Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះ គ្រោះមហន្តរាយបានធ្វើឲ្យមនុស្សស្លាប់ និងរបួសជាង១២០នាក់ និងបំផ្លាញផ្ទះជាង៣៥០០ខ្នង

បានផុស

នៅ

គ្រោះមហន្តរាយ រួមមាន អគ្គិភ័យ រន្ទះបាញ់ និងខ្យល់កន្ទ្រាក់ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤៦នាក់ និងរបួសចំនួន៧៨នាក់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែងអស់ ៣ ៥១៥ខ្នង គឺមានការថយចុះគួរឱ្យកត់សម្ឡាល់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១កន្លងទៅ។ កាលពីឆ្នាំទៅ គឺមានមនុស្សស្លាប់ចំនួន៧៨នាក់ របួស១២៩នាក់ និងបំផ្លាញផ្ទះសម្បែង៥៤៩១ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គ្រោះអគ្គិភ័យនៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានកើតឡើងចំនួន២៥១លើក បណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរងរបួស៣២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នងល្វែង។ ខូចខាតតូបលក់ដូរចំនួន៤៦តូប ឆេះឃ្លាំងទំនិញចំនួន១៣កន្លែង ឆេះរោងចក្រ និងសិប្បកម្មចំនួន៦កន្លែង អគាររដ្ឋបាល២កន្លែង សាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោន គ្រាប់ពោត២០តោន រថយន្ត២០គ្រឿង ម៉ូតូ៨៣គ្រឿងនិងចំការស្វាយ​ចន្ទីចំនួន៦ហិកតា។ ចំណែករយៈពេល៦ខែឆ្នាំ២០២១ គ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់ និងរបួសចំនួន២៩នាក់ ព្រមទាំង ខូចខាតផ្ទះសម្បែងចំនួន៣២១ខ្នងខូចខាតតូបផ្សារចំនួន៨០តូប ឃ្លាំងទំនិញចំនួន១១កន្លែង រោងចក្រនិងសិប្បកម្មចំនួន១១កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។

រីឯ រន្ទះបាញ់វិញ រយៈពេល៦ខែ ឆ្នាំ២០២២នេះ បានកើតឡើងចំនួន៦១លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣២នាក់ ស្ត្រី៨នាក់ រងរបួស២៨នាក់ ងាប់គោក្របីចំនួន៦៩ក្បាល និងខូចខាតផ្ទះចំនួន១១ខ្នង ខណៈ៦ខែ ក្នុងឆ្នាំ២០២១ រន្ទះបាញ់បានកើតឡើងចំនួន៧០លើក ខូចខាតផ្ទះ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ រងរបួស៤៤នាក់ និងងាប់គោក្របីចំនួន៣២ក្បាល។

ចំពោះខ្យល់កន្ត្រាក់វិញ គឺ៦ខែឆ្នាំ២០២២នេះ បានកើតឡើងចំនួន១០៨លើក បណ្តាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន៦៨៥ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន២៣៧៤ខ្នង របើកដំបូលសាលារៀន១៩ខ្នង ប៉ះពាល់តូបលក់ដូរ១៣តូប របើកអគាររដ្ឋបាល៦កន្លែង ស្លាប់មនុស្ស៣នាក់ និងរបួស១៨នាក់ ខណៈ៦ខែ ក្នុងឆ្នាំ២០២១ ខ្យក់កន្ត្រាក់បានកើតឡើងចំនួន១៣៨លើក បណ្តាលឱ្យរលំផ្ទះចំនួន៦០០ខ្នង របើកដំបូលផ្ទះ៤៥៦៥ខ្នង របើកសាលារៀន៣១ខ្នង ប៉ះពាល់តូបផ្សារ១០០តូប ប៉ះពាល់អគាររដ្ឋបាល១៧កន្លែង ស្លាប់មនុស្ស៥នាក់ និងរបួស៥៦នាក់៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម