Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​តំបន់​មួយចំនួន​ ក្នុង​រាជធានីភ្នំពេញ​ចាប់​ផ្ដើម​ ត្អូញត្អែរ​បញ្ហា​ទឹក​ដាច់​

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បានត្អូញត្អែអំពីបញ្ហា ដាច់​ទឹក ចរន្តទឹកចុះខ្សោយ ពិបាក​ប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។ ​ពួកគាត់ស្នើឱ្យរដ្ឋាករទឹកជួយដោះ​ស្រាយបញ្ហាសម្ពាធ​ទឹក​ចុះ​ខ្សោយ ហើយឱ្យបញ្ឈប់ការ​ប្រើម៉ូទ័រ​បូម​ទឹក ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ធារ៉ា រស់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ថា បញ្ហាកង្វះទឹកប្រើប្រាស់នៅផ្ទះរបស់លោក បានកើតឡើងអំឡុងពេល១ សប្តាហ៍កន្លង​មកនេះ ដោយចរន្តទឹកហូរខ្សោយខ្លាំងនៅម៉ោង ៦ ល្ងាច គ្មានទឹកប្រើ រហូតដល់ម៉ោង ១២ ទើបទឹកមកវិញ ហើយលុះដល់ម៉ោង ៦ ព្រឹក ក៏ចរន្តទឹកចុះខ្សោយទៀត ពិបាកប្រើប្រចាំថ្ងៃ។ លោក សំណូមពរឱ្យអាជ្ញាធរដោះស្រាយ និងបញ្ឈប់ការប្រើម៉ូទ័របូមទឹក ដើម្បីឱ្យមានតម្លាភាព។

ប្រជាពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បានប្រាប់ថា មួយរយៈនេះ សម្ពាធទឹកចុះខ្សោយ ពេលថ្ងៃជាន់ឡៅ​តឿក៏ទឹកគ្មាន​ទឹកប្រើ រហូតដល់យប់ម៉ោង ៩ ទើបមានទឹកប្រើវិញ។

លោកប្រាប់​ថា ” បើពេលថ្ងៃវិញត្រឹមជាន់ឡៅតឿក៏ទឹកឡើងមិនរួចដែរ ទាល់តែយប់ម៉ោង៩ ជាងអី​ទើបមានទឹកឡើងរួច” ។ ប្រជាពលរដ្ឋរូបនេះ ក៏ស្នើរដ្ឋករទឹកជួយពិនិត្យតំបន់ដែលលោក​កំពុងរស់​នៅផងដែរ។

ក្រៅពីនេះ ក៏មានការសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ បានលើកឡើងនៅលើខ្ទង់ Comment ផេកផ្លូវការ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញត្អូញត្អែអំពីបញ្ហាដាច់ទឹក សម្ពាធទឹកចុះខ្សោយ នៅពេលព្រឹក និងពេលថ្ងៃ នៅតំបន់មួយចំនួនទៀតដូចជា នៅខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្ពុជាថ្មី មិនអាចសុំការអត្ថាធិប្បាយពីលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានទេ។ ប៉ុន្តែនៅឆ្នាំមុន បញ្ហាកង្វះទឹកប្រើប្រាស់ សម្រាប់អ្នករស់នៅតំបន់ជាយក្រុង​រាជធានី​ភ្នំពេញ បានកើតឡើងនារដូវប្រាំង ដោយសារតែតម្រូវការ​មានការកើនឡើប្រមាណ​៧៥ម៉ែត្រគូប ក្នុង​មួយថ្ងៃ ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្លាប់បញ្ជាក់ថា “បច្ចុប្បន្នកំណើន ប្រជាពលរដ្ឋ ការវិនិយោគវិស័យសំណង់ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ មានការកើនឡើ ងរាល់ថ្ងៃ ដែលជាហេតុនាំឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនលើសពីសមត្ថភាពផលិត រដ្ឋាករទឹកស្វយ័ត​​ក្រុងភ្នំពេញបាននឹងកំពុងជម្រុញពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត ៣៩០,០០០ម៣/ថ្ងៃ ដែលពេលនេះ សម្រេចបានប្រមាណជា ៥០% ហើយគ្រោងនឹងបញ្ចប់ហើយដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ ដើម្បីបំពេញសេចក្តីត្រូវការ​ប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម