ព័ត៌មានជាតិ
ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ ចេញសៀវភៅបកអាក្រាតរឿងទីផ្សារបណ្តាញពិត និងក្លែងក្លាយនៅកម្ពុជា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារឆបោកតាមរយៈប្រព័ន្ធអនឡាញ មានការកើនឡើងខ្លាំង ដោយអ្នកមានមួយចំនួនបានអូសទាញប្រជាពលរដ្ឋ ជាពិសេស យុវវ័យឲ្យចូលជាសមាជិកលក់ផលិតផលរបស់ខ្លួន ការលក់ផលិតផលតាមអនឡាញ ឬអូសទាញដោយឲ្យធ្វើការជាមួយប្រាក់ខែខ្ពស់ មិនគិតពីចំណេះដឹងជាដើម។ ទាំងអស់ នេះបានធ្វើឲ្យប្រជាជនខ្មែរជាច្រើន បានលង់ខ្លួនជឿ និងចាញ់បោកបុគ្គលទាំងនោះជាបន្តបន្ទាប់។

ដោយមើលឃើញពីបញ្ហានេះ លោកឧកញ៉ា ជា តុងហ៊ួរ អ្នកនិពន្ធសៀវភៅ «ផែនទីផ្នត់គំនិត» និងជាអ្នកជំនួញវ័យក្មេងនៅក្នុងប្រទេសកម្ពុជា បានចំណាយពេលជាង១២ឆ្នាំ សរសេរសៀវភៅ “ផែនទីផ្នត់គំនិត Mind Map” នេះឡើង។ សៀវភៅកម្រាស់ជាង៥០០ទំព័រនេះ បានសរសេរលាតត្រដាង និងបកអាក្រាតពីទីផ្សារបណ្តាញពិត និងក្លែងក្លាយដែលត្រូវបានចងជាប្រព័ន្ធ សម្រាប់បោកប្រាស់ប្រជាជនខ្មែរពីសំណាក់អ្នកមានប្រាក់ និងឥទ្ធិពលមួយចំនួនក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា ជា តុងហ៊ួរ បានសរសេរបញ្ជាក់ថា “យុទ្ធសាស្ត្រទីផ្សារបណ្តាញ” គឺជាយុទ្ធសាស្រ្តទីផ្សារមួយដែលត្រូវបានរៀបចំជាលក្ខណៈប្រព័ន្ធ និងជាការដាក់នុយ កេងប្រវ័ញ្ចប្រយោជន៍ពីអ្នកដែលមិនសូវយល់ដឹងពីផ្នែកទីផ្សារ និងមានភាពលោភលន់ហួសហេតុ។ “យុទ្ធសាស្ត្រទីផ្សារបណ្តាញ”នេះ មានជាទីផ្សារបណ្តាញបោកប្រាស់ និងទីផ្សារបណ្តាញពិត។

ទីផ្សារបណ្តាញបោកប្រាស់ មានដូចជា ក្រុមហ៊ុនដែលដាក់ប្រាក់ទទួលបានការប្រាក់ខ្ពស់ខ្លាំង ឬក្រុមហ៊ុនដាក់ប្រាក់ទទូលបានប្រាក់ភ្លាមៗ ដែលនាំឲ្យអ្នកមិនសូវយល់ដឹងពីបញ្ហានេះ ប្រមូលលុយពីគ្រប់ទិសទី ដើម្បីវិនិយោគជាមួយក្រុមហ៊ុននោះ និងព្យាយាមរកសមាជិកថ្មីចូលរួមជាបន្តបន្ទាប់។ ជាលទ្ធផល រយៈពេលដំបូងៗ ក្រុមហ៊ុននឹងឲ្យបុគ្គលនោះចំណេញច្រើន ប៉ុន្តែ យូរៗទៅ ភាពខុសប្រក្រតីនឹងកើតមានឡើង ហើយឥទ្ធិលមិនល្អ ឬផលវិបាកនឹងកើតមានឡើងចំពោះសមាជិកថ្មីៗ។
លោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានអះអាងថា ភាគច្រើន គេតែងហៅយុទ្ធសាស្ត្រទីផ្សារបោកបញ្ឆោតនេះជា “វិធីបោកទម្រង់ពីរ៉ាមីត” ដែលជាទម្រង់មួយ ជាការអូសទាញសមាជិកថ្មីៗឲ្យចូលរួមជាមួយខ្លួន ហើយប្រសិនជាបុគ្គលនោះ អាចអូសទាញសមាជិកបានច្រើន និងទទួលបានប្រាក់លើកទឹកចិត្តបានច្រើនទៅតាមនោះដែរ។

បើតាមលោកឧកញ៉ា ជា តុងហ៊ួរ លក្ខណៈសម្គាល់សំខាន់របស់ទីផ្សារបណ្តាញបោកប្រាស់មាន៤ទម្រង់។ ទី១ ការសន្យារបស់អ្នកផ្សព្វផ្សាយ ថាអ្នកដែលចូលជាមូយក្រុមហ៊ុនពួកគេ នឹងទទួលបានប្រាក់កម្រៃច្រើនលើសលប់មិននឹកស្មានដល់។ ទី២ ផ្តោតសំខាន់លើការអូសទាញមនុស្សឲ្យចូលរួមជាមួយជាជាងការលក់ផលិតផលផ្សេងៗ។ ទី៣ អ្នកបញ្ចុះបញ្ចូលតែងតែព្យាយាមនិយាយឲ្យអ្នកឆាប់ចូលក្រុមហ៊ុនរបស់គេ ដោយមិនទុកឱកាសឲ្យអ្នកបានសិក្សាពីក្រុមហ៊ុននោះជាមុនឡើយ។ ទី៤ កូនក្រុម ឬតំណាងចែកចាយ តែងតែទិញផលិតផលលើសពីតម្រូវការ និងសមត្ថភាពនៃការលក់របស់ខ្លួន ដើម្បីទទួលបានរង្វាន់ ឬប្រាក់ឧត្ថមផ្សេងៗ។

ប្រឈមមុខនឹងបញ្ហានេះ លោកឧកញ៉ា ជា តុងហ៊ួរ បានណែនាំ ៤ចំណុចដល់មនុស្សដែលចង់ចូលប្រឡូកនៅក្នុងទីផ្សារបណ្តាញ ចៀសវាងចាញ់បោកពីជនបោកប្រាស់ទាំងនោះ។ ចំណុចទី១ ត្រូវសិក្សាស្រាវជ្រាវពីក្រុមហ៊ុនដែលអ្នកចង់វិនិយោគឲ្យបានច្បាស់ ពីប្រវត្តិផ្សេងៗ មុននឹងសម្រេចចិត្តដាក់វិនិយោគទុន។ ទី២ ត្រូវសិក្សាពីរបៀបឃោសនារបស់ក្រុមហ៊ុននោះឲ្យបានច្បាស់លាស់ថា តើការឃោសនានោះសមហេតុផលដែលឬទេ? ទី៣ គិតគូរពីតម្លៃរបស់ផលិតផល ព្រោះផលិតផលរបស់ក្រុមហ៊ុនឆបោកទាំងនោះ តែងមានតម្លៃខ្ពស់ជាងតម្លៃដើម ព្រោះពួកគេចង់ឲ្យកូនក្រុមរបស់គេទទួលបានចំណូលខ្ពស់។ ចំណុចចុងក្រោយ គឺគួរពិភាក្សាជាមួយនឹងមនុស្សផ្សេងទៀត មុននឹងសម្រេចចិត្តធ្វើការជាមួយក្រុមហ៊ុននោះ ប៉ុន្តែ ដាច់ខាតកុំពិភាក្សាជាមួយអ្នកកំពុងបម្រើការក្នុងក្រុមហ៊ុននោះស្រាប់ឲ្យសោះ ព្រោះគេអាចនិយាយកុហក ដើម្បីអូសទាញអ្នកចូលក្រុមជាមួយគេ។
គួរបញ្ជាក់ថា ទីផ្សារបណ្តាញត្រឹមត្រូវ គឺជាទីផ្សារដែលផ្តោតសំខាន់លើការលក់ផលិតផល ដោយគិតពីតម្លៃសមរម្យ មានផលិតផលស្របច្បាប់ និងពិតប្រាកដក្នុងក្រុមហ៊ុន។ មិនតែប៉ុណ្ណោះ ទោះបីគ្មានសមាជិកថ្មីចូលរួមជាមួយ ឬប្រព័ន្ធឈប់ដំណើរការ ក៏ដំណើរការលក់ផលិតផលនៅតែដើរជាធម្មតា។ល។ នេះបើតាមការបង្ហាញនៅក្នុងសៀវភៅរបស់លោកឧកញ៉ា ជា តុងហ៊ួរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


