ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា៖ នគរបាលទាំងអស់ គប្បីគោរពវិន័យ និងបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានស្នើដល់នគរបាលសន្តិសុខផ្ទៃក្នុង និងនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ គប្បីបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ត ក៏ដូចជាយន្តការកំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំងក្រសួងមហាផ្ទៃ ឲ្យកាន់តែល្អប្រសើបន្ថែមទៀត។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញចរាចរណ៍ផ្លូវគោក និងបំប៉នជំនាញសន្តិសុខផ្ទៃក្នុង នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ដែលស្ថិតនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា ក្នុងនាមយើងជាកងកម្លាំងបម្រើសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល ត្រូវធ្វើអ្វីគោរពទៅតាមវិន័យ និងវិជ្ជាជីវៈរបស់ខ្លួន ដូចអ្វីដែលស្របទៅតាមការកែទម្រង់របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងទៀតថា ការដែលអគ្គស្នងការដ្ឋាននគបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញនានាដល់កងកម្លាំងនគរបាលទាំងអស់ គឺដើម្បីបង្កើនជំនាញ សមត្ថភាព និងវិជ្ជាជីវៈ ក្នុងកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាជន និងប្រទេសជាតិទាំងមូល។ មួយវិញទៀតការផ្តល់វគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតនូវមូលដ្ឋាន នៃច្បាប់របស់កងកម្លាំងនគរបាលផងដែរ។


ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានថ្លែងកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់នាពេលកន្លងមក ដែលបានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាជន និងប្រទេសជាតិផងដែរ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានខិតខំយ៉ាងខ្លាំងទាំងយប់ទាំងថ្ងៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ទទួលបានជោគជ័យ តាំងពីចាប់ផ្តើមបិទប្រទេស រហូតដល់បើកដំណើរការប្រទេសឡើងវិញ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញចរាចរណ៍ផ្លូវគោក និងបំប៉នជំនាញសន្តិសុខផ្ទៃនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក៏បានផ្តល់បទពិសោធន៍ការងារមួយចំនួនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សានាពេលនេះ ទាក់ទងនឹងការងារថែរក្សាសន្តិសុ ខសណ្តាប់ធ្នាប់ កិច្ចការងារស្រាវជ្រាវ និងស៊ើបអង្កេត និងកិច្ចការងារជាច្រើនទៀត ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ បានប្រគល់ជូននោះ។



បើតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមបានឲ្យដឹងថា ដើម្បីចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រ ក៏ដូចជាយន្តការកំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំងរបស់ក្រសួងមហាផ្ទៃ ពិសេសផែនការយុទ្ធសាស្ត្រនគរបាលជាតិលើកទី៣ រយៈពេល៥ឆ្នាំ (២០១៩-២០២៣ របស់អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំនាញគ្រប់គ្រង ដឹកនាំបញ្ជាកងកម្លាំង និងជំនាញពាក់ព័ន្ធផ្សេងៗទៀត បង្កើនសមត្ថភាពដល់កងកម្លាំងនគរបាលជាតិ រក្សាសុវត្ថិភាពសង្គមសំដៅកាត់បន្ថយរាល់បទល្មើសគ្រប់ប្រភេទ។
ផ្តើមចេញពីគោលនយោបាយ និងយុទ្ធសាស្ត្រកំណែទម្រង់ខាងលើ សាលានគរបាលជាតិមិត្ដភាព កម្ពុជា-វៀតណាម មានតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការជូនអគ្គស្នងការដ្ឋាននគរបាលជាតិ លើការកសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉នមុខជំនាញជូនដល់កងកម្លាំងនគរបាលជាតិ បន្ទាប់ពីសម្ពោធដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៥កន្លងមក សាលាបានបើកវគ្គបំប៉ននូវមុខជំនាញជូនកងកម្លាំងនគរបាលជាតិ ទូទាំងប្រទេស សរុបចំនួន ២២វគ្គ មានសិក្ខាកាមសរុបចំនួន ២៦៦៦នាក់ ស្រី១១៩នាក់ ដែលក្នុងនោះរួមមាន៖ វគ្គបឋមវិជ្ជាជីវៈនគរបាលបេក្ខជន ជ្រើសរើសថ្មី ចំនួន០៥វគ្គ វគ្គបណ្តុះបណ្តាលជំនាញការពារថ្នាក់ដឹកនាំជាន់ ខ្ពស់ចំនួន០២វគ្គ វគ្គបំប៉នជំនាញការពារទប់ទល់បាតុកម្ម ចំនួន០១វគ្គ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន០៤វគ្គ វគ្គបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន០១វគ្គ វគ្គបំប៉នជំនាញការពារគោលដៅ ចំនួន០២វគ្គ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ចំនួន០២វគ្គ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល-អន្តរាគមន៍ ចំនួន០១វគ្គ វគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្ត្រីនគរបាល ចំនួន០១វគ្គ វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក ចំនួន០២វគ្គ និងវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង០១វគ្គ។
ជាក់ស្ដែងថ្ងៃនេះ ដោយអនុវត្តន៍តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៧៦៧ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ និងលេខ៦៩៨ប្រក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ និងមានគោលការណ៍អនុញ្ញាត ពីអគ្គស្នងការនគរបាលជាតិ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានបើកវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក ជូនមន្ត្រីនគរបាលជាតិសរុប ចំនួន ២០០នាក់ សិក្សារយៈពេល៣ខែ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យនាថ្ងៃនេះ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


