ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់ស្រ្តីទីមួយ កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកនយោបាយខ្មែរនិងជាស្រ្តីទីមួយដែលទទួលបានឋានៈជាឧបនាយករដ្ឋមន្ត្រី។ ជាមេដឹកនាំស្រ្តីដ៏ឆ្នើមមួយរូប លោកជំទាវជាឥស្សរជនជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយក្នុងចំណោមស្រ្តីថ្នាក់ដឹកនាំ ៣ រូបកំពុងដឹកនាំក្រសួង ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

កុមារភាព
លោកជំទាវ ម៉ែន សំអន កើតនៅថ្ងៃ ១៥ សីហា ឆ្នាំ ១៩៥៣ នៅឃុំសំបួរ ស្រុកសំបូរ ខេត្តក្រចេះ។
ក្រុមគ្រួសារ
ស្វាមីរបស់លោកជំទាវគឺលោក ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈ។
លោកជំទាវមានកូនប្រុសពីរនាក់ កំពុងកាន់តំណែងខ្ពង់ខ្ពស់ក្នុងជួររដ្ឋាភិបាល គឺលោក ប៉េង ពោធិ៍សា ដែលទើបទទួលបានការតែងតាំងជាអភិបាលរងខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍នា កំពុងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។

កម្រិតវប្បធម៌
លោកជំទាវ ទទួលបានសញ្ញាប័ត្រអក្សរសាស្ត្រខ្មែរកម្រិតឧត្តមសិក្សានៅឆ្នាំ ១៩៩២ និងទទួលបានបណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែកវិទ្យាសាស្រ្តនយោយបាយនៅឆ្នាំ ២០០៦។

ប្រវត្តិការងារ
លោកជំទាវបានចូលបម្រើកងទ័ពនៅឆ្នាំ ១៩៧០ ដោយចាប់ផ្តើមអាជីពជាគិលានុបដ្ឋាយិកាយោធា។ នៅឆ្នាំ១៩៨៦ ចូលជាសមាជិកមជ្ឈឹមបក្សប្រជាជនបដិវត្តកម្ពុជា។ នៅឆ្នាំ១៩៩៨ បានក្លាយជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការសុខភាពសាធារណៈ សង្គម និងកិច្ចការនារី។
ក្នុងឆ្នាំ ២០០៣ លោកជំទាវបានជាប់ជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀងរបស់គណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ២០០៤ ទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
នៅឆ្នាំ ២០១៩ ប្រមុខរដ្ឋាភិបាលបានផ្តល់ភារកិច្ចបន្ថែមដល់លោកជំទាវទទួលបន្ទុកជួយនាយករដ្ឋមន្រ្តី លើការងារអធិការកិច្ចនិងសវនកម្ម ព្រមទាំងជួយនាយករដ្ឋមន្រ្តីលើការងារសង្គម។

នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ ២៤ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចបោះឆ្នោតជ្រើសតាំងលោកជំទាវជាអនុប្រធានគណបក្សគណបក្សប្រជាជនជកម្ពុជា ដែលធ្វើឲ្យចំនួនអនុប្រធានគណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលកើនឡើងដល់ទៅ ៤ រូប គឺមានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្រៅពីតំណែងក្នុងជួររដ្ឋាភិបាល និងក្នុងគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ផងដែរ។
ឡើងតំណែងឧត្តមសេនីយ៍ផ្កាយមាស ៤
លោកជំទាវ ម៉ែន សំអន ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក ( ផ្កាយ៣ )។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៨ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស ៤។

ទទួលគោរមងារកិត្តិយសពីព្រះមហាក្សត្រ
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិតសភាកម្ពុជាជា «កិត្តិសង្គហបណ្ឌិត»៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក