយសារជំងឺ ៥ មុខ បណ្ដាលមកពីការជក់បារី នៅឆ្នាំ ២០២០ ខណៈ ឆ្នាំ ២០១៤ មានចំនួន ១ ម៉ឺននាក់។
លោក មុំ គង់បញ្ជាក់ថា ទោះបីអត្រាអ្នកជក់បារីនៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ នេះមានទំនោរថយចុះបន្តិច ប៉ុន្តែចំនួនប្រជាពលរដ្ឋកើនឡើង ដូច្នេះចំនួន អ្នកជក់បារីក៏កើនឡើង ដែលលោកសន្និដ្ឋានថា ចំនួនបារីហាក់មិនមានការថមថយនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


