Connect with us

ព័ត៌មានជាតិ

៥​ប្រទេស​ ឯក​ភាព​ពង្រីក​ការ​ហោះ​ហើរ​ត្រង់​ក្នុង​អាស៊ាន ​ជំរុញ​​គោលដៅ​ទេសចរណ៍​រួមគ្នា

បានផុស

នៅ

រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ជា​សមាជិក​អេកម៉ិក (ACMECS) ​៥ប្រទេស​ក្នុង​តំបន់អាស៊ាន មាន ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម បាន​ជំរុញ​ឱ្យ​មាន​តភ្ជាប់​គោលដៅ​ទេសចរណ៍​រួម​គ្នាក្រោម​យុទ្ធនាការ “ប្រទេស​៥ គោល​ដៅ​តែ​មួយ” តាម​រយៈ​ការ​លើក​ទឹក​ចិត្តដល់​ក្រុមហ៊ុន​អាកាសចរណ៍​ពង្រីក​ការ​ហោះ​ហើរ​ត្រង់​ក្នុង​តំបន់​បន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​អន្តរ​ជាតិ​នេះ មាន​ការ​ចូល​រួម​ពី​ប្រតិភូ​ក្រសួង​ទេសចរណ៍​កម្ពុជា, ប្រតិ​ភូឡាវ​ ដឹក​នាំ​ដោយ ​លោកស្រី Suanesavanh Vignaket រដ្ឋ​មន្ត្រី​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍, ប្រតិភូ​មីយ៉ាន់ម៉ា​ ដឹក​នាំ​ដោយ ​លោក Htay Aung រដ្ឋ​មន្ត្រី​ក្រសួងសណ្ឋាគារ, ប្រតិភូ​ថៃ​ ដឹកនាំ​ដោយ​លោក Phiphat Ratchakitprakarn រដ្ឋ​មន្ត្រី​ទេសចរណ៍ និង​កីឡា និង​ប្រតិភូ​វៀតណាម​ ដឹក​នាំ​ដោយ លោក Doan Van Viet អនុ​រដ្ឋមន្ត្រី​វប្បធម៌ កីឡា និង​ទេសចរណ៍។

នៅ​ក្នុង​អង្គ​ប្រជុំ​ នាថ្ងៃទី៣ ខែវិច្ឆិកានេះ ប្រទេស​ទាំង៥ ​បាន​ឯក​ភាព​គ្នា​យ៉ាង​ពេញ​ទំហឹង ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ក្នុង​តំបន់​អេកម៉ិក (ACMECS-Intra Travelers) ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​តភ្ជាប់​ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូវ​ទឹក​បន្ថែម​ទៀត។ លើស​ពី​នេះ​ រួម​ទាំង​ការ​ជំរុញ​ទេសចរណ៍​ឱ្យ​មាន​ការ​បើក​បរ​ដោយ​ខ្លួនឯង និង​ការ​បន្ត​យុទ្ធនាការ “ប្រទេស​៥ គោល​ដៅ​តែ​មួយ” ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ក្រៅ​តំបន់ ​ភាព​ចាំ​បាច់​ក្នុង​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ទេសចរណ៍​អេកម៉ិក​ ព្រម​ទាំង ជំរុញ​ឱ្យ​មាន​ការ​តភ្ជាប់​ផលិត​ផល​ទេសចរណ៍ និង​ការ​ចូលរួម​ពី​វិស័យ​ឯកជន​នានា។

ជា​មួយ​គ្នា​នោះ រដ្ឋមន្ត្រី​ទេសចរណ៍​អេកម៉ិក​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ការ​ពង្រឹង​បន្ថែម នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ ចំណោម​ប្រទេស​សមាជិក​ ដើម្បី​ធានា​ថា​តំបន់​អេកម៉ិក​ នៅ​តែ​មាន​ភាព​ប្រកួត​ប្រជែង និង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​តែ​មួយ​ប្រកប​ដោយ​សុវត្ថិភាព និង​កក់ក្តៅ។ អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​រក្សា​បាន​នូវ​សុវត្ថិភាព អនាម័យ ភាពធន់ គួរ​បន្ថែម​នូវ​ការ​បញ្ជ្រាប​ការ​យល់ដឹង និង​ពង្រីក​ការ​អនុវត្ត​ក្នុង​សកម្មភាព​ទេសចរណ៍​ទាំងអស់។

រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ក្រុមប្រទេស​ទាំង៥ ​បាន​ឯកភាព​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ទេសចរណ៍ រួមមាន ទេសចរណ៍​សហគមន៍ អេកូ​ទេសចរណ៍ ទេសចរណ៍​ផ្សង​ព្រេង ព្រឹតិ្តការណ៍​កីឡា​ទេសចរណ៍ ទេសចរណ៍​សុខភាព ទេសចរណ៍​ម្ហូបអាហារ និង​ជំរុញ​នយោបាយ​ទេសចរណ៍​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ក្នុង​ទិសដៅ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ការ​អភិវឌ្ឍ​ផលិត​ផល​ និង​ធុរកិច្ច​ទេសចរណ៍ និង​បាន​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម (MSME) ឱ្យ​ក្លាយ​ជា​ឆ្អឹង​ខ្នង​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ធន់ និង​ការ​ទទួល​ខុស​ត្រូវ។

​លោក​រដ្ឋមន្ត្រី ថោង ខុន និង​រដ្ឋមន្ត្រីទេសចរណ៍​អេកម៉ិក​ដទៃ​​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរបទ​ពិសោធន៍​លើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ដូច​ជា កម្ម​វិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បី​បង្កើន​ផលិតភាព និង​ភាព​ប្រកួត​ប្រជែង។

គួរ​បញ្ជាក់​ថា អេកម៉ិក មានពាក្យពេញថា “យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ទន្លេចៅផ្រាយ៉ា-ទន្លេមេគង្គ” ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ៕

អត្ថបទ៖ ឌឿនចាន់ ថាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម