Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បញ្ជាបញ្ចប់មូលដ្ឋាន នូវឧក្រិដ្ឋកម្ម ក្នុងខេត្តព្រះសីហនុ

បានផុស

នៅ

​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យនាយឧត្តមសេនីយ៍ ​នេត សាវឿន អគ្គស្នងការនគរបាលជាតិ សហការជាមួយប្រធានគណៈបញ្ជាការឯកភាពខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើយ៉ាងណាបង្រ្កាបបទឧក្រិដ្ឋឱ្យអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម បានថ្លែងនៅក្នុងពិធីបិទ សន្និបាតបូកសរុបកាងារឆ្នាំ ២០២១ និងទិសដៅកាងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាថា បញ្ចប់ឱ្យបានជាមូលដ្ឋាននូវបទឧក្រិដ្ឋកម្មដែលកើតមាននៅក្នុងខេត្តព្រះសីហនុ ព្រោះវាជាមុខមាត់ និងកិត្យានុភាពរបស់ខេត្តព្រះសីហនុ។​ ដូចនេះត្រូវបញ្ចប់ឱ្យបាននៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ទោះបីមិនបាន ១០០ ភាគរយ ក៏យើងត្រូវតែបញ្ចប់ឱ្យបានជាមូលដ្ឋាន ព្រោះយើងមើលទៅសាហាវណាស់ រឿងដែលបានបញ្ជូនទៅម្ដងៗ គឺរូបភាពសាហាវណាស់ សាហាវទាល់តែមែនទែន។ ដល់គេយកទៅផ្សាយពេញមួយពិភពលោក វាធ្វើឱ្យគេមើលឃើញថា មានឧក្រិដ្ឋកម្ម មានការចាប់ជំរិត មានការសម្លាប់មនុស្ស”។

ជាមួយនេះសម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២១កន្លងមក សម្រាប់សេវាសាធារណៈជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងខេត្តព្រះសីហនុ។

ប៉ុន្តែបញ្ហាបច្ចុប្បន្នភាព ពិសេសបទល្មើសឧក្រិដ្ឋនៅតែបន្តកើតមានជាបន្តបន្ទាប់ ហើយបញ្ហានេះបានជះឥទ្ធិពលមិនល្អដល់មុខមាត់ខេត្តព្រះសីហនុ។ ការផ្សព្វផ្សាយព័ត៌មាននេះចេញទៅក្រៅ ប្រាកដជាជះឥទ្ធិពលមិនល្អ ទោះបីព័ត៌មាននោះពិត ឬមិនពិតក្តី បើគ្មានការបកស្រាយជាក់លាក់ព័ត៌មាននោះនឹងក្លាយទៅជាព័ត៌មានពិត ហើយអ្នកដែលប្រុងមក​វិនិយោគ​នៅកម្ពុជា គឺលែងមក ឬក៏ស្ទាក់ស្ទើរមកធ្វើវិនិយោគនៅកម្ពុជា ដោយសារវាមានបញ្ហាអសន្តិសុខនៅទីនេះ។

សម្តេចក្រឡាហោម ស ខេង បានរំលឹកថា ខេត្តព្រះសីហនុ ពីមុនបានរងនូវឈ្មោះមិនល្អ ដោយមានការរិះគន់ដោយសារមានជនជាតិចិនមកវិនិយោគច្រើន ធ្វើឱ្យមានការបន្តុះបង្អាប់ពីអាកប្បកិរិយាការរស់នៅ ទំនៀមទម្លាប់ជាដើម ពាក់ព័ន្ធជនជាតិចិននៅកម្ពុជា ហើយបន្តទៀតចាប់ផ្ដើមមានបទល្មើសឧក្រិដ្ឋជាបន្តបន្ទាប់។

សម្តេចក្រឡាហោម ស​ ខេង បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំកែលម្អមុខមាត់ ទីមួយ ព័ន្ធនឹងការមកដល់នៃជនជាតិចិនដែលបានបង្កនូវភាពរញ៉េរញ៉ៃ។ ទីពី រឿងសន្តិសុខ បទឧក្រិដ្ឋកម្ម ជាបញ្ហាដែលមិនទាន់បានដោះស្រាយចប់ បើទោះបីយើងបង្ក្រាបជាបន្តបន្ទាប់ ដូចនេះនាយឧត្តមសេនីយ៍ នេត សាវឿន នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង លោក គួច ចំរើន ប្រធានគណៈបញ្ជាការខេត្តព្រះសីហនុ ត្រូវដោះស្រាយបញ្ហានេះឱ្យបាន​ជាមូលដ្ឋាន។

របាយការណ៍បូកសរុបរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ ខេត្តព្រះសីហនុមានបទល្មើសព្រហ្មទណ្ឌ ថយចុះ ២៤% បទល្មើសឧក្រិដ្ឋ ថយចុះ ៥២% បទល្មើសមជ្ឈិម ថយចុះ១៨% បទល្មើសគ្រឿងញៀន ថយចុះ ១៧% បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទថយចុះ ៤៨%។

គួររំលឹកថា កាលពីពេលថ្មីៗកន្លង​ទៅនេះ ក្រុម​ធុរជន​ចិន​តាម​រយៈ​សភា​ពាណិជ្ជកម្ម​ចិន​កម្ពុជា​ បាន​សរសេរ​លិខិត​ចំហ​រួម​មួយ​ផ្ញើ​ជូន​អាជ្ញាធរ​ចិន និងកម្ពុជាឱ្យជួយបង្ក្រាបអ្វីដែល​ពួក​គេចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម “ខុស​ច្បាប់”​ ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ចិន​នៅ​កម្ពុជា។ ក្នុង​លិខិតដែល​បានចែក​ចាយ​កាល​ពី​ថ្ងៃទី២៤​ ខែ​កុម្ភៈ ២០២២​ កន្លង​ទៅនេះ​ ក្រុម​អ្នក​ជំនួញ​ចិន​នៅ​កម្ពុជាបាន​រៀប​រាប់​អំពី​កំណើន​នៃ​ករណី​បាញ់​ប្រហារ​ ចាប់​ជំរិត ការគំរាមកំហែង​យក​ប្រាក់ និង​ការ​កំណត់​ “តំបន់​ទឹកដី”​ វាតទី​កាង​គ្រប់​គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លិខិត​ដដែល​ដែល​សរសេរ​បី​ភាសា​ (ខ្មែរ​-អង់គ្លេស​-ចិន) ​មាន​អត្ថន័យ​៖ “វិធីសាស្ត្រ​នៃ​ឧក្រិដ្ឋជន​មួយ​ចំនួន​របស់​គេ​ពិត​ជា​ឃោរ​ឃៅ​បំផុត និង​ទង្វើ​ព្រៃ​ផ្សៃ​វា​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង ហើយ​បាន​ជំរុញ​ឱ្យ​ជន​រួម​ជាតិ​ចិន​នៅ​កម្ពុជា និង​ប្រជាជន​ចិន​នៅ​ប្រទេស​ចិន​មាន​កំហឹង​យ៉ាង​ខ្លាំង។ ករណី​គ្រោះថា្នក់​ទាំង​នេះសុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត និង​ក្រុម​បោក​ប្រាស់​ទូរ​គមនាគមន៍​នៅ​កម្ពុជា ដែល​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំងដល់​អាជីវ​កម្ម​របស់​កម្ពុជា និងប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនុក​ចិត្ត​របស់​ជន​ជាតិ​ចិន ដែល​មាន​គំនិត​មក​ធ្វើ​ការ​វិនិយោគនិងធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។ ពួក​គេ​ស្នើ​រដ្ឋ​អំណាច​កម្ពុជា ​និង​ចិនចាត់​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ​ឱ្យ​បាន​ ធ្ងន់​ធ្ងរ​បំផុត។

បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៤​ មក​ទល់​នឹង​ឆ្នាំ​ ២០១៩ ​មុន​វិបត្តិ​កូវីដ-១៩ ​មក​ដល់​ ប្រទេស​ចិន​ជា​ប្រភព​បណ្ដាក់​ទុន​វិនិយោគ​ពី​បរទេស​ធំ​ជាង​គេ​នៅ​កម្ពុជា ​ជាមួយ​នឹង​អត្រា​ប្រមាណ​២១ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប ​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមក៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម